EU-រុស្ស៊ី-តម្លៃប្រេង

EU យល់ព្រមជាបណ្ដោះអាសន្នកំណត់តម្លៃប្រេងរុស្ស៊ីនៅត្រឹម ៦០ ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល


រដ្ឋាភិបាលនៃប្រទេសសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាជាបណ្តោះអាសន្ននៅថ្ងៃព្រហស្បតិ៍ ទី១ ខែធ្នូ ក្នុងការកំណត់តម្លៃប្រេងឆៅរុស្ស៊ីនៅត្រឹម ៦០ដុល្លារក្នុងមួយធុងបារ៉ែល ដែលជាគំនិតផ្តួចផ្តើមរបស់ក្រុមប្រទេសឧស្សាហកម្មជឿនលឿនទាំងប្រាំពីរ (G7) ជាមួយនឹងយន្តការធ្វើយ៉ាងណារក្សាតម្លៃប្រេងឱ្យនៅទាបជាង ៥% នៃទីផ្សារពិភពលោក។ នេះបើតាមមន្ត្រីការទូត និងឯកសារដែលបានឃើញដោយទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ។
អឺរ៉ុបសម្រេចកំណត់តម្លៃប្រេងរុស្ស៊ីត្រឹម ៦០ ដុល្លារក្នុងមួយធុង

ទោះជាយ៉ាងណា​ កិច្ចព្រមព្រៀងនេះនៅតែត្រូវការរង់ចាំការអនុម័តយល់ព្រមពីសមាជិកទាំងអស់នៃសហភាពអឺរ៉ុប​នៅក្នុងនីតិវិធីជាលាយលក្ខណ៍អក្សរសិន ទើបនឹងមានការប្រកាសជាផ្លូវការ។ បើតាមអ្នកការទូតសហភាពអឺរ៉ុបម្នាក់​បាននិយាយថា ប្រទេសប៉ូឡូញ ដែលគេដឹងថា ជាអ្នកចេញមុខចេញមាត់ជាងគេក្នុងការបន្ទាបតម្លៃប្រេងរុស្ស៊ីនោះ នៅតែមិនទាន់បញ្ជាក់ច្បាស់ការថា ខ្លួននឹងគាំទ្រ​កិច្ចព្រមព្រៀងនេះ ឬយ៉ាងណានោះទេ។

មែនទែនទៅ បណ្តាប្រទេសសហភាពអឺរ៉ុប​បានជជែកតឹងសសៃកដាក់គ្នាអស់ជាច្រើនថ្ងៃមកហើយ ជុំវិញព័ត៌មានលម្អិតនៃការកំណត់តម្លៃប្រេងរុស្ស៊ី ដែលមានបំណងកាត់បន្ថយប្រាក់ចំណូលរបស់ប្រទេសនេះ​ពីការលក់ប្រេងឆៅទៅកាន់ទីផ្សារពិភពលោក។ បើតាមសំណើដំបូងរបស់ក្រុមប្រទេស G7 កាលពីសប្តាហ៍មុន បើមិនមានការប្រែប្រួលអ្វីនោះទេ គឺនឹងសម្រេចកំណត់តម្លៃរបស់ទីក្រុងម៉ូស្គូពី ៦៥-៧០ ដុល្លារអាមេរិកក្នុងមួយធុងបារ៉ែល។

បើទោះបីជាចាប់តាំងពីការលក់ប្រេងឆៅ (Urals) របស់រុស្ស៊ីបានធ្លាក់ចុះទាបជាមុនក្ដី ប៉ុន្ដែ​ប្រទេសប៉ូឡូញ លីទុយអានី និងអេស្តូនីបានច្រានចោលកម្រិតនៃតម្លៃប្រេងឆៅថា មិនសម្រេចបាននូវគោលបំណងសំខាន់នៃការកាត់បន្ថយលទ្ធភាពហិរញ្ញវត្ថុ​ពីការលក់ប្រេងរបស់ទីក្រុងម៉ូស្គូ ដើម្បីបន្តធ្វើសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែននោះទេ។

អ្នកការទូតសហភាពអឺរ៉ុបម្នាក់បាននិយាយថា «ជាការពិត តម្លៃប្រេងរុស្ស៊ីត្រូវបានកំណត់​នៅត្រឹម ៦០ ដុល្លារអាមេរិក គឺរក្សាវាឱ្យនៅក្រោមតម្លៃទីផ្សារពិភពលោក ៥% ដោយផ្អែកលើតួលេខរបស់ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA)។

ជាមួយគ្នានេះ ឯកសាររបស់សហភាពអឺរ៉ុប ដែល​បានឃើញដោយទីភ្នាក់ងាររ៉យទ័របានបង្ហាញថា ការកំណត់តម្លៃនេះ នឹងត្រូវបានពិនិត្យឡើងវិញនៅពាក់កណ្តាលខែមករា ឆ្នាំក្រោយ និងរៀងរាល់ពីរខែបន្ទាប់ពីនោះ ដើម្បីវាយតម្លៃពីរបៀបដែលគ្រោងការនេះដំណើរការយ៉ាងដូម្តេច ក៏ដូចជាឆ្លើយតបទៅនឹង «ភាពចលាចល» ដែលអាចកើតមាននៅក្នុងទីផ្សារប្រេងសាកលលោកផងដែរ ។

ការកំណត់របស់ប្រទេស G7 លើតម្លៃប្រេងឆៅនៅរុស្ស៊ីនឹងត្រូវចាប់ផ្តើមចាប់ពីថ្ងៃទី ៥ ខែធ្នូ តទៅ ដែលវាជាការជំនួសនូវវិធានការហាមប្រាមយ៉ាងធ្ងន់ធ្ងររបស់សហភាពអឺរ៉ុបលើការទិញប្រេងឆៅពីរុស្ស៊ី ហើយការកំណត់ថ្លៃប្រេងនេះ ជាមធ្យោបាយមួយ ដើម្បីការពារដល់ការផ្គត់ផ្គង់ប្រេងពិភពលោក ដ្បិតថារុស្ស៊ីមានការផលិតប្រេងដល់ទៅ១០% នៃទិន្នផលប្រេងសរុបរបស់ពិភពលោក។

គោលគំនិតក្នុងការអនុវត្តគោលការណ៍កំណត់តម្លៃប្រេងរុស្ស៊ីរបស់ G7 គឺនឹងហាមឃាត់ក្រុមហ៊ុនដឹកជញ្ជូន ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនធានារ៉ាប់រងឡើងវិញ ពីការដឹកជញ្ជូនប្រេងឆៅរបស់រុស្ស៊ីនៅជុំវិញពិភពលោក លុះត្រាតែវាត្រូវបានលក់ក្នុងតម្លៃទាបជាងតម្លៃដែលកំណត់ដោយក្រុមប្រទេស G7 និងសម្ព័ន្ធមិត្តរបស់ខ្លួន។ ដូច្នេះហើយក្រុមហ៊ុនដឹកជញ្ជូន និងក្រុមហ៊ុនធានារ៉ាប់រងសំខាន់ៗរបស់ពិភពលោកមានមូលដ្ឋាននៅក្នុងបណ្តាប្រទេស G7 ដែលអនុវត្ត​ទៅតាម​ការកំណត់តម្លៃនេះ នឹងដាក់សម្ពាធកាន់តែខ្លាំង​សម្រាប់ទីក្រុងម៉ូស្គូក្នុងការលក់ប្រេងឆៅលើទីផ្សារពិភពលោក៕




អត្ថបទបន្ទាប់


លោក ចូ បៃដិន អះអាងថា ច្បាប់កាត់បន្ថយអតិផរណាថ្មីរបស់អាមេរិក អាចនឹងត្រូវកែសម្រួលឡើងវិញដើម្បីគាំទ្រដល់ក្រុមហ៊ុនអឺរ៉ុប

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បាននិយាយប្រាប់ទៅកាន់លោក ម៉ាក្រុង ប្រធានាធិបតីបារាំង អំឡុងពេលលោកម៉ាក្រុងបំពេញទស្សនកិច្ចនៅទីក្រ…

កាណាដាប្តេជ្ញាប្រកួតប្រជែងឥទ្ធិពលជាមួយចិន នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក

រដ្ឋមន្ត្រីការបរទេសកាណាដាលោកស្រី មេឡានី ជូលី (Melanie Joly) បាននិយាយក្នុងបទសម្ភាសជាមួយកាសែតបរទេសមួយថា ប្រទេសកាណាដានឹងប្រកួតប្រជែងជាមួ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ