ភ្នំពេញនិងតាខ្មៅ លែងខ្វះទឹកស្អាតប្រើប្រាស់នៅឆ្នាំក្រោយ

រដ្ឋាករទឹកស្វយ័តភ្នំពេញ៖ ឆ្នាំក្រោយពលរដ្ឋនៅភ្នំពេញនិងតាខ្មៅ លែងខ្វះទឹកស្អាតប្រើប្រាស់ទៀតហើយ ខណៈតម្លៃនឹងទាបជាង១ពាន់រៀលក្នុង១ម៉ែត្រគូប


ថ្នាក់ដឹកនាំរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានធានាអះអាងថា នៅឆ្នាំ២០២៣ ប្រជាពលរដ្ឋនៅទូទាំងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នឹងមិនជួបបញ្ហាប្រឈមក្នុងការខ្វះខាតទឹកស្អាតសម្រាប់ប្រើប្រាស់ទៀតនោះទេ ហើយតម្លៃទឹកក៏ស្ថិតក្រោមការកំណត់របស់រដ្ឋផងដែរ ក្រោយគម្រោងរោងចក្រផលិតទឹកស្អាតនៅក្រុងតាខ្មៅ បញ្ចប់ការសាងសង់១០០ភាគរយ។
ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ

ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានអះអាងទៀតថា បច្ចុប្បន្ន រោងចក្រផលិតទឹកស្អាតក្រុងតាខ្មៅដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណ ៧០ភាគរយហើយ ដែលអាចដាក់ឲ្យ​​ប្រើប្រាស់នៅឆ្នាំ២០២៣ ខណៈសព្វថ្ងៃនេះការផលិតទឹកស្អាតរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នៅមិនទាន់អាចមានលទ្ធភាពផ្គត់ផ្គង់ទឹកស្អាតតាមតម្រូវការ១០០ភាគរយនៅឡើយទេ។

ថ្លែងនាឱកាសសន្និសីទសារព័ត៌មានស្ដីពី«បច្ចុប្បន្នភាពក្នុងផ្គត់ផ្គង់ទឹកស្អាតនៅភូមិសាស្រ្តភ្នំពេញ» នៅថ្ងៃទី៩ មិថុនា ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បានគូសបញ្ជាក់ថា បច្ចុប្បន្ន ការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ហាក់មិនទាន់អាចឆ្លើយតបនឹងតម្រូវការនៅឡើយទេ ពិសេសនៅតំបន់ជាយក្រុងតែម្ដង។ បើតាមឯកឧត្តម ឡុង ណារ៉ូ ដើម្បីបំពេញបន្ថែមនូវតម្រូវការទឹកស្អាត នៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានផែនការពង្រីករោងចក្រផលិតទឹកស្អាត​ជាបន្តបន្ទាប់ និងមានផែនការផលិតទឹកស្អាតឲ្យបាន បាន ១លាន២សែនម៉ែត្រគូប ក្នុងមួយថ្ងៃនៅឆ្នាំ២០២៤។

មិនត្រឹមតែមានផែនការផ្ដល់ទឹកស្អាតឲ្យបានគ្រប់គ្រាន់​ដល់ប្រជាពលរដ្ឋនៅភ្នំពេញ និងក្រុងតាខ្មៅ ប៉ុណ្ណោះទេ ថ្នាក់ដឹកនាំជាន់ខ្ពស់រដ្ឋាករទឹកស្វយ័តភ្នំពេញរូបនេះ ក៏បានសង្កត់ធ្ងន់​ទៀតថា រដ្ឋនឹងកំណត់នូវតម្លៃទឹកឲ្យបានត្រឹមត្រូវដោយមិនឲ្យលើសពី១ពាន់រៀល ក្នុង១ម៉ែត្រគូបនោះទេ ខណៈបច្ចុប្បន្ន តម្លៃទឹកសម្រាប់ចែកចាយបន្ត​ពីរដ្ឋាករទឹកស្វយ័ត មានតម្លៃ ២ ៥០០រៀល ទៅ៣ ៥០០រៀល ក្នុង១ម៉ែត្រគូប។ រីឯតម្លៃទឹកដែលរដ្ឋបានកំណត់ មានតម្លៃ ១ពាន់៣រយរៀល ក្នុង១ម៉ែត្រគូប។

បើតាមការអះអាងរបស់ឯកឧត្តម ឡុង ណារ៉ូ រដ្ឋាករទឹកស្វយ័តភ្នំពេញ នឹងសាងសង់រោងចក្រផលិតទឹកស្អាតជាបន្តបន្ទាប់ ដើម្បីធានាឲ្យនូវការផ្គត់ផ្គង់ទឹកស្អាតនៅរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខណៈបច្ចុប្បន្ន មានដៃគូអភិវឌ្ឍមួយចំនួន ដូចជា បារាំង ជប៉ុន និងកូរ៉េខាងត្បូង បាននិងកំពុងសិក្សានូវគម្រោងវិនិយោគរោងចក្រផលិត​ទឹកស្អាតនៅកម្ពុជា ពិសេសនៅតំបន់អរិយក្សត្រ និងតំបន់ភាគខាងត្បូងរាជធានីភ្នំពេញ ជាដើម។

ដោយឡែក សម្រាប់គម្រោងរោងចក្រផលិតទឹកស្អាតនៅក្រុងតាខ្មៅ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន មានសម្ថតភាពផលិតទឹកស្អាតបានប្រមាណ ៣ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ ហើយការផ្គត់ផ្គង់ទឹកស្អាតសម្រាប់អ្នករស់នៅក្រុងតាខ្មៅ និងព្រលានយន្តថ្មី ដែលគ្រោងនឹងសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម ឡុង ណារ៉ូ អគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ។

បើតាមអគ្គនាយករដ្ឋាករទឹកស្វយ័តភ្នំពេញ បច្ចុប្បន្ន មានប្រជាពលរដ្ឋនៅតំបន់មួយចំនួនរអ៊ូរទាំអំពីបញ្ហាខ្វះទឹកប្រើប្រាស់ ពិសេសចាប់អំឡុងខែមករា ដល់ខែឧសភា ស្របពេលដែលរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ អាចផលិតទឹកបានជាមធ្យមប្រមាណ ៦សែនម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ ប៉ុន្តែតម្រូវការជាក់ស្តែង មានរហូតដល់ប្រមាណជា ៨សែន ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលធ្វើឱ្យមានកង្វះទឹកស្អាតសម្រាប់ប្រីប្រាស់ប្រមាណ ២សែន ម៉ែត្រគូបក្នុងមួយថ្ងៃ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើការដាក់ឲ្យប្រើសន្ទស្សន៍ថ្លៃលំនៅដ្ឋាន មានសារៈសំខាន់យ៉ាងណាដល់វិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ?

ព័ត៌មាន
ក្រុមអ្នកជំនាញនៅក្នុងវិស័យហិរញ្ញវត្ថុ និងអចលនទ្រព្យ បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះយន្ដការដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា ទាក់ទងនឹង…

អ្នកជំនាញថា តម្រូវការម្ទេសក្រៀមពីកម្ពុជាកើនឡើង ប៉ុន្ដែកសិករត្រូវជ្រើសរើសពូជម្ទេសដាំឲ្យបានត្រឹមត្រូវតាមទីផ្សារ

ព័ត៌មាន
អ្នកជំនួញ និងជាជំនាញនៅក្នុងវិស័យកសិកម្មកម្ពុជ លោកឧកញ៉ា ហ៊ុន ឡាក់ បានលើកឡើងថា បច្ចុប្បន្ន តម្រូវការទីផ្សារម្ទេសស្ងួតពីកម្ពុជាកំពុងកើនឡើងគ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ