កម្មវិធីប្រគល់ និងដាក់ឱ្យប្រើប្រាស់ផ្លូវនេះ បានប្រព្រឹត្តទៅនៅទីតាំងផ្លូវចូលកំពង់ផែកោះស្តេច ខេត្តកោះកុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង និង ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ហើយវា គឺជាអំណោយរបស់ ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តកោះកុង។
ក្នុងឱកាសដ៏មានអត្ថន័យនេះ ក៏មានការចូលរួមដ៏ខ្ពង់ខ្ពស់ពី លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក, លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុក, មន្រ្តីរាជការជុំវិញស្រុក លោក លោកស្រី ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូបផងដែរ។
លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានលើកឡើងពីក្ដីរំភើបរីករាយឥតឧបមាចំពោះសមិទ្ធផលផ្លូវបេតុងអាមេប្រវែង ២,០០០ម៉ែត្រមួយនេះ ដោយរំពឹងថា នឹងក្លាយជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់មួយទៀតសម្រាប់ខេត្តកោះកុង ពិសេសផ្លូវនេះ មានង្គោលសូឡាបំភ្លឺសងខាងផ្លូវ ដែលផ្ដល់នូវភាពងាយស្រួលដល់ការធ្វើដំណើរ និងជាការលើកសោភណ្ឌភាពសម្រាប់ខេត្តកោះកុងផងដែរ។
ទន្លឹមនឹងនើ លោកជំទាវអភិបាលខេត្ត បានលើកសរសេរ ឯកឧត្តម អ្នកឧកញ៉ា សួរ វីរៈ ដែរថា ជាវិនិយោគិនមួយរូប ដែលបានយកចិត្តទុកដាក់វិនិយោគលើអាជីវកម្ម មួយចំនួនធំនៅខេត្តកោះកុង ហើយលោកជំទាវបានចាត់ទុកការវិនិយោគទាំងនវ ជាគុណសម្បត្តិយ៉ាងធំធេង របស់ឯកឧត្តម អ្នកឧកញ៉ា ចំពោះទឹកដីកោះកុង និងប្រជាជនទូទាំងខេត្តជាប់មាត់សមុទ្រមួយនេះ៕