អាជ្ញាធរទេសចរណ៍ថៃ រំពឹងអាចទាញចំណូលពីព្រឹត្តិការណ៍សង្ក្រាន្តបានប្រមាណជា១ពាន់៤រយលានដុល្លារអាម៉េរិកនៅឆ្នាំនេះ ក្រោយរាជរដ្ឋាភិបាលថៃ បានបង្កើនរយៈពេលរៀបចំព្រឹត្តិការណ៍នេះរហូតដល់២១ថ្ងៃ ដោយក្នុងនោះខេត្តនៅភាគខាងកើតរំពឹងថា អាចទទួលបានប្រាក់ចំណូលច្រើនជាងគេ។ ការរំពឹងបែបនេះ ធ្វើឡើងដោយផ្អែកលើបទពិសោធន៍រៀបចំកាលពីឆ្នាំ២០២៣ ដោយកាលណោះព្រឹត្តិការណ៍សង្ក្រាន្ត ដែលមានរយៈពេលត្រឹមតែ៥ថ្ងៃ បានផ្តល់ចំណូលដល់វិស័យទេសចរណ៍ថៃរហូតដល់ជាង៣៥៥លានដុល្លារ។
លោកស្រី ផាប៉ានី គៀតផៃប៊ុន ( Thapanee Kiatphaibool) ប្រធានអាជ្ញាធរទេសចរណ៍ថៃ ព្យាករថា ព្រឹត្តិការណ៍សង្ក្រាន្តឆ្នាំថ្មី ដែលប្រព្រឹត្តទៅចន្លោះពីថ្ងៃទី១-២១ ខែមេសា ឆ្នាំ២០២៤ នឹងមានអ្នកធ្វើដំណើរកើនឡើងដល់១៥លាននាក់ ដែលជាតួលេខខ្ពស់មួយ បើធៀបនឹងការប៉ាន់ប្រមាណ ដែលបានធ្វើឡើងក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានត្រឹមតែជិត៤លាននាក់។
ជាមួយគ្នានេះអ្នកជំនាញរូបនេះសង្ឃឹមថា នៅក្នុងអំឡុងពេលរៀបចំព្រឹត្តិការណ៍សង្ក្រាន្តនៅឆ្នាំនេះ បណ្តាខេត្តភាគខាងកើតនឹងអាចស្រូបទាញប្រាក់ចំណូលបានប្រមាណជិត៣០០លានដុល្លារ បន្ទាប់មកទីក្រុងបាងកកនឹងស្រូបចំណូលបានជិត២៧០លានដុល្លារ ហើយខេត្តភាគខាងជើងអាចបានប្រមាណ២៦៤លានដុល្លារ៕
ដោយៈ សរ សុជាតិ