ពាណិជ្ជកម្មកម្ពុជា-អាមេរិកត្រូវបានរំពឹងកើនឡើងបន្ថែមទៀត

ពាណិជ្ជកម្មកម្ពុជា-អាមេរិកត្រូវបានរំពឹងកើនឡើងបន្ថែមទៀត ខណៈនៅ១០ខែឆ្នាំនេះកើនដល់ជិត ៨ពាន់លានដុល្លារ


ជញ្ជីងពាណិជ្ជកម្មកម្ពុជា-អាមេរិក នៅរយៈពេល១០ខែ ក្នុងឆ្នាំ២០២២ បានកើនដល់ជិត ៨ពាន់លានដុល្លារអាមេរិក កើនឡើង២៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ អ្នកជំនាញបានកត់សម្គាល់ឃើញថា ទំនាក់ទំនងពាណិជ្ជកម្ម កម្ពុជា-អាមេរិក កាន់តែបង្ហាញភាពវិជ្ជមានគួរឲ្យកត់សម្គាល់ ស្របពេលវត្តមានរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន មកកាន់កម្ពុជា ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលសបញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់របស់សហរដ្ឋអាមេរិកចំពោះអាស៊ាន ក៏ដូចជាកម្ពុជាផងដែរ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក រូបភាព៖ SPM page

អំឡុងការចូលរួមកិច្ចប្រជុំខាងលើនេះ លោក ចូ បៃឌិន បានបង្ហាញពីសារៈសំខាន់របស់អាស៊ានចំពោះអាមេរិក ខណៈទំនាក់ទំនងរវាងអាមេរិក-អាស៊ាន ត្រូវបានលើកកម្ពស់ឲ្យក្លាយជាទំនាក់ទំនងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ដែលជាឱកាសជំរុញបន្ថែមនូវទំនាក់ទំនងយ៉ាងស្អិតល្មួតរវាងកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជា រវាងអាស៊ាន និងអាមេរិក។

បើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបង្ហាញថា នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មអន្តរជាតិសរុបមានជាង ៤៤ពាន់លានដុល្លារ មានកំណើន១៥% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ សហរដ្ឋអាមេរិក បានឈរនៅលំដាប់លេខរៀងទី២ ដែលមានទំហំពាណិជ្ជកម្មច្រើនជាងគេ ជាមួយកម្ពុជា ខណៈប្រទេសដែលឈរនៅលំដាប់លេខរៀងទី១ គឺប្រទេសចិន។ សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិកវិញកាន់តែមានទំហំកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ជញ្ជីងពាណិជ្ជកម្មកម្ពុជា-អាមេរិក មានកំណើនរហូត ២៤% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១ ដែលគិតជាទំហំទឹកប្រាក់មានជិត ៨ពាន់លានដុល្លារអាមេរិក។ ជាមួយគ្នានោះ ការនាំចេញទំនិញរបស់កម្ពុជា ទៅកាន់សហរដ្ឋអាមេរិក មានកំណើនជាង២៥% ដែលគិតជាទំហំទឹកប្រាក់ជាង ៧ពាន់លានដុល្លារអាមេរិក។

ជុំវិញទំនាក់ទំនងពាណិជ្ជកម្មរវាង កម្ពុជា-អាមេរិក ត្រូវបានអ្នកជំនាញកត់សម្គាល់កាលពីពេលថ្មីៗថា សម្រាប់ទីផ្សារសហរដ្ឋអាមេរិក ពិតជាមានសារៈសំខាន់ខ្លាំង មិនខុសគ្នាប៉ុន្មាន នោះទេ បើប្រៀបជាមួយនឹងទីផ្សារប្រទេសចិន។ បើតាមការពន្យល់របស់អ្នកជំនាញ ភាពមិនខុសគ្នារវាងសារៈសំខាន់របស់អាមេរិក និងចិន ចំពោះកម្ពុជា ក៏ព្រោះតែទីផ្សារប្រទេសទាំងពីរនេះ សុទ្ធតែជាទីផ្សារធំៗ និងសំខាន់ដូចគ្នា សម្រាប់កម្ពុជា ក្នុងការដោះដូរទំនិញ ខណៈប្រទេសទាំងពីរ ក៏មានតម្រូវការផ្សេងគ្នា។ អ្នកជំនាញរំពឹងថា ទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក ក៏ដូចជា អាស៊ាន-អាមេរិក នឹងកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត តាមរយៈការបានអញ្ជើញចូលរួមរបស់ថ្នាក់ដឹកនាំសហរដ្ឋអាមេរិក លោក ចូ បៃឌិន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅឆ្នាំ២០២២នេះ ក្នុងនាមកម្ពុជាគឺជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំ ដែលបង្ហាញឲ្យឃើញថា សហរដ្ឋអាមេរិកមានការយកចិត្តទុកដាក់ជាមួយអាស៊ាន។

បើតាមការគូសបញ្ជាក់របស់លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក នាឱកាសជួបពិភាក្សាទ្វេភាគីជាមួយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលជាថ្ងៃទី៣ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ លោកបានសង្កត់ធ្ងន់ថា សហគមន៍អាស៊ាន គឺមានសារៈសំខាន់ណាស់ចំពោះសហរដ្ឋអាមេរិក ជាពិសេសចំពោះរដ្ឋបាលរបស់លោកផ្ទាល់តែម្ដង។ ក្នុងនោះ ទំនាក់ទំនងរវាងអាមេរិក-អាស៊ាន ត្រូវបានលើកកម្ពស់ឲ្យក្លាយជាទំនាក់ទំនងយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ ផងដែរ។

បើតាមប្រសាសន៍របស់ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោ ហ៊ុន សែន ថ្លែងបានអ្នកសារព័ត៌មាន នៅក្នុងជំនួបកំពូលទ្វេភាគីនោះ លោក ចូ បៃឌិន បានបញ្ជាក់ទៀតថា សហរដ្ឋអាមេរិកគាំទ្រនូវមជ្ឈភាពអាស៊ាន ហើយប្រធានាធិបតីអាមេរិករូបនេះ ក៏បានវាយតម្លៃខ្ពស់ ចំពោះវិធានការរបស់កម្ពុជា ជាប្រធានអាស៊ាន ក្នុងការប្រឹងប្រែងដោះស្រាយបញ្ហា នៅប្រទេសមីយ៉ាន់ម៉ា ដើម្បីឲ្យវិលត្រឡប់មកស្ថានភាពដើមវិញ។ មិនតែប៉ុណ្ណោះ លោក ចូ បៃឌិន ក៏បានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោ ដែលបានយកចិត្តទុកដាក់លើវិបត្តិនៃសង្រ្គាមឈ្លានពានរបស់រុស្ស៊ីទៅលើប្រទេសអ៊ុយក្រែន ផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលបានរៀបចំឡើងជាលើកទី៣ នៅកម្ពុជា ក្នុងនាមជាប្រធានប្តូរវេន ត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី៨ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ៖ដោះស្រាយបញ្ហាប្រឈមជាមួយគ្នា»៕




អត្ថបទបន្ទាប់


អ្នកជំនាញរំពឹងខ្ពស់ចំពោះការនិយោគ និងពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ក្រោយភាគីទាំងពីរពង្រីក ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ

ព័ត៌មាន
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងឯកឧត្តម គីស៊ីដា ហ្វូមីអូ នាយករដ្ឋមន្ត្រីជប៉ុន បានប្រកាសរួមគ្នាអំពីការឯកភាពក្នុងការពង្រីកទំ…

វៀតណាម ថៃ និងសិង្ហបុរី ឈរកំពូលតារាងក្នុងចំណោមប្រទេសអាស៊ាន ដែលជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា

ព័ត៌មាន
នៅរយៈពេល ១០ខែ ក្នុងឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយប្រទេសសមាជិកអាស៊ាននៅតែមានកំណើនល្អប្រសើរនិយាយជារួម បើទោះបីជា ទំហំពា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ