
តើអ្នកជំនាញមានការយល់ឃើញបែបណាជុំវិញការផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនេះ?
រាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី៣ ខែកញ្ញា បានចេញសារាចរណែនាំមួយ ដោយសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែអកអំបុក នៅរាជធានីភ្នំពេញ ដែលគ្រោងប្រព្រឹត្តទៅចន្លោះពីថ្ងៃ៤-៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ប៉ុន្ដែអនុញ្ញាតឱ្យបណ្ដាខេត្តនានារៀបចំទៅតាមលទ្ធភាពជាក់ស្ដែង និងរក្សាការឈប់សម្រាកចំនួន៣ថ្ងៃឱ្យនៅដដែល។ ការផ្អាករៀបចំពិធីបុណ្យអុំទូកថ្នាក់ជាតិនេះ គឺដោយសាររាជរដ្ឋាភិបាលបាន និងកំពុងយកចិត្តទុកដាក់ខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក និងពលករខ្មែរ ដែលទើបវិលត្រឡប់មកពីប្រទេសថៃ។
លោកបណ្ឌិត ឈត ប៊ុនថង អ្នកស្រាវជ្រាវ និងជាអ្នកជំនាញទស្សនវិជ្ជា នៃរាជបណ្ឌិត្យសភាកម្ពុជាបានចាត់ទុកការសម្រេចផ្អាករៀបចំពិធីបុណ្យអុំទូកថ្នាក់ជាតិរបស់រាជរដ្ឋាភិបាលក្នុងកាលៈទេសៈនេះ វារឿងសមហេតុផលបំផុត ព្រោះរាជរដ្ឋាភិបាលត្រូវផ្តល់អាទិភាពខ្ពស់លើការគិតគូរជុំវិញស្ថានការណ៍នៅតាមព្រំដែន ដែលរងការរំលោភបំពានពីកងទ័ពឈ្លានពានរបស់ថៃ ស្របពេលដែលការអនុវត្តបទឈប់បាញ់រវាងប្រទេសទាំងពីរហាក់នៅមានភាពផុយស្រួយនៅឡើយ។
ទន្ទឹមនឹងជំរុញឱ្យក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានយកចិត្តទុកដាក់ដោះស្រាយបញ្ហាស្បៀង ជម្រក ថ្នាំពេទ្យជូនពលរដ្ឋភៀសសឹក រាជរដ្ឋាភិបាលកម្ពុជា បានជំរុញឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈយកចិត្តទុកដាក់ជួយសម្របសម្រួល និងបង្កលក្ខណៈងាយស្រួលដល់ការស្វែងរកការងាររបស់ពលករខ្មែរដែលទើបវិលត្រឡប់មកពីប្រទេសថៃវិញ និងបន្តសហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីខេត្ត ដើម្បីផ្សព្វផ្សាយឱកាសការងារដល់ប្រជាពលរដ្ឋ ជាពិសេសពលករខ្មែរនៅតាមមូលដ្ឋាននីមួយៗ។ បន្ថែមលើនេះ រាជរដ្ឋាភិបាលក៏បានណែនាំដល់ក្រសួងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ពង្រឹង និងជំរុញសេដ្ឋកិច្ចមូលដ្ឋាន ធានាស្ថិរភាពថ្លៃ ខ្សែច្រវាក់ផលិតកម្ម និងការផ្គត់ផ្គង់ គាំទ្រការផលិតក្នុងស្រុក និងធានាការប្រកួតប្រជែង ព្រមទាំងដោះស្រាយនូវបញ្ហាជារចនាសម្ព័ន្ធរ៉ាំរ៉ៃនានា ដែលរាំងស្ទះដល់សកម្មភាពផលិតកម្ម អាជីវកម្ម ធុរកិច្ច និងវិនិយោគផងដែរ៕
អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ