នៅទីបំផុតលោកស្រី ផៃតងតាន ស៊ីណាវ៉ាត្រា កូនស្រីបង្កើតរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃត្រូវបានសមាជិកប្រតិបត្តិរបស់គណបក្សភឿថៃ ជ្រើសតាំងឱ្យធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភឿថៃ ជំនួសលោក ស្រ៊ីថា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញថៃទម្លាក់ពីតំណែងកាលពីពេលថ្មីៗក្រោមបទចោទបំពានច្បាប់ធម្មនុញ្ញថៃ។
ទោះជាយ៉ាងណា លោកស្រី ផៃតងតាន ស៊ីណាវ៉ាត្រា ដែលត្រូវបានតែងតាំងជាបេក្ខភាពនាយករដ្ឋមន្ត្រីជំនួសលោក ចៃកាសេម នីទីសិរី នេះ នឹងត្រូវឆ្លងកាត់ការបោះឆ្នោតជ្រើសតាំងនាយករដ្ឋមន្ត្រីពីសំណាក់សភានៅសុក្រ សប្តាហ៍នេះ ដោយនឹងមានបេក្ខភាពឈរឈ្មោះមកពីតំណាងគណបក្សចំនួន៤ផ្សេងទៀតចូលរួមប្រកួតប្រជែង។
លោក អាផាត សុខានន្ទ (Arpath Sukhanunth) អគ្គលេខាធិការសភាបាននិយាយថា ប្រធានរដ្ឋសភាថៃលោក វ៉ាន មូហាម៉ាត់ ន័រ ម៉ាថា (Wan Muhamad Noor Matha) បានកោះហៅសមាជិកសភាទាំង៥០០រូបកាលពីល្ងាចថ្ងៃពុធ ឱ្យជួបប្រជុំគ្នានៅព្រឹកថ្ងៃសុក្រ សប្ដាហ៍នេះដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីជំនួសលោក ស៊្រីថា ថាវីស៊ីន ដែលត្រូវបានតុលាការធម្មនុញ្ញថៃដកចេញពីតំណែង ក្រោមការចោទប្រកាន់ថាបានបំពានរដ្ឋធម្មនុញ្ញ៕
អត្ថបទ៖ សុខ មង្គល