ពលរដ្ឋថៃ កាន់តែមានការប្រុងប្រយ័ត្នក្នុងការចំណាយលើផលិតផល និងសេវាកម្មនានា។ ការសិក្សាមួយដែលធ្វើឡើងដោយមជ្ឈមណ្ឌល ASEAN Consumer Sentiment Study សហការជាមួយក្រុមហ៊ុន Boston Consulting Group បានបង្ហាញថា បច្ចុប្បន្នអាទិភាពនៃការចំណាយខ្ពស់បំផុតរបស់ពលរដ្ឋថៃ គឺលើសុខភាព និងការអប់រំ ដោយឡែកការចំណាយលើរបស់ប្រណីតៗ និងការធ្វើដំណើរកម្សាន្តបន្តធ្លាក់ចុះ។
ការសិក្សាបានបង្ហាញថា ៤៤%នៃអ្នកចូលរួមឆ្លើយសំណួរបានបង្កើនការចំណាយលើការថែទាំសុខភាព និងសុខុមាលភាពទូទៅ និងលើការអប់រំ ខណៈការចំណាយលើទំនិញប្រណីតៗ និងការធ្វើដំណើរមានការរឹតត្បិតខ្លាំង។ ស្ថានភាពនេះបានឆ្លុះបញ្ចាំងពីការប្រុងប្រយ័ត្នកាន់តែខ្លាំងឡើងលើស្ថិរភាពហិរញ្ញវត្ថុរយៈពេលវែង និងការធ្វើផែនការចូលនិវត្តន៍របស់ពលរដ្ឋថៃ។
មកទល់ពេលនេះជាងពាក់កណ្តាលនៃអ្នកដែលជាក្រុមគោលដៅស្រាវជ្រាវរំពឹងថា ពួកគេអាចនឹងចូលនិវត្តន៍បន្ទាប់ពីអាយុ៦០ឆ្នាំ និងមានគោលបំណងសន្សំលុយមួយចំនួនទុក។ និន្នាការនេះបង្ហាញពីសម្ពាធជាបន្តបន្ទាប់ពីការកើនឡើងនៃការចំណាយលើការរស់នៅ និងការផ្លាស់ប្តូររចនាសម្ព័ន្ធលើកិច្ចការអាទិភាពក្នុងគ្រួសារ ខណៈជនជាតិថៃ កាន់តែឱ្យតម្លៃខ្ពស់លើសុខភាព និងការវិនិយោគផ្ទាល់ខ្លួនជាជាងការប្រើប្រាស់រយៈពេលខ្លី៕
ដោយៈ សរ សុជាតិ