ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទាំងនេះ ក្រុមប្រតិបត្តិករទេសចរបានទទូចស្នើសុំឱ្យមានការចូលរួមសហការពីគ្រប់ភាគីពាក់ព័ន្ធដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ឡើងវិញ ពិសេសតាមរយៈការពង្រីកការលើកលែងទិដ្ឋាការទៅកាន់ទីផ្សារប្រទេសគោលដៅ និងមានសក្តានុពលដូចជាទីផ្សារអឺរ៉ុបជាដើម ព្រមទាំងបង្កើនការតភ្ជាប់ជើងហោះហើរត្រង់បន្ថែមជាមួយទីផ្សារគោលដៅទាំងនោះ ដើម្បីជំរុញការវិញត្រឡប់របស់ភ្ញៀវទេសចរមកពីតំបន់ឆ្ងាយៗចូលមកកម្ពុជា។
ទន្ទឹមនេះ កម្ពុជា ក៏ត្រូវបង្កើតផលិតផលទេសចណ៍ថ្មីៗឱ្យមានភាពសម្បូរបែប កែលម្អគុណភាពសេវាកម្ម និងកសាងទំនុកចិត្ត ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងផងដែរ។
លោក ប្រាយអិន ស៊ីណាក់ អោក អ្នកគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុនទេសចរណ៍ See Asia Differently បានវាយតម្លៃថា វិស័យទេសចរណ៍កម្ពុជា នៅក្នុងឆ្នាំ២០២៦ នេះ គឺមិនមានភាពល្អប្រសើរនោះទេ ហើយស្ថានភាពនេះនឹងអាចអូសបន្លាយរហូតដល់ចុងឆ្នាំ២០២៧ ទើបអាចមើលឃើញសញ្ញាវិជ្ជមានឡើងវិញ។
បើតាមអ្នកជំនាញរូបនេះ ដើម្បីស្តារវិស័យទេសចរណ៍ឱ្យងើបឡើងវិញ ទាមទារឱ្យកម្ពុជា ដាក់ចេញវិធានការលើកទឹកចិត្ត និងបង្កើតមាតិកាផ្សព្វផ្សាយឱ្យបានជាប់លាប់ដូចភ្លៀងរលឹម និងនាំយកអ្នកមានឥទ្ធិពលល្បីៗនៅលើពិភពលោកឱ្យជួយផ្សព្វផ្សាយពីកម្ពុជា ជាដើម។ ជាមួយគ្នានេះ ត្រូវបង្កើនការតភ្ជាប់ជើងហោះហើរត្រង់ ដើម្បីតភ្ជាប់ទំនាក់ទំនងទេសចរណ៍ឱ្យកាន់តែងាយស្រួល។ បន្ថែមលើនេះ ត្រូវពង្រីកផលិតផលទេសចរណ៍ឱ្យកាន់តែសម្បូរបែប ពង្រឹងគុណភាព សុវត្ថិភាព អនាម័យ និងបដិសណ្ឋារកិច្ចដើម្បីផ្តល់បទពិសោធដ៏ល្អឥតខ្ចោះជូនដល់ភ្ញៀវទេសចរ។
ជាមួយគ្នានេះ លោក ខេលី ច័ន្ទតារា នាយកគ្រប់គ្រងសណ្ឋាគារ រ៉ូយ៉ាល់ អង្គរ រីសត នៅខេត្តសៀមរាប យល់ឃើញថា ដើម្បីស្តារវិស័យទេសចរណ៍កម្ពុជា ឱ្យប្រសើរឡើងវិញ រាជរដ្ឋាភិបាល គួរបន្តបង្កើតព្រឹត្តិការណ៍ថ្មីៗបន្ថែមទៀត ដើម្បីទាក់ទាញ និងលើកស្ទួយវិស័យទេសចរណ៍ក្នុងស្រុកឱ្យកាន់តែមានសកម្មភាពរស់រវើកបន្ថែមទៀត។ ទន្ទឹមនេះលោកយល់ថា ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីតំបន់ឆ្ងាយៗចូលមកកម្ពុជាវិញ រាជរដ្ឋាភិបាល គួរតែសាកល្បងផ្តល់ការលើកលែងទិដ្ឋាការក្នុងរយៈពេលខ្លីប្រមាណ៣ទៅ៤ខែដល់ទីផ្សារគោលដៅដែលមានសក្ដានុពលខ្ពស់ដូចជាឥណ្ឌា អាម៉េរិក អូស្ត្រាលី និងបណ្តាប្រទេសមួយចំនួនទៀតនៅតំបន់អឺរ៉ុប។
ពាក់ព័ន្ធបញ្ហានេះដែរ ឯកឧត្តម សុខ វាសនា អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានបញ្ជាក់កាលពីពេលថ្មីៗថា បន្ទាប់ពីបានដាក់ឱ្យសាកល្បងនូវការលើកលែងទិដ្ឋាការចំពោះជនជាតិចិន រយៈពេល៤ខែ បច្ចុប្បន្នរាជរដ្ឋាភិបាល កំពុងពិចារណាលើកលែងទិដ្ឋាការដល់បណ្តាប្រទេសនៅតំបន់អ៊ឺរ៉ុប និងអាម៉េរិកបន្ថែមទៀត ដើម្បីបង្កើនការទាក់ទាញភ្ញៀវចូលមកកម្ពុជា។
សូមរំលឹកថា រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចលើកលែងទិដ្ឋាការសាកល្បងសម្រាប់ពលរដ្ឋចិន ដែលធ្វើដំណើរត្រង់ចេញពីប្រទេសចិន ដោយអនុញ្ញាតឱ្យស្នាក់នៅបានចំនួន១៤ថ្ងៃក្នុងរយៈពេល៤ខែ គិតចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦៕