វិស័យអចលនទ្រព្យ

បណ្ដាវិនិយោគិនអះអាងថា ការដាំក្បាលចុះនៃវិស័យអចលនទ្រព្យចិន មើលមិនទាន់ឃើញពីការបិទបញ្ចប់នៅពេលណានោះទេ


ចំណាត់ការជាបន្តបន្ទាប់របស់មហាយក្សចិន ក្នុងការបញ្ឈប់វិបត្តិអចលនទ្រព្យក្នុងប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទី២របស់ពិភពលោកមួយនេះ ដើម្បីបញ្ចៀសការផ្ទុះវិបត្តិដ៏គ្រោះថ្នាក់ក្នុងប្រព័ន្ធហិរញ្ញវត្ថុចិន បានជួយជំរុញឱ្យភាគហ៊ុនរបស់បណ្តាធនាគារចិន ហក់ឡើង។ ទោះជាយ៉ាងណា ភាគហ៊ុនអចលនទ្រព្យចិន នៅតែធ្លាក់ចុះនៅឡើយ ហើយបណ្ដាវិនិយោគិនលើកឡើងថា ពួកគេមើលមិនទាន់ឃើញសញ្ញាដែលបង្ហាញថា ទីផ្សារអចលនទ្រព្យចិន មានស្ថិរភាពឡើងវិញនៅឡើយទេ ហើយក៏មើលមិនឃើញថា ការដាំក្បាលចុះនៃវិស័យនេះនឹងបញ្ចប់នៅពេលណានោះដែរ។
វិស័យអចលនទ្រព្យ
ដោយ

បណ្ដាវិនិយោគិនបានលើកឡើងថា ទីផ្សារអចលនទ្រព្យរបស់មហាយក្សចិន មិនទាន់មានស្ថិរភាពឡើងវិញនោះទេ ហើយពួកគេក៏មើលមិនឃើញថា ការដាំក្បាលចុះនៃវិស័យដ៏សំខាន់នេះនឹងបញ្ចប់នៅពេលណានោះដែរ។ បណ្ដាអ្នកអភិវឌ្ឍន៍អចលនទ្រព្យកំពុងលក់ផ្ទះបញ្ចុះតម្លៃយ៉ាងច្រើន ខណៈការផ្គត់ផ្គង់ផ្ទះក្នុងទីផ្សារជោរជន់ខ្លាំងលើសលប់បើធៀបនឹងតម្រូវការជាក់ស្ដែង។ តួយ៉ាង គម្រោងអចលនទ្រព្យថ្មី Regency Park របស់ក្រុមហ៊ុន CK Asset Holdings ក្នុងទីក្រុងប៉េកាំង តម្លៃផ្ទះបានធ្លាក់ចុះរហូតដល់ទៅប្រមាណ៣០% ឯណោះ បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

សូមបញ្ជាក់ថា វិស័យអចលនទ្រព្យ គឺជាសសរស្ដម្ភដ៏សំខាន់មួយនៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលមានទំហំគ្របដណ្ដប់រហូតដល់ទៅប្រមាណ៣០% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសដែលមានប្រជាជនសរុបជាង១,៤ពាន់លាននាក់នេះ។

ចាប់តាំងពីឆ្នាំ២០២៣ មក វិស័យអចលនទ្រព្យចិន បានដាំក្បាលចុះយ៉ាងខ្លាំង ដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យចិន ធំៗជាប់ផុងក្នុងបំណុលធ្ងន់ធ្ងរ តួយ៉ាងក្រុមហ៊ុនអភិវឌ្ឍន៍ខ្នាតយក្ស China Evergrande Group ជាដើម បានជាប់បំណុលរហូតដល់ទៅជាង៣០០ពាន់លានដុល្លារអាម៉េរិក។

ដោយសម្លឹងឃើញហានិភ័យកាន់តែខ្ពស់ជាជាងឱកាសសម្រេចបានកំណើន បណ្ដាវិនិយោគិនទូទាំងពិភពលោកបានសម្រុកដកលុយ ឬការវិនិយោគចេញពីប្រទេសចិន ជាហេតុបង្កឱ្យមានការព្រួយបារម្ភអំពីការផ្ទុះវិបត្តិក្នុងប្រព័ន្ធហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទាំងមូលរបស់ប្រទេសចិន។

ជាវិធានការ អំឡុងរដូវស្លឹកឈើជ្រុះកន្លងទៅ រដ្ឋាភិបាលចិន បានផ្តល់ការគាំទ្របន្ថែមទៀតតាមរយៈជំនួយហិរញ្ញវត្ថុ ដើម្បីជួយដល់ទីផ្សារអចលនទ្រព្យចិន ដែលធ្វើឱ្យការភ័យខ្លាចចំពោះការផ្ទុះវិបត្តិហិរញ្ញវត្ថុមានភាពធូរស្រាល ហើយជាលទ្ធផល ភាគហ៊ុនធនាគារនៅហុងកុង បានហក់ឡើង។

ទោះជាយ៉ាងណា បណ្ដាអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលខ្ចីប្រាក់ពីធនាគារទាំងនេះ នៅតែជួបស្ថានភាពមិនល្អ ខណៈសន្ទស្សន៍ភាគហ៊ុនអចលនទ្រព្យចិន Hang Seng Mainland Properties Index បានធ្លាក់ចុះរហូតដល់ទៅប្រមាណ៨០% ចាប់តាំងពីចុងឆ្នាំ២០១៩ មក ហើយមិនទាន់បានងើបឡើងវិញនៅឡើយទេ។

បណ្ដាវិនិយោគិនយល់ថា ជំនួយគាំទ្ររបស់រដ្ឋាភិបាលចិន បានត្រឹមតែជួយសម្រាលស្ថានការណ៍បណ្ដោះអាសន្នប៉ុណ្ណោះ ដើម្បីជួយបណ្ដាអ្នកអភិវឌ្ឍន៍ដែលជួបការលំបាកកុំឱ្យដួលរលំដែលនឹងឈានទៅដល់ការក្ស័យធនទ្រង់ទ្រាយធំប្រកបដោយភាពគ្រោះថ្នាក់៕

ដោយ: តែម សុខុម




អត្ថបទបន្ទាប់


វៀតណាម បង្កើនការចរចាជាមួយអាម៉េរិក ដើម្បីកាត់បន្ថយសម្ពាធពន្ធគយដ៏ច្រើនរបស់ខ្លួន

ប្រទេសវៀតណាម និងសហរដ្ឋអាម៉េរិក បានបើកការចរចាថ្នាក់រដ្ឋមន្ត្រីដោយផ្ទាល់ជាលើកដំបូងរបស់ពួកគេកាលពីថ្ងៃសុក្រ សប្តាហ៍មុន ដើម្បីពិភាក្សាអំពីពន្ធ…

តើការប្រកួតប្រជែងផ្នែកសន្តិសុខសាយប័រ បានរួមចំណែកសំខាន់យ៉ាងណាក្នុងការជួយលើកកម្ពស់វិស័យឌីជីថល និងសន្តិសុខជាតិរបស់កម្ពុជា?

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានរៀបចំ កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ លើកដំបូងក្នុងគោលបំណងដើម្បីជំរុញក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ