វិស័យទេសចរណ៍

សេដ្ឋកិច្ចថៃ កំពុងដាំក្បាលចុះ ខណៈភ្ញៀវទេសចរបរទេស និងតម្រូវការប្រើប្រាស់ធ្លាក់ចុះខ្លាំង


សេដ្ឋកិច្ចរបស់ប្រទេសថៃ អំឡុងខែឧសភា បានបង្ហាញលទ្ធផលចម្រុះ ខណៈការនាំចេញរបស់ថៃ បានកើនឡើង១១ខែជាប់ៗគ្នា តែវិស័យសំខាន់ៗផ្សេងទៀតរបស់ប្រទេសនេះបានជួបការលំបាកច្រើន។ តួយ៉ាងចំនួនភ្ញៀវទេសចរបរទេសបានធ្លាក់ចុះរហូតដល់ទៅ១៣,៩% ហើយតម្រូវការប្រើប្រាស់ក្នុងស្រុកបានធ្លាក់ចុះ ដែលធ្វើឱ្យរដ្ឋាភិបាលថៃ ពិនិត្យតាមដានហានិភ័យនានាយ៉ាងយកចិត្តទុកដាក់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត The Nation។
វិស័យទេសចរណ៍
ដោយ

ការនាំចេញសរុបរបស់ប្រទេសថៃ ក្នុងខែឧសភា បានឈានដល់ជាង៣១ពាន់លានដុល្លារអាម៉េរិក កើនឡើង១៨,៤% ដែលជាកំណើនខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីខែមីនា ឆ្នាំ២០២២ មក ដោយសារមានតម្រូវការខ្លាំងពីទីផ្សារសំខាន់ៗរួមមាន សហរដ្ឋអាម៉េរិក មហាយក្សចិន និងឥណ្ឌា ហើយមុខទំនិញនាំចេញសំខាន់ៗ រួមមាន ផ្លែឈើកែច្នៃ គ្រឿងសមុទ្រ និងដំឡូងមី។

ទោះជាយ៉ាងណាការនាំចេញអង្ករ ជ័រកៅស៊ូ និងឧបករណ៍ទូរគមនាគមន៍បានធ្លាក់ចុះ ហើយជាការកត់សម្គាល់ ពាណិជ្ជកម្មជាមួយប្រទេសជប៉ុន និងប្រទេសចំនួន៥ផ្សេងទៀតក្នុងតំបន់អាស៊ាន ក៏ធ្លាក់ចុះផងដែរ។

នៅខែឧសភា ឆ្នាំ២០២៥ ចំនួនភ្ញៀវទេសចរបរទេសដែលមកលេងនៅប្រទេសថៃ បានធ្លាក់ចុះ១៣,៩% មកនៅត្រឹម២,២លាននាក់ បើធៀបនឹងឆ្នាំមុនដោយសារភាពតានតឹងនៅក្នុងតំបន់។ ទន្ទឹមនេះដែរ ភ្ញៀវទេសចរក្នុងស្រុកបានកើនឡើងបន្តិចជាង១,៩% ឈានដល់២២,៩លាននាក់​។

ការចំណាយរបស់អតិថិជនជាអ្នកប្រើប្រាស់បានធ្លាក់ចុះ តួយ៉ាងការលក់ម៉ូតូបានធ្លាក់ចុះ១,២% ហើយទំនុកចិត្តរបស់អ្នកប្រើប្រាស់បានធ្លាក់ចុះខ្លាំងមកនៅត្រឹម៥៤,២% បើធៀបនឹង៥៥,៤%ក្នុងខែមេសា ហើយប្រាក់ចំណូលពិតប្រាកដពីកសិដ្ឋាន ក៏បានធ្លាក់ចុះ៤,៧% ផងដែរ​។

ការវិនិយោគឯកជនភាគច្រើននៅទ្រឹង ហើយការនាំចូលគ្រឿងចក្របានកើនឡើងយ៉ាងខ្លាំងក្នុងទំហំ៣៦,២% ប៉ុន្តែការលក់រថយន្តពាណិជ្ជកម្ម រួមមាន រថយន្តទេសចរណ៍ និងរថយន្តដឹកទំនិញជាដើមបានធ្លាក់ចុះ១០,៩% ដែលបង្ហាញពីការធ្លាក់ចុះទំនុកចិត្តរបស់អាជីវកម្ម។ ផលិតកម្មកសិកម្មបានកើនឡើង៤,៣% បើធៀបនឹងឆ្នាំមុន ដោយអង្ករ និងជ័រកៅស៊ូ បានឈានមុខគេ ប៉ុន្តែផលិតកម្មដំឡូងមី និងដូងប្រេងបានធ្លាក់ចុះ។

ទំនុកចិត្តក្នុងវិស័យឧស្សាហកម្មបានធ្លាក់ចុះ ដោយសន្ទស្សន៍ទំនុកចិត្តក្នុងវិស័យឧស្សាហកម្មបានបង្ហាញពីការធ្លាក់ចុះមកនៅត្រឹម៨៨,១% ប៉ុន្តែសន្ទស្សន៍អ្នកគ្រប់គ្រងការបញ្ជាទិញ (PMI) សម្រាប់ប្រទេសថៃ បានកើនឡើងពី៤៩,៥% ក្នុងខែមេសា ឈានដល់៥១,២% ក្នុងខែឧសភា ដោយបង្ហាញពីក្ដីសង្ឃឹមក្នុងការនាំចេញក្នុងវិស័យផលិតកម្ម។

ទិន្នន័យបង្ហាញថា អតិផរណានៅតែទាបក្នុងរង្វង់០,៥៧% ដែលបង្ហាញពីអប្បផរណាកម្រិតស្រាល ខណៈដែលអតិផរណាស្នូល គឺស្ថិតក្នុងរង្វង់ជាង១%។ ហើយបំណុលសាធារណៈរបស់ប្រទេសថៃ ពេលនេះ មានទំហំស្មើនឹង៦៤,៨%នៃផលិតផលក្នុងស្រុកសរុប (GDP) ដែលស្ថិតក្នុងដែនកំណត់នៃច្បាប់។

ទិន្នន័យបង្ហាញទៀតថា ទុនបម្រុងអន្តរជាតិ របស់ប្រទេសថៃ នៅតែរឹងមាំក្នុងទំហំជាង២៥៧ពាន់លានដុល្លារអាម៉េរិក ដែលអាចជួយគាំទ្រដល់ស្ថិរភាពសេដ្ឋកិច្ចបាន បើទោះបីជាមានភាពមិនប្រាកដប្រជាជាសកលក៏ដោយ៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


កៅអីនាយករដ្ឋមន្ត្រីថៃ កាន់តែរំជើបរំជួល ក្រោយផ្ទុះបាតុកម្មទាមទារឱ្យលោកស្រី ផៃថងថាន ចុះចេញពីតំណែងពេញផ្ទៃប្រទេស

ក្រោយស្ងប់ស្ងាត់អស់រយៈពេលមួយទសវត្សរ៍ក្នុងអំឡុងពេលប្រទេសថៃ ស្ថិតក្រោមការគ្រប់គ្រងរបស់របបយោធា ពេលនេះប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីរនៅក្នុ…

ធនាគារ ហត្ថា ទទួលបានការដាក់បញ្ចូលដើមទុនបន្ថែម ៨០ លាន ដុល្លារអាមេរិក នាំឱ្យដើមទុនសរុបកើនឡើងដល់ ២២០ លានដុល្លារអាមេរិក

ធនាគារ ហត្ថា ដែលជាសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG (Mitsubishi UFJ Financial Group) បានបន្ថែមដើមទុនថ្មីចំនួន ៨០លាន ដុល្លារអាមេរិក ដែ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ