លោកឧកញ៉ា លឹម កុកឡុង អគ្គនាយកក្រុមហ៊ុន ឌឹ ផ្លរ៉ា អ៊ិនវ៉េសមិន មានប្រសាសន៍ថា ការសម្រេចចិត្តចាប់ដៃគូ សហការជាមួយនឹងក្រុមហ៊ុន អេ ឃឺ (Accor) គឺដោយសារតែកេរ្តិ៍ឈ្មោះ និងវិសាលភាពរបស់សម្ព័ន្ធសណ្ឋាគារដែលមានអាយុកាលជាង ៥០ ឆ្នាំនេះ ដែលមានសណ្ឋាគារល្បីៗ ធ្វើប្រតិបត្តិការក្នុងប្រទេសជាច្រើន រាប់ទាំងនៅកម្ពុជាផង។
លោកឧកញ៉ា លឹម កុកឡុង បានសម្ដែងក្ដីសុទិដ្ឋិនិយមថា តាមរយៈការបង្កើតសណ្ឋាគារនេះ នឹងជួយដល់វិស័យទេសចរណ៍របស់ប្រទេសកម្ពុជាផងដែរ។
លោកឧកញ៉ា លឹម កុកឡុង មានប្រសាសន៍ថា៖ “សណ្ឋាគារ មើឃ្យួរនេះ ជាសណ្ឋាគារមួយដែលធំ ហើយនឹងជួយដល់មុខមាត់សម្រាប់ប្រទេសកម្ពុជាផងដែរ ដែលនឹងធ្វើឲ្យភ្ញៀវទេសចរណ៍មកលេងកម្ពុជាកាន់តែច្រើន ហើយភ្ញៀវក្នុងស្រុកចូលរួមប្រើប្រាស់សណ្ឋាគារ មើឃ្យួរនេះ កាន់តែច្រើនផងដែរ”។
លោក អ៊ែនឌ្រូ លែងដុន (Andrew Langdon) អនុប្រធានជាន់ខ្ពស់ទទួលបន្ទុកផ្នែកអភិវឌ្ឍន៍នៃសម្ព័ន្ធសណ្ឋាគារ អេ ឃឺ (Accor) បានថ្លែងថា មូលហេតុដែលនាំឲ្យ អេ ឃឺ បង្កើតសណ្ឋាគារ មើឃ្យួរភ្នំពេញ នេះឡើង គឺដោយសារតែក្រុមហ៊ុនមានទំនុកចិត្តខ្ពស់ ចំពោះការរីកចម្រើននៃទីផ្សារបដិសណ្ឋារកិច្ចនៅកម្ពុជា ជាពិសេស តម្រូវការសណ្ឋាគារលំដាប់កណ្ដាល ដូចជា លំដាប់ មើឃ្យូរនេះជាដើម។
លោក អ៊ែនឌ្រូ លែងដុន មានប្រសាសន៍ថា៖ “ក្រុមហ៊ុន អេ ឃឺ(Accor) មានការប្រុងប្រយ័ត្នខ្ពស់ ក្នុងការចងសម្ព័ន្ធជាដៃគូជាមួយនឹងបណ្ដាក្រុមហ៊ុនណាមួយ ហើយ ក្រុមហ៊ុន ឌឹ ផ្លរ៉ា ក៏មានការប្រុងប្រយ័ត្នដូចគ្នានេះដែរ ។ ដូច្នេះ ការស្វែងរកដៃគូដែលត្រឹមត្រូវ ជារឿងសំខាន់ ហើយយើងខ្ញុំពិតជាមានសំណាងដែលបានរកឃើញដៃគូត្រឹមត្រូវ បន្ទាប់ពីបានស្គាល់គ្នាអស់ជាច្រើនឆ្នាំ ហើយបានពិភាក្សាចរចាគ្នាអស់រយៈពេល ៤ ឆ្នាំទៅហើយ” ។
សណ្ឋាគារមើឃ្យួរភ្នំពេញ បឹងកេងកង ១ នឹងត្រូវសាងសង់នៅក្នុងសង្កាត់បឹងកេងកង ដោយជាប់នឹងគម្រោងខុនដូ ឌឹផ្លរ៉ា ស្វីត ហើយការសាងសង់គ្រោងនឹងបញ្ចប់ក្នុងពេលដ៏ខ្លីខាងមុខ ។
ក្រុមហ៊ុន ឌឹ ផ្លរ៉ា បានចាប់ផ្ដើមដំណើរការដំបូង កាលពីឆ្នាំ ២០១៥ ហើយបច្ចុប្បន្ន ក្រុមហ៊ុនមានបុត្រសម្ព័ន្ធចំនួន ៥ ដែលវិនិយោគលើគម្រោងនានា ដូចជា បុរី ខុនដូ និងសណ្ឋាគារ ជាដើម ។