
ក្រោយមានទាមទារឱ្យមានការរំលាយសភាពីគណបក្សប្រជាជនថៃ ដែលជាគណបក្សមានសំឡេងភាគច្រើននៅក្នុងសភា នាយករដ្ឋមន្ត្រីស្តីទីរបស់ថៃ លោក ភុមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) បានចេញមកបញ្ជាក់នៅថ្ងៃអង្គារ ទី២ ខែកញ្ញា ថា លោកនឹងមិនរំលាយសភានោះឡើយ ព្រោះវាមិនមែនជាមធ្យោបាយក្នុងការដោះស្រាយវិបត្តិនយោបាយនៅក្នុងប្រទេសថៃ។
ទន្ទឹមនេះគណបក្សប្រជាជនថៃ បានជំរុញឱ្យសមាជិករបស់ខ្លួនបញ្ចេញទស្សនៈយល់ឃើញរបស់ខ្លួន ខណៈដែលក្រុមសមាជិកសភាថៃ ពិចារណាគាំទ្រគណបក្សភឿថៃ ដែលជាបក្សកាន់អំណាច ឬនាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភុមថាម វីឆាយ៉ាឆៃ នៅក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោយតុលាការធម្មនុញ្ញថៃ សម្រេចដកតំណែងនាយករដ្ឋមន្ត្រី ផែថងថាន។
គណបក្សប្រជាជនថៃ (PPLE) ពេលនេះកំពុងប្រឹងប្រែងអូសទាញឱ្យសមាជិករបស់ខ្លួនចូលរួមតាមរយៈការឱ្យពួកគេបញ្ចេញមតិយល់ឃើញជុំវិញការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បន្ទាប់ពីការប្រជុំសមាជិកសភាមកពីគណបក្សនេះកាលពីថ្ងៃទី១ ខែកញ្ញា មិនបានឈានដល់ការសម្រេចថា តើគួរគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សភឿថៃ ឬមួយក៏គាំទ្រលោក ភុមថាម វីឆាយ៉ាឆៃ។
លោក ឈុតទីភុង ពីប៉ុបពីនយ៉ូ (Chutiphong Pipoppinyo) សមាជិកសភាមកពីគណបក្សប្រជាជនថៃ ប្រចាំខេត្តរ៉ាក់យ៉ង បានសរសេរបង្ហោះលើគណនីហ្វេសប៊ុកនៅថ្ងៃអង្គារ ទី២ ខែកញ្ញា ថា បណ្ដាសមាជិកគណបក្សប្រជាជនថៃ នឹងទទួលបានសារ SMS ដែលមានការស្ទង់មតិសាកសួរថា តើគណបក្សប្រជាជនថៃ គួរបោះឆ្នោតគាំទ្របេក្ខភាពរូបណាជានាយករដ្ឋមន្ត្រីថ្មី។
ក្រោយមកបន្តិចនៅរសៀលថ្ងៃអង្គារ ទី២ ខែកញ្ញា ដដែល មេបញ្ជាការភូមិភាគ២របស់ថៃ គឺឧត្តមសេនីយ៍ឯក ប៊ុនស៊ីន ផាត់ខ្លាង (Boonsin Padklang) បានចេញមកបញ្ជាក់ជាថ្មីថា យោធាថៃ នឹងមិនធ្វើរដ្ឋប្រហារនោះឡើយ ពោលគឺនឹងទុកឱ្យអ្វីៗដំណើរការទៅតាមយន្តការ ហើយថា លោក ក៏នឹងមិនចូលប្រឡូកលើឆាកនយោបាយនោះដែរ ក្រោយពីលោកចូលនិវត្តន៍នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ដ៏ខ្លីខាងមុខនេះ។
លោក ប៊ុនស៊ីន ផាត់ខ្លាង បានលើកឡើងបែបនេះអំឡុងពេលធ្វើបាឋកថាទៅកាន់ក្រុមនិស្សិតឆ្នាំទីនៅសកលវិទ្យាល័យធម្មសាត (Thammasat University) ក្នុងទីក្រុងបាងកក នៅថ្ងៃអង្គារ សប្តាហ៍នេះ។ ជាការកត់សម្គាល់ មេភូមិភាគ២ ប៊ុនស៊ីន ផាត់ខ្លាង បានលើកឡើងថា នេះគឺជាដំណាក់កាលនៃការកែសម្រួលកងកម្លាំង ការពង្រឹងសន្តិសុខ និងការចរចា ដូច្នេះហើយទើបលោកឆ្លៀតឱកាសជួបសំណេះសំណាលជាមួយក្រុមនិស្សិត ដើម្បីជួយពញ្ញាក់ស្មារតីប្រជាជនថៃ ឱ្យចេះស្រលាញ់គ្នា និងចេះសាមគ្គីគ្នាជាធ្លុងមួយ៕
ដោយ: តែម សុខុម