ក្រោយការបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅសណ្ឋាគារសុខាភ្នំពេញ សម្តេច ហ៊ុន សែន បានបើកសន្និសីទសារព័ត៌មានមួយនៅឯវិមានសន្តិភាព ដើម្បីថ្លែងពីសមិទ្ធផល និងការសម្រេចបាននានា អំឡុងកិច្ចប្រជុំកំពូលនៅប៉ុន្មានថ្ងៃមកនេះ។
ក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន / ក្នុងសន្និសីទសារព័ត៌មានក្រោយបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន សម្តេចតេជោ ហ៊ុន សែន បានថ្លែងឱ្យដឹងថា៖ ក្នុងរយៈពេលកិច្ចប្រជុំកំពូល៤ថ្ងៃដែលមានជំនួបកំពូលសរុប១៦ អាស៊ាន និងដៃគូទាំងអស់បានអនុម័ត និងកត់សម្គាល់ឯកសារសមិទ្ធផល និងសេចក្តីប្រកាសសរុបចំនួន៧០ ដែលសុទ្ធសឹងតែគ្របដណ្តប់ទៅលើសសរស្តម្ភទាំង៣របស់អាស៊ាន។
ក្រៅពីនោះ អាស៊ានបានអនុម័តក្របខណ្ឌមួយចំនួនផ្សេងទៀតជាមួយនិងដៃគូរសន្ទនា ជាក់ស្តែង ការដាក់បញ្ចូលអ៊ុយក្រែនជាសមាជិកទី៥០ នៃសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការអាស៊ីគ្នេយ ឬ TAC ខណៈកាលពីកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ក្នុងខែសីហា បានដាក់បញ្ចូល ៦ប្រទេសផងដែរ រួមមានដាណាម៉ាក ក្រិច ហូឡង់ អូម៉ង់ កាតា និងអារ៉ាប់រួម។
ដោយឡែក សមិទ្ធផលគួរកត់សម្គាល់មួយចំនួនទៀតដែលសម្រេចបានរួមមាន ការសម្រេចជាគោលការណ៍របស់មេដឹកនាំអាស៊ានក្នុងការដាក់ប្រទេស ទីម័រលេស្តឬទីម័តខាងកើតជាសមាជិកទី១១របស់អាស៊ាន និងបង្កើតផែនទីបង្ហាញផ្លូវឆ្ពោះទៅការអនុម័តជាផ្លូវការឱ្យទីម័រក្លាយជាកូនពៅពេញសិទ្ធិរបស់អាស៊ាន។
យ៉ាងណាមិញ ទោះបញ្ហានៅមីយ៉ាន់ម៉ា ក្រោមការធ្វើជាប្រធានអាស៊ានរបស់កម្ពុជា មិនមានវឌ្ឍនភាពលើដំណោះស្រាយ៥ចំណុចជាឯកច្ឆន្ទក៏ពិមែន ប៉ុន្តែមេដឹកនាំអាស៊ាន បានធ្វើការវាយតម្លៃ និងសម្រេចចិត្តចំនួន ១៥ចំណុចថែមទៀត សំដៅជំរុញឱ្យមីយ៉ាន់ម៉ាបំពេញឱ្យបានគោលការណ៍ទាំង៥ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជនខ្លួន។
គួរកត់សម្គាល់ថា នៅចុងបញ្ចប់នៃប្រសាសន៍ថ្លែង សម្តេចតេជោ ហ៊ុន សែន បានឆ្លៀតឱកាសគោរពអញ្ជើញមេដឹកនាំអាស៊ានទាំងអស់ មកចូលរួមពិធីបើកកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅឆ្នាំក្រោយ ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ដោយឡែក នៅក្រោយបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំនេះ សម្តេចតេជោ ក៏បានធ្វើសន្និសីទព័ត៌មានជាមួយនឹងអ្នកសារព័ត៌មាននៅវិមានសន្ដិភាពផងដែរ ដោយក្នុងនោះ សម្តេចបានអះអាងថា ការបិទបញ្ចប់ដោយជោគជ័យនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលបានរៀបចំឡើងជាច្រើនថ្ងៃមកនេះ គឺមិនមែនជាងរឿងងាយស្រួលនោះទេ។ មិនងាយស្រួល ក៏ដោយសារតែ កិច្ចប្រជុំនេះ ធ្វើឡើងនៅចំពេលដែលពិភពលោក កំពុងជួបបញ្ហាប្រឈមក្ដៅៗជាច្រើន ដោយក្នុងនោះ សម្តេចបានគូសបញ្ជានូវបញ្ហារសើបៗ ជាច្រើនដែលបានលើកឡើងយកមកពិភាក្សានៅក្នុងកិច្ចប្រជុំកំពូលក្នុងរយៈពេល ៤ថ្ងៃមកនេះ រួមមាន បញ្ហាដ៏ស្មុគស្មាញនៃវិបត្តិនៅមីយ៉ាន់ម៉ា បញ្ហាដ៏រសើបនៅសមុទ្រចិនខាងត្បូង វិបត្តិសង្គ្រាមចាក់ស្រេះនៅអ៊ុយក្រែន និងបញ្ហាក្ដៅនៅឧបទ្វីបកូរ៉េជាដើម។
បើតាមការគូសបញ្ជាក់របស់សម្តេចតេជោ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា គឺជាកិច្ចប្រជុំកំពូលដ៏ក្ដៅបំផុតមួយនៅក្នុងកិច្ចប្រជុំកំពូលៗផ្សេងៗទៀត ប៉ុន្ដែ កម្ពុជាក្នុងនាមជាប្រធានអាស៊ាននៅតែអាចសម្របសម្រួល កិច្ចប្រជុំនេះបានយ៉ាងល្អ ដោយមិនមានការជជែកតឹងសសៃកដាក់គ្នា ឬអ្នកងើបដើរចេញ ពេលអ្នកផ្សេងទៀតកំពុងថ្លែងនោះឡើយ។ ទោះយ៉ាងណា កិច្ចប្រជុំមួយនេះ មិនមានការថតរូបជុំគ្នា នៅក្រោយការបញ្ចប់កិច្ចប្រជុំនោះឡើយ ហើយសម្តេចតេជោ ហ៊ុន សែន ក៏មិនបានបញ្ជាក់លម្អិត អំពីរឿងនេះដែរ។ ប៉ុន្ដែ គេអាចដឹងបានថា វាទំនងជាដោយសារតែ ភាពមិនចុះសម្រុងគ្នានៃទំនាក់ទំនងរវាងអាមេរិក និងរុស្ស៊ី ដ្បិតថា កិច្ចប្រជុំនោះ ក៏មានរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov ចូលរួមផងដែរ។
សូមជម្រាបថា បន្ទាប់ពីបិទបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជារួចមិនបានប៉ុន្មានថ្ងៃផង សម្តេចតេជោ ហ៊ុន សែន នឹងបន្តបេសកកម្ម ចូលរួមកិច្ចប្រជុំកំពូលក្រុមប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬហៅកាត់ថា G20 នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី និងបន្តចូលរួមក្នុងកិច្ចសន្ទនាក្រៅផ្លូវការរបស់មេដឹកនាំ នៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ហៅកាត់ថា APEC ក្នុងប្រទេសថៃ រាប់ចាប់ពីថ្ងៃទី១៥-១៨ ខែវិច្ឆិកា ឆ្នាំ២០២២៕