រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ

រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ៖ប្រទេសថៃនឹងគ្មានការគំរាមកំហែងពីបញ្ហាកង្វះខាតស្បៀងអាហារនោះទេ


ទោះបីជាសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនបណ្តាលឲ្យប្រទេសជាច្រើនព្រួយបារម្ភអំពីសន្តិសុខស្បៀងអាហារ ហើយព្រមទាំងហាមឃាត់ការនាំចេញនានា ដើម្បីធានាការផ្គត់ផ្គង់ក្នុងស្រុកក៏ដោយ ប៉ុន្តែរដ្ឋាភិបាលនិងក្រុមអ្នកជំនួញថៃឯណោះវិញអះអាងថា ប្រទេសថៃមិនមានការគំរាមកំហែង នៃការខ្វះខាតការផ្គត់ផ្គង់ស្បៀងអាហារនោះទេ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន Bangkok Post។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃ៖ប្រទេសថៃនឹងគ្មានការគំរាមកំហែងពីបញ្ហាកង្វះខាតស្បៀងអាហារនោះទេ

រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម លោក ជូ​រិ​ន ឡាក​សា​ណា​វី​សិត (Jurin Laksanawisit) បាន​និយាយ​នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​ពាណិជ្ជកម្ម​មួយ​ថា ប្រទេស​ថៃ​មានការ​ផ្គត់ផ្គង់​អាហារ​យ៉ាង​បរិបូ​ណ៍​។ លោក​បាន​បន្ត​ទៀត​ថា ពេលវេលា​បាន​កំពុង​ផ្តល់​នូវ​ឱកាស​ដ៏​ល្អ​មួយ ដើម្បី​បង្ហាញ​ពិភពលោក​ថា ប្រទេស​ថៃ​គឺជា​មជ្ឈមណ្ឌល​នៃ​ផលិតផល​កសិកម្ម និង​ម្ហូបអាហារ​ប្រកបដោយ​គុណភាព ដែល​ការណ៍​នេះ​វា​នឹង​ជួយ​បង្កើន​ការ​នាំ​ចេញ​អាហារ​ពី​ប្រទេស​ថៃ​បាន​មួយ​ថែម​ទៀត​។

លោក Jurin បាន​និយាយ​ថា ក្រសួងពាណិជ្ជកម្ម​បាន​កំពុង​រក្សា​ការ​ឃ្លាំមើល​យ៉ាង​ដិត​ដល់ ទៅ​លើ​ស្តុក​អាហារ​សំខាន់​ៗ​ក្នុងស្រុក ដើម្បី​ធានា​បាន​នូវ​បរិមាណ​គ្រប់គ្រាន់​។ ក្រសួង​ក៏​មាន​គម្រោង​ជំរុញ​ការ​នាំ​ចេញ​មុខទំនិញ​ដែល​លើស​តម្រូវការ​ក្នុងស្រុក​ផង​ដែរ​។

លោក​បន្ត​ទៀត​ថា ជា​ពិសេស ឧស្សាហកម្ម​ម្ហូបអាហារ និង​ភេសជ្ជៈ​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​សេដ្ឋកិច្ច​ថៃ​។ ប្រទេស​ថៃ​គឺជា​ប្រទេស​នាំ​ចេញ​អាហារ​ធំ​ជាងគេ​ទី ១៣ ទៅ​កាន់​ពិភពលោក​ជាមួយនឹង​ចំណែក​ទីផ្សារ ២,៣% នៃ​ពិភពលោក​សរុប និង​ជា​ប្រទេស​ធំ​ជាងគេ​ទី ៤ នៅ​ក្នុង​តំបន់​អាស៊ី​។

បើ​ទោះបីជា ជំងឺ​រាតត្បាត​សកល (Covid-19) ធ្វើ​ឲ្យ​មាន​ឧបសគ្គ​រារាំង​ដល់​ដំណើរការ​ពាណិជ្ជកម្ម​អន្តរជាតិ​យ៉ាងណា​ក៏​ដោយ ក៏​ការ​នាំ​ចេញ​ផ្នែក​ម្ហូបអាហារ និង​ភេសជ្ជៈ​របស់​ប្រទេស​ថៃ​មាន​តម្លៃ​ដល់​ទៅ​៨​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​ត្រីមាស​ទី​មួយ​នៃ​ឆ្នាំ ២០២២ កើនឡើង​ជិត​៣០% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

លោក ប្រា​ស៊ី​ត (Prasit Boondoungprasert) នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ចំណីអាហារ CPF(Charoen Pokphand Foods) បាន​និយាយ​ថា ការ​ហាមឃាត់​ការ​នាំ​ចេញ​អាហារ​ទៅ​ក្រៅប្រទេស ទំនងជា​មិន​អាន​កើត​មាននៅ​ក្នុង​ប្រទេស​ថៃ​បាន​ទេ ដោយសារ​ប្រទេស​ថៃ​មាន​អាហារ​លើសលប់​សម្រាប់​ផ្គត់ផ្គង់​ទីផ្សារ​ក្នុងស្រុក ដូចនេះ​ការ​នាំ​ចេញ វា​គ្មាន​បញ្ហា​នោះ​ឡើយ​។

លោក​បាន​បន្ត​ថា រយៈពេល​នេះ​គឺជា​ឱកាស​ដ៏​ល្អ​មួយ សម្រាប់​ប្រទេស​ថៃ ដើម្បី​ជំរុញ​ម៉ាក​យីហោ​អាហារ​របស់​ខ្លួន​ទៅ​កាន់​ទីផ្សារ​ពិភពលោក​ឲ្យ​គេ​បាន​ស្គាល់​។

យោង​តាម​នាយក​ក្រុមហ៊ុន​ចី​ណី​អាហារ​ខាងលើ​ថា បន្ទាប់​ពី​រដ្ឋាភិបាល​ម៉ា​ឡេ​ស៊ី​បាន​ហាមឃាត់​ការ​នាំ​ចេញ​សាច់​មាន់​កាលពី​ថ្ងៃ​ទី ២៤ ខែឧសភា​កន្លង​ទៅ វា​គឺជា​ឱកាស​សម្រាប់​ក្រុមហ៊ុន CP ដែល​បាន​ត្រៀមខ្លួន​ជា​ស្រេច​ក្នុង​ការ​នាំ​ចេញ​ផលិតផល​សាច់​មាន់ ព្រោះតែ​ផលិតកម្ម​សាច់​មាន់ ដែល​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​ថៃ​លើស​តម្រូវ​ការប្រមាណ ៦០% ទៅ​៧០% ឯណោះ​។

លោក វី​ស៊ី​ត លី​ម​លួ​ឆា (Visit Limlurcha) ប្រធានកិត្តិយស​នៃ​សមាគម​អ្នក​កែ​ច្នៃ​ចំណីអាហារ​ថៃ​បាន​និយាយ​ថា ប្រទេស​ថៃ​មិន​មានការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ម្ហូបអាហារ​នោះ ទោះបីជា​តម្លៃ​អាហារ​មួយ​ចំនួន​បាន​ឡើងថ្លៃ​ដោយសារ​តម្លៃ​វត្ថុធាតុដើម​ខ្ពស់​ក៏​ដោយ​។

លោក វី​ស៊ី​ត បាន​ប្រាប់​ថា "​ជាមួយនឹង​ជំងឺ​រាតត្បាត និង​សង្គ្រាម​រុ​ស្ស៊ី​-​អ៊ុយ​ក្រែ​ន ដែល​បណ្តាល​ឱ្យ​មានការ​កើនឡើង​នៃ​តម្រូវការ​ស្បៀងអាហារ​នៅ​ទូ​ទាំង​ពិភពលោក​នោះ យើង​គួរតែ​ឆ្លៀត​យក​ឱកាស​នេះ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ឲ្យ​បាន​កាន់តែ​ច្រើន​"​។

គួរ​រំលឹក​ថា ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ប្រទេស​នៅ​អាស៊ី​ជា​ច្រើន​បាន​ទប់ស្កាត់​ការ​នាំ​ចេញ​ទំនិញ​កសិកម្ម​របស់​ពួក​គេ ដើម្បី​ការពារ​ការ​ឡើងថ្លៃ​តម្លៃ​ក្នុងស្រុក​។ តួយ៉ាង ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​ហាមប្រាម​ការ​នាំ​ចេញ​ឧស្សាហកម្ម​សាច់សត្វ​របស់​ខ្លួន ខណៈ​ដែល​ប្រទេស​ឥណ្ឌា​បាន​រឹត​បន្តឹង​ការ​នាំ​ចេញ​ស្ករស​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ប្រាំមួយ​ឆ្នាំ ដើម្បី​ការពារ​ការ​កើនឡើង​នៃ​តម្លៃ​ក្នុងស្រុក បន្ទាប់​ពី​ទើបតែ​បាន​ហាមឃាត់​ការ​នាំ​ចេញ​ស្រូវ​សាលី​រួច​។ និន្នាការ​នេះ ក៏​ត្រូវ​បាន​អ្នកជំនាញ​មើលឃើញ​ថា វា​អាច​នឹង​ធ្វើ​ឲ្យ​បញ្ហា​កង្វះខាត​ស្បៀងអាហារ និង​អាច​កើត​មាន​កាន់តែ​ខ្លាំង​ថែម​ទៀត​នៅ​ទូ​ទាំង​ពិភពលោក​ប្រសិនបើ​ប្រទេស​កាន់តែ​ច្រើន​ប្រកាន់​យក​វិធានការ​គាំពារ​និយម​បែប​នេះ ហើយ​វា​អាច​នឹង​រុញច្រាន​ឲ្យ​មាន​សង្គ្រាម​ពាណិជ្ជកម្ម​កើត​មាននៅ​ពាសពេញ​ពិភពលោក​ផង​ដែរ​៕

អត្ថបទ​: ហ៊ុន គន្ធ​ថៃ

None



អត្ថបទបន្ទាប់


មេដឹកនាំសិង្ហបុរីព្រមាន អំពីការប្រណាំងប្រជែងអាវុធនុយក្លេអ៊ែរនៅអាស៊ី

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី ស៊ាន ឡុង (Lee Hsien Loong) នៅថ្ងៃទី ២៦ឧសភានេះបានព្រមានចំៗឱ្យមានការប្រុងប្រយ័ត្នអំពី «ការប្រណាំងប្រជែងអាវុ…

រុស្ស៊ីដាក់លក្ខខណ្ឌឲ្យដកទណ្ឌកម្មពីខ្លួនសិន ទើបបើកកំពង់ផែឲ្យនាំស្បៀងចេញពីអ៊ុយក្រែន

ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax បានដកស្រង់សំដីអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko ដែលបាននិយាយកាលពីថ្ងៃពុធថា ប្រទេសរុស្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ