ជម្លោះកម្ពុជា-ថៃ

អត្ថបទស្រាវជ្រាវមួយបង្ហាញថា ជម្លោះកម្ពុជា-ថៃ មិនមែនជាសង្គ្រាមព្រំដែនទេ តែជាសង្គ្រាមអត្តសញ្ញាណខ្មែរ


ក្រោយជម្លោះព្រំដែនរវាងកម្ពុជា និងថៃ កើតឡើងម្តងទៀតនៅឆ្នាំ២០២៥ នេះ មនុស្សជាច្រើននៅក្នុងសគមន៍អន្តរជាតិ ចាត់ទុកការប៉ះទង្គិចគ្នានេះ ជាជម្លោះដណ្តើមប្រាសាទបុរាណ និងខ្សែបន្ទាត់ព្រំដែន ប៉ុន្តែការអធិប្បាយនេះទំនងជាអាចខុសពីការពិត។ សង្គ្រាមនេះមិនមែនគ្រាន់តែជាសង្គ្រាមរវាងប្រទេសទាំងពីរនោះទេ ប៉ុន្តែនេះជាសង្រ្គាមដែលចាក់ឫសគល់ជ្រៅទៅក្នុងនយោបាយផ្ទៃក្នុងរបស់ថៃ ដែលបង្កឡើងដោយការលុបបំបាត់ប្រវត្តិសាស្រ្ត និងតាមរយៈការកេងប្រវ័ញ្ច និងកៀបសង្កត់អត្តសញ្ញាណខ្មែរជាប្រព័ន្ធ។
ជម្លោះកម្ពុជា-ថៃ
ដោយ

ដើម្បីយល់ពីជម្លោះនេះឲ្យកាន់តែច្បាស់ និងស៊ីជម្រៅ ពលរដ្ឋត្រូវតែពិនិត្យមើលឲ្យលើសពីការប្រឈមមុខដាក់គ្នាដោយគ្រាប់កាំភ្លើង និងបញ្ហាជម្លោះព្រំដែន។

ជម្លោះដែលបានបង្កើតឡើង និងការរំខានផ្នែកនយោបាយ

បើយោងតាមអត្ថបទស្រាវជ្រាវរបស់លោកបណ្ឌិត ធួន ស៊ីណាន អ្នកឯកទេសជំនឿសាសនា និងទេសចរណ៍កម្ពុជា រាល់ពេលប្រទេសថៃ ប្រឈមនឹងអស្ថិរភាពនយោបាយ ដោយសារការតវ៉ាលើលទ្ធផលបោះឆ្នោត, ការតវ៉ាប្រឆាំងនឹងពួកយោធា ឬភាពតានតឹងរវាងរាជាធិបតេយ្យ និងពួកប្រជាធិបតេយ្យ នោះធ្វើឲ្យមានព្រឹត្តិការណ៍មួយកើតឡើងជាដដែលៗ នោះ គឺការផ្ទុះឡើងចលនាជាតិនិយម ហើយកម្ពុជា បានក្លាយជាគោលដៅវាយប្រហាររបស់ភាគីថៃ។ ពួកយោធាថៃ ដែលមានឥទ្ធិពលយូរមកហើយក្នុងរចនាសម្ព័ន្ធនយោបាយរបស់ប្រទេសនេះ បានប្រើការប៉ះទង្គិចតាមព្រំដែនជាមួយកម្ពុជា ជាញឹកញាប់ ដើម្បីបង្កភាពចលាចលក្នុងស្រុក។ នេះជាយុទ្ធសាស្ត្រចាស់គំរឹល ប៉ុន្តែមានប្រសិទ្ធភាព ព្រោះនៅពេលមានការដណ្ដើមអំណាចនៅក្នុងប្រទេស គេតែងតែឃើញថៃ មានជម្លោះនឹងប្រទេសជិតខាង។ ប៉ុន្តែសំណួរសួរថា ហេតុអ្វីបានជាកម្ពុជា មិនមែនឡាវ, មីយ៉ាន់ម៉ា និងម៉ាឡេស៊ី? ចម្លើយមិនស្ថិតនៅលើបញ្ហាភូមិសាស្ត្រនោះទេ ប៉ុន្តែស្ថិតលើបញ្ហាអត្តសញ្ញាណ។

ដើមកំណើតដែលថៃ បំភ្លេចចោល

អត្ថបទស្រាវជ្រាវខាងលើបានរៀបរាប់ថា ជារឿយៗ ថៃ មានមោទនភាពចំពោះអត្តសញ្ញាណរបស់ខ្លួនថា ជាអត្តសញ្ញាណចាស់បុរាណ ប៉ុន្តែតាមពិតឫសគល់អត្តសញ្ញាណថៃ បង្ហាញពីរឿងមួយផ្សេងទៀត ជនជាតិថៃ ដែលត្រូវបានគេស្គាល់តាមប្រវត្តិសាស្ត្រថា ជាជនជាតិតៃ បានធ្វើចំណាកស្រុកពីខេត្តយូណាន ភាគខាងត្បូង ប្រទេសចិន នៅអំឡុងសតវត្សរ៍ទី១៣។ នៅពេលនោះជនជាតិតៃ មិនមានអក្សរ, មិនមានប្រាសាទ, មិនមានសាសនាផ្លូវការ និងមិនមានប្រទេសរបស់ខ្លួននោះទេ។ នៅពេលដែលជនជាតិតៃ បានចំណាកស្រុកមកភាគខាងត្បូង មកកាន់តំបន់ដែលជាប្រទេសថៃបច្ចុប្បន្ន ជនជាតិនេះបានតាំងទីលំនៅលើទឹកដី ដែលធ្លាប់គ្រប់គ្រងដោយអាណាចក្រខ្មែរដ៏មានឥទ្ធិពល ដែលជាអាណាចក្រមានអរិយធម៌រុងរឿង ដែលបានសាងសង់នូវបេតិកភណ្ឌស្ថាបត្យកម្ម, ជំនឿសាសនា និងវប្បធម៌ដ៏អស្ចារ្យក្នុងចំណោមបេតិកភណ្ឌដ៏អស្ចារ្យបំផុតលើពិភពលោកនាសម័យនោះ។

ដោយមិនបានបង្កើតអ្វីថ្មី មេដឹកនាំថៃសម័យនោះបានយល់ព្រមទទួលយក និងស្រូបទាញ ហើយនៅទីបំផុតពួកគេបានអះអាងដោយចាត់ទុកអរិយធម៌ខ្មែរជាច្រើនថា ជាអរិយធម៌របស់ខ្លួនឯង។ រាប់តាំងពីជំនឿសាសនា និងទំនៀមទម្លាប់រាជវង្សរហូតដល់ភាសា, ស្ថាបត្យកម្ម និងសូម្បីតែអក្ខរក្រមថៃភាគច្រើនដែលបច្ចុប្បន្នគេហៅថា វប្បធម៌ថៃនោះ គឺមានឫសគល់យ៉ាងជ្រៅចេញពីបេតិកភណ្ឌអរិយធម៌ខ្មែរ។ ផ្ទុយទៅវិញប្រទេសថៃ មិនត្រឹមតែមិនទទួលស្គាល់អំពីការខ្ចីវប្បធម៌ខ្មែរប៉ុណ្ណោះទេ ថែមទាំងបានកែសៀវភៅប្រវត្តិសាស្ត្រ, ប្តូរឈ្មោះប្រាសាទ និងគូសផែនទីដោយខ្លួនឯងជាប្រព័ន្ធ ដើម្បីលុបបំបាត់ដើមកំណើតពីខ្មែរ។

កម្ពុជា ជាកញ្ចក់មួយដែលប្រទេសថៃ មិនអាចឆ្លុះខ្លួនឯង

សម្រាប់ពួកយោធា និងរាជវង្សថៃ កម្ពុជា តំណាងឲ្យប្រទេសមួយលើសពីប្រទេសជិតខាង នោះ គឺកម្ពុជា តំណាងឲ្យកញ្ចក់ឆ្លុះពីដើមកំណើតរបស់ខ្លួន។ សសរស្តម្ភវប្បធម៌របស់ថៃ ជាច្រើន គឺបានពីអរិយធម៌ខ្មែរមិនមែនជាការបង្កើតដោយខ្លួនឯងឡើយ។ នោះហើយជាមូលហេតុដែលព្រំដែនកម្ពុជា លើសពីខ្សែបន្ទាត់ព្រំដែន ពោលគឺជាសមរភូមិអត្តសញ្ញាណ, ភាពស្របច្បាប់ និងការគ្រប់គ្រង។ ហើយនៅពេលដែលប្រទេសថៃ ត្រូវការពង្រឹងចំនួនប្រជាជន ឬបង្ហាញអំពីភាពត្រឹមត្រូវនៃអំណាចយោធារបស់ខ្លួន ថៃ មិនស្វែងរកសត្រូវណាឆ្ងាយឡើយ គឺតែងតែរករឿងកម្ពុជា។

ធ្វើឲ្យខ្មែរវាយខ្មែរ

ពាក់ព័ន្ធបញ្ហានេះ លោក ធួន ស៊ីណាន បានលើកឡើងក្នុងអត្ថបទរបស់ខ្លួនថា ចំណុចនេះប្រហែលជារឿងដ៏ឈឺចាប់បំផុតនៅក្នុងជម្លោះដែលកំពុងបន្ត ដែលមិនមានការសរសេរនៅលើផែនទីទេ ប៉ុន្តែនៅក្នុងឈាមរបស់មនុស្សដែលមានពូជពង្សរួមគ្នា។ នៅភាគឦសាននៃប្រទេសថៃ នៅក្នុងខេត្តដូចជា សុរិន្ទ, បូរីរ៉ាម និងស៊ីសាកេត ពលរដ្ឋថៃ រាប់លាននាក់មានដើមកំណើតជាខ្មែរ។ ប្រជាជនទាំងនោះនិយាយភាសាខ្មែរ, អនុវត្តប្រពៃណីខ្មែរ និងបានរស់នៅលើទឹកដីដែលធ្លាប់ជាបេះដូងនៃអាណាចក្រខ្មែរបុរាណ។ ក្នុងអំឡុងពេលសង្រ្គាមយោធាថៃ បានប្រើប្រាស់សហគមន៍ទាំងនេះជាឧបករណ៍សង្គ្រាមរបស់ខ្លួនម្តងហើយម្តងទៀត។

ទាំងនៅឆ្នាំ២០០៨ និងឆ្នាំ២០២៥ យោធាថៃ បានដាក់ពង្រាយទាហានដើមកំណើតខ្មែរនៅសមរភូមិ ដើម្បីវាយប្រហារកម្ពុជា ដែលជាមាតុភូមិដូនតារបស់ខ្លួន។ អ្វីដែលធ្វើឲ្យកាន់តែឈឺចាប់នោះ គឺក្រោយពេលដួលរលំនៃរបបខ្មែរក្រហមនៅឆ្នាំ ១៩៧៩ មានពលរដ្ឋកម្ពុជា ជាង៣០ម៉ឺននាក់បានភៀសខ្លួនចូលទៅក្នុងដីថៃ ដើម្បីស្វែងរកការជ្រកកោន។ ប៉ុន្តែថៃ មិនបានឆ្លើយតបដោយការការពារជនភៀសខ្លួនខ្មែរឡើយ ប៉ុន្តែជាការឆ្លើយតបយ៉ាងឃោរឃៅទៅវិញ​។ នៅក្នុងព្រឹត្តិការណ៍ដ៏ខ្មៅងងឹតបំផុត ហើយមានមនុស្សតិចតួចណាស់ដែលបានទទួលស្គាល់នៅសម័យនោះ គឺកងទ័ពថៃ បានបង្ខំឲ្យជនភៀសខ្លួនកម្ពុជា ប្រមាណ៥០,០០០នាក់ត្រឡប់ចូលកម្ពុជាវិញតាមរយៈភ្នំដងរែក ដែលជាតំបន់ពោរពេញដោយគ្រាប់មីន, ភាពអត់ឃ្លាន និងសេចក្ដីស្លាប់។

យ៉ាងហោចណាស់មានប្រជាជនកម្ពុជា ចំនួន៣ម៉ឺននាក់បានស្លាប់ក្នុងការធ្វើមាតុភូមិនិវត្តន៍ដោយបង្ខំដ៏ឃោរឃៅនេះ។ សាកសពជាច្រើនមិនត្រូវបានគេកប់ត្រឹមត្រូវឡើយ ហើយក៏មិនស្គាល់ពីអត្តសញ្ញាណដែរ។ អាក្រក់ជាងនេះទៅទៀត ទាហានជាច្រើននាក់ដែលគេចាត់តាំងឲ្យបង្ខំប្រជាជនកម្ពុជា ចូលដីខ្មែរនោះ គឺជាទាហានថៃ មានដូនតាជាខ្មែរ ដែលនេះជាការប្រើបងប្អូនប្រហារគ្នា ក្រោមការបញ្ជារបស់រដ្ឋាភិបាលថៃ ដែលយល់ឃើញថា បើខ្លួនទុកជនភៀសខ្លួនកម្ពុជា ទាំងនេះ ខ្លួននឹងត្រូវចំណាយច្រើន។ យុទ្ធសាស្ត្រដដែលនេះនៅតែបន្តរហូតដល់បច្ចុប្បន្ន។ ក្នុងការប៉ះទង្គិចគ្នានាពេលថ្មីៗនេះ មានការរាយការណ៍ថា ទាហានថៃ ដែលមានឈាមខ្មែររាប់រយនាក់បានស្លាប់ ហើយសាកសពជាច្រើនត្រូវបានទុកចោលនៅក្នុងព្រៃតាមព្រំដែន ព្រោះចំពោះមេយោធាថៃ ទាហានថៃ ដែលបានបាត់បង់ជីវិតនោះមិនមែនជាជនជាតិថៃ សុទ្ធឡើយ ហើយក៏មិនស័ក្ដិសមនឹងទទួលបានកិត្តិយសដែរ។

ឧបករណ៍លុបបំបាត់ប្រវត្តិសាស្ត្រ៖ ប្រព័ន្ធផ្សព្វផ្សាយ, ផែនទី និងរឿងនិទាន

ដើម្បីបំភាន់ប្រវត្តិសាស្ត្រ រដ្ឋបាលថៃ បានប្រើយុទ្ធសាស្ត្រក្លែងបន្លំព័ត៌មាន បំភ្លៃប្រវត្តិសាស្ត្រ និងឃោសនា។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ថៃ បានព្យាយាមផ្សព្វផ្សាយមិនពិតថា ប្រាសាទខ្មែរមានដើមកំណើតពីថៃ។ ហើយសៀវភៅសិក្សាដែលរដ្ឋាភិបាលថៃ បោះពុម្ភឱ្យពលរដ្ឋសិក្សាត្រូវបានលុបបំបាត់ ឬកាត់បន្ថយឥទ្ធិពលខ្មែរមកលើប្រទេសថៃ។ មានការផ្លាស់ប្តូរផែនទីដោយសម្ងាត់ ហើយពលរដ្ឋថៃ សាមញ្ញ ដែលភាគច្រើនមិនដែលរៀនអំពីការពិត ធំឡើងនៅតែជឿរឿងមិនពិត។ នេះមិនមែនគ្រាន់តែជាការសរសេរប្រវត្តិសាស្រ្តឡើងវិញនោះទេ តែនេះជាការគ្រប់គ្រងអត្តសញ្ញាណ។ ហើយនៅពេលដែលប្រជាពលរដ្ឋ ជាពិសេសពលរដ្ឋខ្មែរវ័យក្មេងក្នុងទឹកដីថៃចាប់ផ្តើមផ្សារភ្ជាប់ខ្លួនឯងទៅនឹងដើមកំណើតខ្លួន, ចាប់ផ្ដើមសួរសំណួរ ឬចាប់ផ្ដើមនិយាយភាសាដូនតារបស់ខ្លួន ធ្វើឲ្យពលរដ្ឋទាំងនោះក្លាយជាគោលដៅសង្ស័យទៅវិញ។ នេះគឺដោយសារតែការចងចាំទាំងនោះ គឺជាការគំរាមកំហែងសម្រាប់រដ្ឋបាលថៃ ហើយការពិតគឺគ្រោះថ្នាក់ណាស់ចំពោះរដ្ឋបាលថៃនាពេលបច្ចុប្បន្ន។

នេះមិនមែនជាសង្គ្រាមព្រំដែនទេ

អ្វីដែលកើតឡើងក្នុងឆ្នាំ២០២៥ នេះ មិនមែនជាជម្លោះទឹកដីទេ។ នេះជាសង្គ្រាមនៃការចងចាំ, សង្រ្គាមនៃការអត្ថាធិប្បាយរឿងផ្សេងៗគ្នា និងជាសង្រ្គាមលុបបំបាត់អត្តសញ្ញាណខ្មែរ។ ជាង៥០០ឆ្នាំមកហើយ កម្ពុជា បានបាត់បង់ទឹកដី។ ប៉ុន្តែក្នុងរយៈពេល៦០ឆ្នាំកន្លងមកនេះ កម្ពុជាបានប្រឈមនឹងអ្វីដែលអាក្រក់ជាងនេះទៅទៀត នោះគឺការបាត់បង់កេរដំណែលវប្បធម៌របស់កម្ពុជាតាមរយៈការលួចវប្បធម៌, ការមួលបង្កាច់ និងភាពស្ងៀមស្ងាត់។ ថៃបានទទួលផលជាច្រើនពីអរិយធម៌ខ្មែរ ប៉ុន្តែថៃមិនត្រឹមតែមិនគោរពកេរដំណែលទាំងនេះទេ ថៃថែមទាំងកប់ចោលមិនឲ្យគេដឹងទៀត។ អាក្រក់ជាងនេះទៅទៀត ថៃបានប្រើអរិយធម៌នេះជាអាវុធប្រហារលើកម្ពុជា និងថែមទាំងវាយប្រហារលើពលរដ្ឋខ្លួនដែលមានដើមកំណើតខ្មែរទៀតផង។

ពិភពលោកត្រូវតែហ៊ាននិយាយការពិត

ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិត្រូវតែបញ្ឈប់ការចាត់ទុកជម្លោះនេះថាជារឿងផ្ទុះអាវុធតាមព្រំដែនតទៅទៀត។ ដល់ពេលដែលត្រូវទទួលស្គាល់ការពិតថា នេះជាយុទ្ធសាស្ត្រនយោបាយបន្លំជាសង្រ្គាម, យុទ្ធនាការធ្វើឲ្យវប្បធម៌ខ្លួនខ្ពង់ខ្ពស់ជាងខ្មែរ និងជាអំពើប្រល័យពូជសាសន៍ដ៏ស្ងប់ស្ងាត់នៃអត្តសញ្ញាណខ្មែរ។ កម្ពុជាត្រូវតែឆ្លើយតបមិនត្រឹមតែតាមរយៈការទូត និងការការពារខ្លួនប៉ុណ្ណោះទេ ប៉ុន្តែជាការឆ្លើយតបដោយឯកភាពជាតិ, ភាពច្បាស់លាស់នៃប្រវត្តិសាស្ត្រ និងមោទនភាពចំពោះអរិយធម៌របស់ខ្លួន។ ពិភពលោកត្រូវតែក្រោកឈរឡើងទទួលយកការពិតនេះ ពីព្រោះសង្រ្គាមនេះមិនមែនគ្រាន់តែជាសង្គ្រាមអំពីបន្ទាត់នៅលើផែនទីប៉ុណ្ណោះទេ ប៉ុន្តែនេះជាសង្គ្រាមអំពីថា តើថៃ ឬកម្ពុជាដែលមានវប្បធម៌អរិយធម៌រុងរឿងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នេះ។ សម្រាប់ប្រជាជនខ្មែរ ដែលកំពុងរស់នៅតាមបណ្ដាប្រទេសនានា ហើយដែលមិនហ៊ានបញ្ចេញមតិដោយសារមានប្រវត្តិឆ្លងកាត់របបគ្រប់គ្រងជាច្រើន និងមិនមានចារក្នុងសៀវភៅអប់រំក្មេងជំនាន់ក្រោយ ដល់ពេលហើយដែលយើងត្រូវនិយាយប្រាប់ពិភពលោកអំពីរឿងពិតរបស់កម្ពុជា៕




អត្ថបទបន្ទាប់


ក្រុមហ៊ុន IndiGo នឹងភ្ជាប់ជើងហោះហើរត្រង់ពីឥណ្ឌា មកកម្ពុជា នៅខែក្រោយ

បើមិនមានអ្វីប្រែប្រួលទេ ក្រុមហ៊ុនអាកាសចរណ៍ IndiGo របស់ឥណ្ឌានឹងភ្ជាប់ជើងហោះហើរត្រង់មកកាន់អាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ ចាប់ពីថ្ងៃទី…

វៀតណាម កើបលុយបានជិត៧ពាន់លានដុល្លារពីការនាំចេញកាហ្វេនៅ៩ខែកន្លងមកនេះ

វៀតណាម បានក្លាយជាប្រទេសនាំចេញកាហ្វេដ៏ធំមួយនៅលើពិភពលោកដោយនៅក្នុងរយៈពេល៩ខែឆ្នាំនេះ អ្នកក្បែរខាងកម្ពុជា មួយនេះ អាចផ្គត់ផ្គង់ និងបំពេញតម្រូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ