
ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចាត់ទុកអត្រាពន្ធគយបដិការ១៩% ដែលអាម៉េរិកដាក់មកលើកម្ពុជា ជាអត្រាមួយល្អប្រសើរ ដែលជួយឱ្យកម្ពុជា អាចប្រកួតប្រជែងជាមួយបណ្តាប្រទេសនានាក្នុងតំបន់ ឬអាចយកឈ្នះប្រទេសជិតខាងក៏ថាបាន។ ការហ៊ានអះអាងបែបនេះរបស់ថ្នាក់ដឹកនាំរូបនេះ ក៏ដោយសារកម្ពុជា មានតម្លៃពលកម្មទាបជាងបណ្តាប្រទេសដទៃ ហើយទីតាំងភូមិសាស្រ្តរបស់កម្ពុជា មានភាពអំណោយផល ។ ទន្ទឹមនឹងនេះ កម្ពុជានឹងបន្តខិតខំកាត់បន្ថយនីតិវិធី និងការចំណាយផ្សេងៗ ដើម្បីកាន់តែបង្កភាពងាយស្រួលសម្រាប់អ្នកវិនិយោគបន្ថែមទៀត។
ជុំវិញបញ្ហានេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិន នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា អត្រាពន្ធចំនួន១៩%នេះ ជាអត្រាល្អមួយដែលជួយឱ្យកម្ពុជា អាចរក្សាបាននូវរោងចក្រឧស្សាហកម្ម ដែលមានស្រាប់នៅកម្ពុជា និងជួយជំរុញការនាំចេញរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក និងព្រមទាំងអាចទាក់ទាញវិនិយោគិនបរទេសថ្មីៗបន្ថែមទៀតចូលមកកម្ពុជា ផងដែរ ដ្បិតថា កម្ពុជា មានកម្រិតអត្រាពន្ធទាបជាងប្រទេសវៀតណាម ដែលមានចំនួន២០%។ អ្នកជំនាញរូបនេះជឿជាក់ថា កម្ពុជានឹងអាចឈានទៅសម្រេចបាននូវគោលដៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាមួយគ្នានេះអ្នកឧកញ៉ា លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានចាត់ទុកអត្រាពន្ធបដិការចំនួន១៩%នេះ គឺជាអត្រាដ៏ល្អប្រសើរមួយដែលអ្នកវិនិយោគនៅកម្ពុជា ចង់បាន សម្រាប់ជំរុញការនាំចេញទំនិញរបស់ខ្លួនទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក។ សម្រាប់អ្នកជំនាញរូបនេះ អត្រាពន្ធក្នុងកម្រិតនេះ គឺកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសជិតខាង និងបណ្តាប្រទេសនៅក្នុងតំបន់ ដោយសារអត្រាពន្ធមានកម្រិតប្រហាក់ប្រហែលគ្នា។
ដោយឡែកឧកញ៉ា ស៊ិន ចន្ធី អគ្គនាយកក្រុមហ៊ុនឡាញហល អិចប្រេស បានគូសបញ្ជាក់ថា ទោះបីជាកម្ពុជា សម្រេចបាននូវលទ្ធផលល្អប្រសើរពីការបញ្ចុះអត្រាពន្ធគយបដិការជាមួយសហរដ្ឋអាម៉េរិក និងអាចប្រកួតប្រជែងជាមួយប្រទេសនៅក្នុងតំបន់បានយ៉ាងណាក្តី ប៉ុន្តែកម្ពុជា នៅមានវិញ្ញាសារមួយចំនួនទៀតដែលត្រូវដោះស្រាយ ដើម្បីធ្វើយ៉ាងណាអាចរក្សាអ្នកវិនិយោគដែលមានស្រាប់ និងទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែមទៀត។ បើតាមអ្នកជំនាញរូបនេះ វិញ្ញាសារដែលកម្ពុជា ត្រូវដោះស្រាយបន្តនោះ គឺការកាត់បន្ថយថ្លៃដើមផលិត ថ្លៃអគ្គិសនី និងថ្លៃដឹកជញ្ជូន ដែលហាក់នៅខ្ពស់ជាងប្រទេសជិតខាង។
គួរជម្រាបថា នៅថ្ងៃទី៧ ខែកក្កដា កន្លងទៅនេះ សហរដ្ឋអាម៉េរិក បានទម្លាក់អត្រាពន្ធបដិការពីកម្រិត ៤៩% មកនៅត្រឹមក៣៦% លើទំនិញនាំចូលពីកម្ពុជា ហើយចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៥ នេះតទៅ អត្រាពន្ធគយបដិការដែលអាម៉េរិក ដាក់មកលើទំនិញនាំចូលពីកម្ពុជា មានក្នុងកម្រិត១៩% ខណៈកម្ពុជា បានសម្រេចទម្លាក់ពន្ធគយលើទំនិញនាំចូលពីសហរដ្ឋអាម៉េរិកទាំងអស់ក្នុងអត្រា០%៕