
រដ្ឋមន្ត្រីក្រសួងការពារជាតិថៃលោក ណាត់ថាផុន ណាកផានីត (Natthaphon Narkphanit) បានព្រមានថា ប្រសិនបើកិច្ចប្រជុំ GBC និង JBC រវាងថៃ និងកម្ពុជាបរាជ័យ នោះការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរដែលគ្រោងធ្វើនៅចុងខែតុលា នេះ ទំនងជាមិនអាចទៅរួចនោះទេ។ ថ្លែងនៅវិមានរដ្ឋាភិបាលក្នុងទីក្រុងបាងកក លោក ណាត់ថាផុន បាននិយាយថា កិច្ចប្រជុំ GBC កម្ពុជា-ថៃ ជាការបន្តនៃការពិភាក្សាពីមុន រួមទាំងកិច្ចចរចា៤ភាគីនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី១៧ ខែតុលា។
លោកបានបន្ថែមថា ប្រទេសម៉ាឡេស៊ីបានស្នើឲ្យប្រទេសថៃចូលរួមកិច្ចប្រជុំនៅមុនកិច្ចប្រជុំកំពូលអាស៊ាននៅសប្តាហ៍ក្រោយ ដោយនាយករដ្ឋមន្ត្រីថៃនឹងចូលរួម។ លោកបានអះអាងថា ប្រសិនបើកិច្ចប្រជុំនេះទទួលបានជោគជ័យ វានឹងក្លាយជាជំហានវិជ្ជមានមួយក្នុងការឈានទៅសម្រេចកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរ។ តែយ៉ាងណាលោកបានព្រមានថា បើការចរចាបរាជ័យម្តងទៀត លោកនឹងមិនបើកកិច្ចប្រជុំទៀតនោះទេ។
លោកបានទទួលស្គាល់ថា ប្រសិនបើកម្ពុជាបរាជ័យក្នុងកិច្ចសហប្រតិបត្តិការលើលក្ខខណ្ឌ ដែលបានព្រមព្រៀងគ្នា នោះវាអាចធ្វើឱ្យប៉ះពាល់ដល់កិច្ចប្រជុំកំពូលអាស៊ាន។ ហើយក៏ព្រមានទៀតថា ប្រសិនបើភាគីកម្ពុជាមិនព្រមសហការទេ អ្វីដែលកើតឡើងនឹងកើតឡើង ដែលទំនងជាចង់សំដៅការប្រើប្រាស់ច្បាប់ព្រៃដាក់ពលរដ្ឋកម្ពុជានៅភូមិព្រៃចាន់ និងភូមិជោគជ័យ ឬការប៉ះទង្គិចគ្នាជាថ្មី។ លោកបានរំលឹកឡើងវិញថា ប្រសិនបើកិច្ចប្រជុំបរាជ័យម្តងទៀត ការចុះហត្ថលេខាសន្តិភាពដែលរំពឹងទុកនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានទំនងជានឹងមិនកើតឡើងនោះទេ ហើយលោកនឹងមិនខ្ជះខ្ជាយលុយលើការប្រជុំផ្សេងទៀតនោះដែរ៕
ដោយៈ សរ សុជាតិ