ពលរដ្ឋថៃ

​ពលរដ្ឋថៃ កាន់តែច្រើនធុញទ្រាន់នឹងការដឹកនាំរបស់លោក អានុទីន ដោយរអ៊ូរទាំថា ដឹកនាំ៤ខែដូច៤ឆ្នាំ


បញ្ហាប្រឈម និងរឿងអាស្រូវធំៗជាច្រើនបានកើតឡើងជារៀងរាល់ថ្ងៃនៅទូទាំងប្រទេសថៃ ដោយគ្មានលស់ថ្ងៃណាឡើយ ដែលនេះកំពុងក្លាយជាវិបត្តិដ៏ធ្ងន់ធ្ងរបំផុតគំរាមកំហែងដល់ស្ថិរភាព និងអត្ថិភាពនៃរដ្ឋាភិបាលលោក អានុទីន ឆានវីរៈគុល។ ការអសមត្ថភាពក្នុងការដោះស្រាយវិបត្តិសង្គម និងសេដ្ឋកិច្ចបានធ្វើឱ្យប្រជាជនថៃ កើតចិត្តធុញទ្រាន់ និងរងទុក្ខវេទនាយ៉ាងខ្លាំងរហូតនាំគ្នាលាន់មាត់រអ៊ូថា រដ្ឋាភិបាលមួយនេះទើបតែឡើងកាន់អំណាចបានប្រមាណ៤ខែសោះ តែបង្កើតការឈឺចាប់ និងភាពវឹកវរឱ្យប្រជាជនដូចជាបានដឹកនាំប្រទេសអស់រយៈពេល៤ឆ្នាំទៅហើយ។
ពលរដ្ឋថៃ
ដោយ

សារព័ត៌មាន Matichon របស់ថៃ បានរាយការណ៍នៅថ្ងៃទី៣០ ខែសីហា ថា ក្នុងរយៈពេលត្រឹមតែជាង៤ខែកន្លងមកនេះ រដ្ឋាភិបាលលោក អានុទីន បានប្រឈមមុខនឹងអាស្រូវជាបន្តបន្ទាប់។ ចាប់តាំងពីថ្ងៃដំបូងនៃការឡើងកាន់អំណាច វិបត្តិតម្លៃថាមពលបានហក់ឡើងយ៉ាងគំហុក ដោយសាររដ្ឋាភិបាលអសមត្ថភាពក្នុងការគ្រប់គ្រង ថែមទាំងរងការចោទប្រកាន់ថា បានគប់គិតគ្នាដំឡើងថ្លៃប្រេងឥន្ធនៈខ្ពស់កប់ពពក ដើម្បីបើកដៃឱ្យបក្សពួកខ្លួនលួចបញ្ចេញស្តុកប្រេងខុសច្បាប់លក់យកចំណេញកប់ក្តោង ដែលក្រុមអ្នកតាមដានស្ថានការណ៍សង្គមបានហៅថា មហាកម្មវិធីពុករលួយស្តុកប្រេង ហើយគេដឹងស្ទើរគ្រប់គ្នាថា មេខ្លោងធំនៅក្នុងរឿងនេះ គឺលោក ភិផាត់ រ៉ាតចៈគិតប្រាកាន (Pipat Ratchakitprakarn) ឧបនាយករដ្ឋមន្ត្រីថៃ។
មិនទាន់ផុតរឿងអាស្រូវប្រេងផង រឿងអាស្រូវពុករលួយដ៏ធំមួយទៀតបានផ្ទុះឡើងពាក់ព័ន្ធនឹងការបន្លំដូរឈ្មោះក្នុងការប្រឡងជ្រើសរើសមន្ត្រីរាជការមូលដ្ឋាន ដែលមានទំហំទឹកប្រាក់រាប់រយលានដុល្លារ រហូតឈានដល់ការបណ្តេញជនខិលខូចរាប់ពាន់នាក់ចេញពីតំណែង និងបញ្ជូនអនុវត្តតាមនីតិវិធីច្បាប់។ មហាជនថៃរឹតតែហួសចិត្តខ្លាំងនោះ គឺអំពើពុករលួយនេះបានជះឥទ្ធិពលអាក្រក់ដោយផ្ទាល់ទៅលើថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សភូមចៃថៃ រួមទាំងលោក អានុទីន ខ្លួនឯង ដែលជាប្រធានបក្ស និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដែលជាអ្នកគ្រប់គ្រងកម្មវិធីប្រឡងនេះដោយផ្ទាល់។

បន្ថែមលើនេះរដ្ឋាភិបាលថៃបច្ចុប្បន្នកំពុងបណ្តោយឱ្យក្រុមនាយទុនងងឹតចិនបង្កភាពវឹកវរពេញទីក្រុង ពាក់ព័ន្ធរឿងអាស្រូវជនជាតិថៃឈរឈ្មោះធ្វើជាអាណាព្យាបាលក្លែងក្លាយឱ្យជនបរទេស ការទិញ-លក់សញ្ជាតិថៃខុសច្បាប់ តម្លៃកសិផលធ្លាក់ចុះគ្មានទីផ្សារនាំចេញ ដោយសារជម្លោះព្រំដែនជាមួយកម្ពុជា និងបញ្ហាមហាវឹកវរនៃគ្រឿងញៀន ដែលធ្វើឱ្យថៃអាសោចឈ្មោះនៅលើឆាកអន្តរជាតិ។ បញ្ហាទាំងអស់នេះបានធ្វើឱ្យពលរដ្ឋថៃទូទាំងប្រទេសក្រវីក្បាល និងលាន់មាត់ថា កាន់អំណាចទើបតែ៤ខែសោះ តែបង្កើតរឿងអាស្រូវអាក្រក់ៗច្រើនរាប់មិនអស់។

ក្រៅពីបញ្ហាខាងលើ ការខ្វះសមត្ថភាពក្នុងការសម្របសម្រួល និងដោះស្រាយបញ្ហាការបំបែកខ្លួននៅខេត្តភាគខាងត្បូង ដែលបណ្តាលឱ្យមានការវាយប្រហារដ៏សាហាវជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយ ក៏ជាបញ្ហាសម្រាប់រដ្ឋាភិបាលថៃក្រោយការដឹកនាំរបស់លោក អានុទីន ផងដែរ។ លទ្ធផលស្ទង់មតិរបស់មជ្ឈមណ្ឌលស្ទង់មតិ NIDA Poll នៃវិទ្យាស្ថានជាតិគ្រប់គ្រងការអភិវឌ្ឍន៍ (NIDA) ដែលធ្វើឡើងលើប្រជាពលរដ្ឋ១,១០០នាក់ អាយុចាប់ពី១៨ឆ្នាំឡើងទៅនៅខេត្តភាគខាងត្បូងទាំង៣រួមមានខេត្តណារ៉ាធិវ៉ាត ប៉ាត់តានី និងយ៉ាឡា ចាប់ពីថ្ងៃទី២៥-២៧ ខែសីហា បានបង្ហាញថា ពលរដ្ឋជិត៣៦%យល់ថា បញ្ហាអសន្តិសុខនៅភាគខាងត្បូងមានការជាប់ពាក់ព័ន្ធផ្ទាល់នឹងថវិកាចំណាយក្នុងការគ្រប់គ្រងតំបន់នោះ ខណៈ៣០%យល់ថា បណ្តាលមកពីក្រុមនាយទុនងងឹតដូចជាពួករត់ពន្ធគ្រឿងញៀន ទំនិញគេចពន្ធ និងក្រុមម៉ាហ្វៀ សហការគ្នាបង្កហេតុដើម្បីសងសឹកនឹងការបង្ក្រាបរបស់រដ្ឋាភិបាល។

ជាមួយគ្នា្ននេះជាង២៦% មើលឃើញថា ក្រុមចលនាបំបែកទឹកដីម៉ាឡាយូ បានចាប់ដៃជាមួយក្រុមនាយទុនងងឹត ដើម្បីបង្កើតស្ថានការណ៍អសន្តិសុខ រីឯជាង២០% យល់ថា ក្រុមចលនាបំបែកទឹកដីម៉ាឡាយូខឹងសម្បារនឹងការបង្ក្រាបរបស់អាជ្ញាធរ ទើបបង្កើតហេតុការណ៍ក្តៅគគុកនេះឡើង និងជិត១៣% មើលឃើញថា ជាស្នាដៃរបស់ក្រុមឧទ្ទាមបំបែកទឹកដីម៉ាឡាយូជ្រុលនិយមជំនាន់ថ្មី ដែលបង្កស្ថានការណ៍ ដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ៕

អត្ថបទៈ សួន ឡង់ទី




អត្ថបទបន្ទាប់


កសិករអាចទទួលបានជី ថ្នាំកសិកម្ម និងធាតុចូលកសិកម្មផ្សេងៗបានទាន់ពេលវេលា ស្របតាមរដូវកាលដាំដុះ និងដោយមិនបារម្ភពីការខ្វះដើមទុន តាមរយៈ ឥណទានធាតុចូលកសិកម្ម អិលអូអិលស៊ី

សម្រាប់ប្រជាកសិករដែលប្រកបរបរកសិកម្ម ការមានធាតុចូលកសិកម្មគ្រប់គ្រាន់ និងទាន់ពេលវេលា គឺជាចំណុចសំខាន់ក្នុងការរៀបចំការដាំដុះ និងថែទាំដំណ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ