
ទីបំផុតរដ្ឋសភាថៃ បានបោះឆ្នោតអនុម័តលើការដកសេចក្ដីព្រាងច្បាប់ ស្តីពីកាស៊ីណូជាមួយសំឡេង២៥៣ ទល់នឹង៦៥សំឡេង ស្របពេលគណៈរដ្ឋមន្ត្រីថៃ ចង់ដកសេចក្ដីព្រាងច្បាប់នេះ ដើម្បីទុកឱ្យគណៈរដ្ឋមន្ត្រីថ្មី និងសាធារណជន អាចសិក្សាលើច្បាប់នេះបន្ថែមទៀត។ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក អានូទីន ឆនវីរ៉ាគុល (Anutin Charnvirakul) បានទម្លាយថា មេដឹកនាំចិន លោក ស៊ី ជីនពីង ធ្លាប់បានព្រមាននាយករដ្ឋមន្ត្រីថៃ ដែលព្យួរតំណែងលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា ឱ្យបោះបង់សេចក្ដីព្រាងច្បាប់នេះ បើមិនចង់ប្រឈមនឹងផលវិបាកពាក់ព័ន្ធវិស័យទេសចរណ៍ និងពាណិជ្ជកម្មទ្វេភាគីជាមួយចិន។
លោក អានូទីន បានអះអាងថា លោក ស៊ី ធ្លាប់បានលើកឡើងពីបញ្ហានេះក្នុងកិច្ចប្រជុំកម្រិតខ្ពស់មួយនាទីក្រុងប៉េកាំង នាពេលកន្លងមក ដោយលោកនិយាយថា ពេលនោះ លោក ស៊ី បានផ្តល់យោបល់ទៅលោកស្រី ផែថងថាន ក្នុងកិច្ចប្រជុំដែលលោកបានចូលរួមក្នុងនាមជារដ្ឋមន្ត្រីមហាផ្ទៃថា ប្រសិនបើថៃ នៅតែបន្តអនុវត្តគោលនយោបាយនេះ ចិននឹងត្រូវបានបង្ខំឱ្យដាក់ចេញនូវវិធានការតបតដែលនឹងប៉ះពាល់ដល់ទេសចរណ៍ ពាណិជ្ជកម្ម និងការវិនិយោគរបស់ចិន នៅក្នុងប្រទេសថៃ។
ឆ្លើយតបនឹងការលើកឡើងរបស់លោក អានូទីន នេះ លោកស្រី ផែថងថាន បាននិយាយនៅថ្ងៃនេះ ដោយចោទ លោក អានូទីន ដែលជាមេដឹកនាំគណបក្សភូមចៃថៃ ថា បានបកស្រាយខុស ។ លោកស្រី បានបកស្រាយថា តាមការណ៍ពិត លោក ស៊ី បានផ្ដល់អនុសាសន៍មួយចំនួន ហើយលោកស្រី និងលោក អានូទីន ក៏បានស្ដាប់ដំបូន្មាននោះផងដែរ។ លោកស្រីបានពន្យល់ថា គោលនយោបាយរបស់ថៃ គឺបង្កើតកន្លែងកម្សាន្តដូចនៅសិង្ហបុរី និងម៉ាកាវ ព្រោះវាជួយបង្កើតប្រាក់ចំណូលសម្រាប់ប្រទេស និងបង្កើនការងារ។
ទោះជាយ៉ាងណា លោកស្រី បានចោទលោក អានូទីន ថា បានបង្ហាញព័ត៌មានខុសពីការពិត ហើយរឿងរ៉ាវពិតប្រាកដ គឺដូចអ្វីដែលលោកស្រីបានពន្យល់ប្រាប់ប្រជាជនថៃ រួចមកហើយថា វាមិនមែនជាកាស៊ីណូទាំងអស់នោះទេ ប៉ុន្តែលោក អានូទីន បែរជានិយាយផ្សេងក្នុងបំណងបង្កឱ្យមានបញ្ហាតែប៉ុណ្ណោះ៕
ដោយ៖ សុខ មង្គល