ក្រុមមេដឹកនាំធុរកិច្ច និងសេដ្ឋវិទូ បាននិយាយថា រដ្ឋាភិបាលរបស់លោកស្រី ផែថងថាន ត្រូវដោះស្រាយបញ្ហាអាទិភាពចំនួន៣ឱ្យបានឆាប់តាមតែអាចធ្វើទៅបាន ប្រសិនបើចង់ជំរុញកំណើនសេដ្ឋកិច្ច។ បញ្ហាអាទិភាពទាំងនេះ រួមមាន ទី១. គឺការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញឱ្យបានទូលំទូលាយ, ទី២. ត្រូវដាក់ចេញវិធានការមួយចំនួនដើម្បីជួយអ្នកដែលមានប្រាក់ចំណូលកម្រិតទាប និងទី៣ គឺការការពារសហគ្រាសធុនតូច និងមធ្យម ដើម្បីទប់ទល់នឹងការប្រកួតប្រជែងពីបរទេសមិនយុត្តិធម៌ ជាពិសេសការធ្វើពាណិជ្ជកម្មតាមអ៊ីនធឺណិត។
ពាក់ព័ន្ធនឹងបញ្ហានេះ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នាយករដ្ឋមន្ត្រីថៃ បានប្រកាសពីគោលនយោបាយមួយចំនួននៅក្នុងសភា កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុន ដោយសង្កត់ធ្ងន់លើវិធានការបន្ទាន់ចំនួន១០ ដែលផ្តោតសំខាន់លើការកែលម្អស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនថៃ ប្រាក់ចំណូលរដ្ឋ និងការរៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញឱ្យបានទូលំទូលាយ។
រដ្ឋាភិបាលថៃ ក៏គ្រោងនឹងដាក់ចេញវិធានការកាត់បន្ថយតម្លៃថាមពល និងថ្លៃសេវាសាធារណៈ ដោយកែសម្រួលរចនាសម្ព័ន្ធតម្លៃថាមពល ខណៈបច្ចុប្បន្នរដ្ឋបាលរបស់កូនស្រីលោក ថាក់ស៊ីន កំពុងចែកចាយប្រាក់ដល់ប្រជាពលរដ្ឋតាមរយៈកម្មវិធីកាបូបលុយឌីជីថលរបស់គណបក្សភឿថៃ និងការលើកកម្ពស់វិស័យទេសចរណ៍តាមរយៈការលើកលែងទិដ្ឋាការ។
លោក វ៉ូរ៉ាផូល សូកាទីយ៉ានូរ៉ាក់ (Vorapol Sokatiyanurak) សេដ្ឋវិទូម្នាក់នៅប្រទេសថៃ បាននិយាយថា គោលនយោបាយសេដ្ឋកិច្ចបន្ទាន់ទាំងនេះ ពិតជាចាំបាច់សម្រាប់កាត់បន្ថយការលំបាករបស់ប្រជាជនមែនហើយ ប៉ុន្តែក៏មិនត្រូវមើលរំលងឡើយចំពោះដំណោះស្រាយរយៈពេលវែងចំពោះបញ្ហារចនាសម្ព័ន្ធរបស់ប្រទេសនេះ ដែលមានការធ្លាក់ចុះ និងបានធ្វើឱ្យសេដ្ឋកិច្ចថៃធ្លាក់ចុះក្នុងរយៈពេល២០ឆ្នាំមកនេះ។
លោក វ៉ូរ៉ាផូល បានបន្ថែមថា រដ្ឋាភិបាលគួរតែដោះស្រាយបញ្ហារយៈពេលខ្លី និងបញ្ហាសេដ្ឋកិច្ចតាមរចនាសម្ព័ន្ធក្នុងពេលដំណាលគ្នា ដោយសារកំណើនសេដ្ឋកិច្ចថៃ នៅ២ទសវត្សរ៍ចុងក្រោយនេះបានធ្លាក់ចុះយ៉ាងខ្លាំងបើធៀបនឹងឆ្នាំ១៩៨០ ដល់ឆ្នាំ២០០០ ជាពេលដែលសេដ្ឋកិច្ចថៃ មានកំណើនជាមធ្យម៨%៕
អត្ថបទ៖ សុខ មង្គល