វិស័យសំណង់

ការផ្ដល់ឥណទានក្នុងវិស័យសំណង់ និងការនាំចូលសម្ភារសំណង់កើនឡើង ពិតជាឆ្លុះបញ្ចាំងពីការងើបឡើងនៃវិស័យសំណង់នៅឆ្នាំនេះ ឬយ៉ាងណា?


របាយការណ៍ថ្មីចុងក្រោយពីធនាគារជាតិ និងក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញឲ្យឃើញថា ក្នុងរយៈពេលជិតពេញ១ឆ្នាំ២០២៤ ការផ្ដល់ឥណទាន ក្នុងវិស័យសំណង់ និងការនាំចូលសម្ភារសំណង់ សុទ្ធតែបង្ហាញពីកំណើនខ្ពស់ ក្នុងអត្រាតួលេខកំណើន២ខ្ទង់ដូចគ្នា។ តើការផ្ដល់ឥណទានក្នុងវិស័យសំណង់ និងការនាំចូលសម្ភារសំណង់កើនឡើង ពិតជាឆ្លុះបញ្ចាំងពីការងើបឡើងនៃវិស័យសំណង់នៅឆ្នាំនេះ ឬយ៉ាងណា?
វិស័យសំណង់
ដោយ

ឆ្លើយតបទៅនឹងសំណួរនេះ ក្រុមអ្នកជំនាញនៅក្នុងវិស័យសំណង់ និងអចលនទ្រព្យ បានអះអាងថា ផ្អែកតាមទិន្នន័យ និងការអង្កេតពីសកម្មភាពទីផ្សារបច្ចុប្បន្ន បានបង្ហាញឲ្យឃើញថា វិស័យសំណង់ ពិតជាបាននិងកំពុងកម្រើកឡើងវិញជាបណ្ដើរៗមែន ប៉ុន្ដែ​វាហាក់មានការកើនឡើងទៅតាមប្រភេទសំណង់ និងតំបន់អភិវឌ្ឍន៍មួយចំនួនតែប៉ុណ្ណោះ។

របាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា ការផ្តល់កម្ចីឥណទានដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ទៅក្នុងវិស័យសំណង់នៅកម្ពុជា ក្នុងរយៈពេល១០ខែកន្លងមកនេះ មានទំហំទឹកប្រាក់សរុបប្រមាណ ៧ពាន់លានដុល្លារ មានការកើនឡើងជាង ៣៣% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទន្ទឹមនឹងការផ្តល់ឥណទាននៅក្នុងវិស័យសំណង់មានការកើនឡើង ក្រឡេកទៅមើលការនាំចូលសម្ភារសំណង់ពីក្រៅប្រទេសចូលមកកម្ពុជា នៅក្នុងរយៈពេល១១ខែនេះវិញ មានទំហំទឹកប្រាក់ជាង ១​៤០០លានដុល្លារ បានកើនឡើងជាង ២២% ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។ នេះបើតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម។

ពាក់ព័ន្ធនឹងតួលេខកំណើននៃវិស័យសំណង់នេះដែរ លោក សុខ ឡៃ អ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនម៉ៅការសំណង់ ពិស្ណុការ បានវាយតម្លៃថា ការកើនឡើងនៃការនាំចូលសម្ភារសំណង់ និងទំហំឥណទានសម្រាប់វិស័យសំណង់ គឺជាសញ្ញាណវិជ្ជមានមួយនៃការកម្រើកឡើងវិញជាបណ្តើរៗរបស់វិស័យសំណង់កម្ពុជា។

ជាក់ស្តែងទាំងគម្រោងសាងសង់របស់រាជរដ្ឋាភិបាល និងវិនិយោគឯកជន សុទ្ធសឹងតែមានសកម្មភាពកើនឡើងមកវិញ ពិសេសសំណង់អគារនៅក្នុងតំបន់ពាណិជ្ជកម្ម ដែលមានភាពមមាញឹកតែម្តង។ លោក សុខ ឡៃ បានបន្ថែមថា សញ្ញាណកើនឡើងនេះ ក៏បានបញ្ជាក់ពីការត្រៀមខ្លួនរបស់វិនិយោគិនក្នុងការចាប់យកឱកាសទីផ្សារសម្រាប់ឆ្នាំ២០២៥ ខាងមុខ ដែលរំពឹងថា ស្ថានភាពសេដ្ឋកិច្ចពាណិជ្ជកម្មនឹងល្អប្រសើរជាងមុន ក្រោយលោក ដូ ណាល់ត្រាំ ឡើងជាប្រធានាធិបតីសហរដ្ឋអាម៉េរិក។

​ជាមួយគ្នានេះ លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានសង្កេតឃើញថា វិស័យសំណង់របស់កម្ពុជា បច្ចុប្បន្ន គឺមានសកម្មភាពកម្រើកឡើងវិញ ទៅតាមផ្នែកមួយចំនួនប៉ុណ្ណោះ ដូចជាគម្រោងសាងសង់ រោងចក្រឧស្សាហកម្ម រីសត និងកាស៊ីណូជាដើម។ ដោយឡែកសម្រាប់សកម្មភាពសាងសង់នៅក្នុងគម្រោងបុរីលំនៅឋានវិញ ហាក់មានសភាពទ្រឹងនៅឡើយ។

​សូមជម្រាបថា ស្របពេលដែលការនាំចូលសម្ភារសំណង់មានការកើនឡើងគួរឱ្យកត់សម្គាល់ ការនាំចូលដែក និងដែកថែម នៅក្នុងរយៈពេល១១ខែឆ្នាំនេះ ក៏មានការកើនឡើងខ្ពស់ផងដែរ រហូតដល់ជាង ៦៥% និងមានទំហំទឹកប្រាក់ប្រមាណជាង ២៩២លានដុល្លារ។ នេះបើតាមស្ថិតិពាណិជ្ជកម្មរបស់ក្រសួងពាណិជ្ជកម្ម៕




អត្ថបទបន្ទាប់


ធនាគារ ហត្ថា និងសាកលវិទ្យាល័យបៀលប្រាយ (សាខាបាត់ដំបង) បានចាប់ដៃគ្នាលើកកម្ពស់ការអប់រំ មូលធនមនុស្ស និងកំណើនសេដ្ឋកិច្ចជាតិ

ធនាគារ ហត្ថា ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហ…

អ្នកជំនាញថា កត្តាអាកាសធាតុ និងទីផ្សារធ្លាក់ចុះ កំពុងទាញទម្លាក់តម្លៃនាំចេញចេកអំបូងលឿងរបស់កម្ពុជា នៅឆ្នាំនេះ

របាយការណ៍ពីក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំចេញចេកអំបូងលឿងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ នៅ១១ខែ ឆ្នាំ២០២៤នេះ សម្រេចបានក្នុងតម្លៃទឹក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ