
ការស្ទង់មតិរបស់មជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យថៃ បានបង្ហាញថា សកម្មភាពទិញលក់ខុនដូនៅក្នុងប្រទេសថៃ កាលពីឆ្នាំ២០២៤ បានបង្ហាញពីទំនោរធ្លាក់ចុះ បើទោះបីជាការផ្ទេរសិទ្ធិកាន់កាប់ខុនដូមានការកើនឡើងបន្តិចក៏ដោយចុះ។ ការផ្ទេរសិទ្ធិកាន់កាប់ខុនដូនៅក្នុងប្រទេសថៃ កាលពីឆ្នាំមុន មានចំនួន១ម៉ឺន៤ពាន់យូនីត មានការកើនឡើងតិចតួចប្រមាណជិត១% ប៉ុន្តែតម្លៃប្រតិបត្តិការទិញលក់សរុបបានធ្លាក់ចុះប្រមាណ៦,៨% មកនៅត្រឹមជិត២ពាន់លានដុល្លារ។ ទន្ទឹមនឹងទំហំប្រតិបត្តិការទិញលក់ខុនដូមានការធ្លាក់ចុះ តម្លៃខុនដូនៅថៃ ក៏មានការធ្លាក់ចុះផងដែរ ដោយធ្លាក់ពីជិត១៥ម៉ឺនដុល្លារ កាលពីឆ្នាំ២០២៣ មកនៅត្រឹមជិត១៤ម៉ឺនដុល្លារ ក្នុងមួយយូនីត កាលពីឆ្នាំ២០២៤។
បើតាមទិន្នន័យរបស់មជ្ឈមណ្ឌលខាងលើ ជនជាតិមីយ៉ាន់ម៉ា និងចិនតៃវ៉ាន់ បានក្លាយជាអតិថិជនកំពូល ដែលបានទិញខុនដូនៅប្រទេសថៃ ច្រើនជាងគេ កាលពីឆ្នាំ២០២៤ ខណៈសន្ទុះនៃការទិញរបស់ជនជាតិ ចិនដីគោក និងរុស្ស៊ី ហាក់មានការថយចុះ។ ទិន្នន័យបានបង្ហាញថា ចំនួនខុនដូដែលបានទិញដោយជនជាតិ ចិន បានធ្លាក់ចុះប្រមាណ១៤,៣% មកនៅត្រឹមជាង៥ពាន់៦រយយូនីត ខណៈទំហំនៃការទិញមានការធ្លាក់ចុះ២២,២%។ ការធ្លាក់ចុះបរិមាណទិញខុនដូរបស់ជនជាតិ ចិន នេះ អាចដោយសារការធ្លាក់ចុះសេដ្ឋកិច្ចរបស់ប្រទេសចិន និងភាពមិនច្បាស់លាស់នៃភូមិសាស្ត្រនយោបាយ ដែលប៉ះពាល់ដល់ការសម្រេចចិត្តរបស់វិនិយោគិនចិន។
ស្ថិតិបានបង្ហាញថា ការទិញខុនដូរបស់ជនជាតិមីយ៉ាន់ម៉ា បានកើនឡើងរហូតដល់ទៅ១៤៦% ពោលគឺកើនឡើងដល់ជិត១ពាន់៤រយយូនីត រីឯតម្លៃទឹកប្រាក់បានកើនឡើងជិត៩០%។ ចំណែកការទិញខុនដូរបស់ជនជាតិ ចិនតៃវ៉ាន់ ដែលទទួលបានការលើកលែងទិដ្ឋាការពីរដ្ឋាភិបាលថៃ មានការកើនឡើង៥៧% ជាមួយបរិមាណយូនីត៨០០យូនីត ជាមួយតម្លៃប្រតិបត្តិការកើនឡើងជិត៤៨%។
សម្រាប់ឆ្នាំ២០២៥ នេះវិញ ទីផ្សារខុនដូបរទេសរបស់ប្រទេសថៃ ត្រូវបានគេរំពឹងថា នឹងនៅតែមានស្ថិរភាពជាមួយកំណើនតិចតួចប្រមាណ១%។ អ្នកទិញជនជាតិចិន មីយ៉ាន់ម៉ា រុស្ស៊ី និងតៃវ៉ាន ទំនងជានឹងបន្តនាំមុខសម្រាប់ទីផ្សារទិញខុនដូនៅប្រទេសថៃ។ ទោះជាយ៉ាងណា ភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយវានឹងធ្វើឱ្យប៉ះពាល់ការសម្រេចចិត្តរបស់វិនិយោគិនចិន និងរុស្ស៊ី ក្នុងការទិញខុនដូនៅថៃ៕
ដោយៈ សរ សុជាតិ