វិស័យពាណិជ្ជកម្ម

លោក ថាក់ស៊ីន ស្នើឱ្យរដ្ឋាភិបាលថៃ រៀបចំឱ្យមានវិធានការលើកទឹកចិត្ត ដើម្បីជំរុញក្រុមហ៊ុនថៃ ឱ្យទៅបោះទុនវិនិយោគនៅអាម៉េរិក


អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ស្នើឱ្យរដ្ឋាភិបាលក្រោមការដឹកនាំរបស់កូនស្រីខ្លួនរៀបចំឱ្យមានវិធានការលើកទឹកចិត្តដល់ក្រុមហ៊ុន ឬវិនិយោគិនថៃ ដើម្បីជំរុញឱ្យពួកគេទៅបោះទុនវិនិយោគដោយផ្ទាល់នៅសហរដ្ឋអាម៉េរិក ដោយសារលោកបារម្ភពីផលប៉ះពាល់នៃគោលនយោបាយរបស់ប្រធានាធិបតីជាប់ឆ្នោត លោក ដូណាល់ ត្រាំ។ ការស្នើនេះធ្វើឡើងវាស្របពេលដែលថៃ កំពុងរៀបចំផែនការទប់ស្កាត់ការហូរចូលផលិតផលមានតម្លៃថោកៗក្រោមស្តង់ដាពីក្រៅប្រទេស។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មានធំៗជាច្រើន។
វិស័យពាណិជ្ជកម្ម
ដោយ

លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ កាលពីពេលថ្មីៗនេះបានផ្ដល់បទសម្ភាសជាលើកដំបូងដល់អ្នកយកព័ត៌មានរបស់ នីកេអេស៊ា ចាប់តាំងពីលោកបានវិលត្រឡប់ចូលស្រុកកំណើតវិញកាលពីខែសីហា ឆ្នាំ២០២៣។ នៅក្នុងបទសម្ភាសនោះ លោក ថាក់ស៊ីន បានចាត់ទុកជម្លោះភូមិសាស្ត្រនយោបាយសកល និងការកើនឡើងភាពតានតឹងពាណិជ្ជកម្មរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង នឹងក្លាយកម្លាំងចលករមួយក្នុងការជួយជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ចរបស់ថៃ។

ប៉ុន្តែលោក ថាក់ស៊ីន ក៏បានសម្តែងការព្រួយបារម្ភដែរថា ប្រសិនបើអតិរេកពាណិជ្ជកម្មរបស់ថៃ មានទំហំធំពេក វាក៏អាចក្លាយជាគោលដៅនៃការសងសឹករបស់អាម៉េរិក ជាពិសេសនៅពេលប្រធានាធិបតីជាប់ឆ្នោតអាម៉េរិក លោក ដូណាល់ ត្រាំ ឡើងកាន់អំណាច។

ការបង្ហាញក្តីព្រួយបារម្ភនេះ ក៏ដោយសារលោក ថាក់ស៊ីន ជឿជាក់ថា លោក ត្រាំ នឹងដំឡើងពន្ធលើទំនិញ ដែលនាំចូលទៅកាន់សហរដ្ឋអាម៉េរិក ដើម្បីធ្វើឱ្យប្រសើរឡើងនូវតុល្យភាពពាណិជ្ជកម្មរបស់មហាអំណាចសេដ្ឋកិច្ចផុតលេខមួយនេះ។ ដូច្នេះការវិលត្រឡប់មកគ្រប់គ្រងសេតវិមានជាថ្មីរបស់លោក ត្រាំ ចង់ ឬមិនចង់វានឹងធ្វើឱ្យប៉ះពាល់ដល់ប្រទេសថៃ។

ការណ៍នេះបានជំរុញឱ្យលោក ថាក់ស៊ីន ស្នើឱ្យរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់កូនស្រីខ្លួន គឺលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ចាត់វិធានការមួយចំនួន ដើម្បីលើកទឹកចិត្តក្រុមហ៊ុនថៃ ឱ្យទៅបោះទុនវិនិយោគនៅសហអាម៉េរិក ដើម្បីកាត់បន្ថយសម្ពាធពីការដំឡើងពន្ធរបស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោក ដូណាល់ ត្រាំ។

ការស្នើរបស់លោក ថាក់ស៊ីន នេះវាស្របពេលដែលក្រុមហ៊ុនឧស្សាហកម្មរបស់ថៃ កំពុងរងការគំរាមកំហែងពីការហូរចូលទំនិញមានតម្លៃថោកពីក្រៅប្រទេស ជាពិសេសប្រទេសចិន តែម្តង។ បញ្ហានេះបានជំរុញឱ្យក្រសួងពាណិជ្ជកម្មថៃ កំពុងរៀបចំផែនការ ដើម្បីដោះស្រាយការជោរជន់ផលិតផលមានតម្លៃថោកក្រោមស្ដង់ដារ ដែលនាំចូលមកពីបរទេសនេះ ព្រោះផលិតផលទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ និងឧស្សាហកម្មធុនតូច និងមធ្យមក្នុងស្រុក។

អនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មថៃលោក ណាពិនថន ស្រីស៊ុនប៉ាង (Napintorn Srisunpang) បាននិយាយថា អនុគណៈកម្មាធិការទទួលបន្ទុកគាំទ្រសហគ្រាសធុនតូច និងមធ្យមថៃបានបើកកិច្ចប្រជុំមួយកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដោយមានការចូលរួមពីតំណាងទីភ្នាក់ងាររដ្ឋាភិបាលចំនួន២០ ដើម្បីពិភាក្សាអំពីវិធានការបង្ក្រាបទំនិញក្រោមស្តង់ដាទាំងនេះ៕

អត្ថបទ៖ សុខ មង្គល




អត្ថបទបន្ទាប់


ចិន រួសរាន់បង្កើនការផលិតបន្ទះឈីបក្នុងស្រុក មុនពេលលោក ត្រាំ ឡើងកាន់អំណាច

ទាំងវិស័យសាធារណៈ ទាំងឯកជនរបស់ប្រទេសចិន កំពុងពន្លឿនកិច្ចខិតខំរបស់ពួកគេ ដើម្បីជំរុញការផលិតបន្ទះឈីប រួមទាំងឧបករណ៍ទំនើបៗនៅក្នុងស្រុក ដោ…

ការលក់បញ្ចុះតម្លៃសំបុត្រថ្ងៃសុក្រ ដើម្បីជំរុញភាពបៃតងនាពេលអណាគត៖ Vietjet ផ្តល់ជូនសំបុត្រតម្លៃចាប់ពី០ដុល្លារ សម្រាប់គ្រប់ជើងហោះហើរនៅទូទាំងបណ្តាញរបស់ខ្លួន

ភ្នំពេញ ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤– នៅថ្ងៃសុក្រទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet នឹងប្រារព្ធរដូវកាលលក់សំបុត្របញ្ចុះតម្លៃដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ