ជាក់ស្តែងនៅឆមាសទី១ឆ្នាំ២០២៣ ការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារសម្រេចបានកំណើនជិត១៤% និងជាង៦%រៀងគ្នា ដែលកំណើតនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយស្តារសកម្មភាពសេដ្ឋកិច្ចតាមវិស័យនានា។ ស្ថិរភាពល្អប្រសើរនៃប្រព័ន្ធធនាគារកម្ពុជានេះ គឺដោយសារកន្លងមកធនាគារជាតិនៃកម្ពុជាបានអនុវត្តនយោបាយម៉ាក្រូ និងមីក្រូយ៉ាងប្រុងប្រយ័ត្ន និងប្រកបដោយស្មារតីបុរេសកម្ម និងបានត្រួតពិនិត្យប្រព័ន្ធធនាគារ និងការធ្វើស្ត្រេសតេស្តលើភាពរឹងមាំនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុជាប្រចាំ។
ឯកឧត្តម ជា ចាន់តូ អគ្គទេសភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ប្រព័ន្ធធនាគារកម្ពុជាត្រូវបានបន្តអភិវឌ្ឍឱ្យកាន់តែរឹងមាំ ហើយស្ថិរភាពនៃប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្មក្នុងការលើកស្ទួយសកម្មភាពសេដ្ឋកិច្ចនិងរក្សាស្ថិរភាពហិរញ្ញវត្ថុ។ ជាក់ស្តែង បើទោះបីជាលក្ខខណ្ឌហិរញ្ញវត្ថុសកលកំពុងស្ថិតក្នុងស្ថានភាពរឹតត្បិត ហើយធនាគារនៅសហរដ្ឋអាមេរិកចំនួន៣បានដួលរលំកាលពីដើមឆ្នាំ២០២៣ ដែលបានបង្កការព្រួយបារម្ភនៅលើទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ក៏ប្រព័ន្ធធនាគារកម្ពុជានៅតែរក្សាបានភាពធន់និងរឹងមាំ។ ថ្នាក់ដឹកនាំរូបនេះបានបន្ថែមថា ស្ថានភាពដើមទុននិងសន្ទនីយភាពបន្តមានកម្រិតខ្ពស់ជាងបទប្បញ្ញត្តិ ខណៈដែលអនុបាតឥណទានមិនដំណើរការបានកើនឡើងបន្តិច ប៉ុន្តែស្ថិតនៅកម្រិតទាបដែលមិនបង្កជាហានិភ័យដល់ស្ថិរភាពហិរញ្ញវត្ថុនោះឡើយ។
ជាក់ស្តែងនៅឆមាសទី១ឆ្នាំ២០២៣ ការផ្តល់ឥណទានរបស់ប្រព័ន្ធធនាគារមានកំណើន១៣,៨% និងការទទួលប្រាក់បញ្ញើពីអតិថិជនមានកំណើន៦,៤% ដែលបានរួមចំណែកជួយគាំទ្រដល់ការស្តារសកម្មភាពសេដ្ឋកិច្ចនៅតាមវិស័យសំខាន់ៗនានា។ ភាពធន់ និងរឹងមាំរបស់ប្រព័ន្ធធនាគារនៅកម្ពុជានេះ ត្រូវបានឯកឧត្តម ជា ចាន់តូ អះអាងថា គឺដោយសារកន្លងមកធនាគារជាតិបានអនុវត្តនយោបាយម៉ាក្រូ និងមីក្រូយ៉ាងប្រុងប្រយ័ត្នប្រកបដោយស្មារតីបុរេសកម្ម ហើយការត្រួតពិនិត្យប្រព័ន្ធធនាគារ និងការធ្វើស្ត្រេសតេស្តលើភាពរឹងមាំនៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុត្រូវបានធ្វើឡើងជាប្រចាំ។ ដើម្បីពង្រឹងភាពធន់នៃគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការប្រឈមនឹងវិបត្តិផ្សេងទៀត ដែលអាចកើតមានជាយថាហេតុនាពេលអនាគត ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជារូបនេះ ជំរុញឱ្យគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុវាយតម្លៃចំណាត់ថ្នាក់ឥណទានរៀបចំឡើងវិញ និងរៀបចំសំវិធានធនឱ្យបានសមស្រប ព្រមទាំងអនុវត្តឡើងវិញនូវទ្រនាប់ដើមទុនខនស៊ើវេសិន១,២៥% ត្រឹមចុងខែមិថុនា ឆ្នាំ២០២៣ និងគ្រោងអនុវត្តពេញលេញ២,៥%នៅចុងឆ្នាំ២០២៣។
ឯកឧត្តមបានបន្តទៀតថា ក្រៅពីនេះ សេវាហិរញ្ញវត្ថុត្រូវបានបន្តពង្រីកវិសាលភាព ដែលបានលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅគ្រប់ទីកន្លែងឱ្យកាន់តែប្រសើរឡើង និងរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយបរិយាបន្ន។ យ៉ាងណាមិញ កំណើននៃការទទួលបានសេវាហិរញ្ញវត្ថុក៏ភ្ជាប់ជាមួយនូវហានិភ័យ ដូចជាស្ថានភាពបំណុលលើសលប់ និងការកើនឡើងនៃឥណទានមិនដំណើរការ ប្រសិនបើការយល់ដឹងពីសេវាហិរញ្ញវត្ថុរបស់ប្រជាជននៅមានកម្រិត។ ដូច្នេះការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ និងកិច្ចការពារអតិថិជន គឺជាកិច្ចការងារចាំបាច់ដែលត្រូវពង្រឹង ដើម្បីធានាការប្រើប្រាស់ឥណទានប្រកបដោយការទទួលខុសត្រូវ និងការទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការប្រើប្រាស់សេវាហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ។
ជាមួយគ្នានេះឯកឧត្តម ជា ចាន់តូ អះអាងថា ប្រព័ន្ធទូទាត់កម្ពុជាត្រូវបានអភិវឌ្ឍឱ្យកាន់តែទំនើបដោយបញ្ចូលការប្រើប្រាស់បច្ចេកវិទ្យាថ្មីៗជាបន្តបន្ទាប់ ក្នុងគោលដៅពង្រឹងប្រសិទ្ធភាពនៃការទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាពនិងសុវត្ថិភាពខ្ពស់ ដើម្បីសម្រួលដល់ការដោះដូរទំនិញ និងសេវានៅក្នុងសេដ្ឋកិច្ចឱ្យកាន់តែមានភាពងាយស្រួលនិងឆាប់រហ័ស លើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ និងគាំទ្រដល់ការធ្វើសមារណកម្មប្រព័ន្ធទូទាត់ទៅក្នុងតំបន់។ ការទូទាត់ឆ្លងគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានភាពងាយស្រួល ដែលបានឆ្លើយតបនឹងការប្រែប្រួលនៃឥរិយាបថរបស់ក្រុមហ៊ុន-សហគ្រាស និងអ្នកប្រើប្រាស់ទូទៅ ដែលពឹងផ្អែកកាន់តែច្រើនលើការលក់-ទិញតាមប្រព័ន្ធអនឡាញ និងការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកក្នុងយុគសម័យបច្ចេកវិទ្យាឌីជីថល។
បន្ថែមលើនេះ ការតភ្ជាប់ប្រព័ន្ធទូទាត់កម្ពុជាជាមួយប្រទេសផ្សេងទៀតនៅក្នុងតំបន់ក៏ត្រូវបានពង្រឹងនិងពង្រីក ដែលបានចូលរួមលើកកម្ពស់ពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការបង្វែរប្រាក់ ជាពិសេសពីពលករដែលកំពុងបម្រើការនៅក្រៅប្រទេស។ សម្រាប់ឯកឧត្តម ជា ចាន់តូ ក្នុងចំណោមប្រព័ន្ធទូទាត់ទាំងអស់ ប្រព័ន្ធទូទាត់បាគង និងខេអេចឃ្យូអរ (KHQR) បានបន្តលើកមុខមាត់ប្រព័ន្ធទូទាត់កម្ពុជានៅលើឆាកអន្តរជាតិ ដោយមានធនាគារកណ្តាលមួយចំនួន បានស្នើសុំរៀនសូត្រពីបទពិសោធន៍របស់ធនាគារជាតិនៃកម្ពុជា ក្នុងការបង្កើតនិងអភិវឌ្ឍប្រព័ន្ធទូទាត់ឱ្យកាន់តែមានប្រសិទ្ធភាព សុវត្ថិភាព និងកាត់បន្ថយចំណាយប្រើប្រាស់៕