មេភូមិភាគទី២ថៃ

មេភូមិភាគទី២ថៃ ឱ្យរដ្ឋាភិបាលប្តឹងទៅ ICJ ឬប្រើកម្លាំងយោធា បើចង់បានប្រាសាទព្រះវិហារ តែអ្នកជំនាញខ្មែរថា មិនអាចទៅរួច


លោក ប៊ុនស៊ីន ផាតឃ្លាំង (Boonsin Phadklang) មេយោធភូមិភាគទី២របស់ថៃ បានផ្តល់គំនិតពីរដល់រដ្ឋាភិបាលថៃ ក្នុងការដណ្ដើមយកប្រាសាទព្រះវិហារពីកម្ពុជា ត្រឡប់មកវិញ ក្នុងនោះលោកឱ្យរដ្ឋាភិបាលដាក់ពាក្យបណ្ដឹងជំទាស់សាលក្រមរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងវិធីសាស្ត្រមួយទៀត គឺប្រើកម្លាំងយោធាវាយដណ្ដើមយកតែម្ដង។ អ្នកជំនាញច្បាប់ និងអ្នកតាមដានស្ថានការណ៍សង្គមបានប្រៀបធៀបការលើកឡើងរបស់មេភូមិភាគទី២ថៃ នេះថា ជាការដេកយល់សប្តិទាំងកណ្ដាលថ្ងៃ ដែលចង់បានទឹកដីខ្មែរភ្លេចអស់នូវគោលការណ៍ច្បាប់ និងសន្ធិសញ្ញាអន្តរជាតិ។
មេភូមិភាគទី២ថៃ
ដោយ

សម្រាប់អ្នកជំនាញការស្រមើស្រមៃរបស់មេភូមិភាគជិតចូលនិវត្តន៍នេះមិនអាចទៅរួចនោះទេ ព្រោះរឿងក្តីប្រាសាទព្រះវិហារត្រូវបានតុលាករ ICJ សម្រេចជាយូរមកហើយ មិនអាចសើរើវិញបាននោះទេ។

លោក សេក សុជាតិ អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ យល់ឃើញថា ការលើកឡើងពីមធ្យោបាយចង់បានប្រាសាទព្រះវិហារពីកម្ពុជា របស់មេភូមិភាគ២ថៃនេះ ហាក់ជាការស្រមើលស្រមៃគ្មានថ្ងៃទៅរួច ព្រោះការកាត់ក្ដីនៅតុលារការ ICJ កន្លងមកបានបង្ហាញយ៉ាងច្បាស់ថា ប្រាសាទព្រះវិហាររបស់កម្ពុជា ហើយថែមទាំងបានដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូទៀតផង។ ស្ថិតក្នុងកាលៈទេសៈនេះ លោក ស្នើឱ្យរាជរដ្ឋាភិបាលត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍ច្បាប់អន្តរជាតិ និងជំរុញឱ្យថៃគោរពសន្ធិសញ្ញាបារាំងសៀម ក៏ដូចជាដាក់ពាក្យបណ្ដឹងទៅភាគីពាក់ព័ន្ធនានា។

ជាមួយគ្នានេះ លោកមេធាវី សុខ សំអឿន ប្រធានក្រុមអ្នកច្បាប់ និងជាទីប្រឹក្សាអមរិន្ទ បានលើកឡើងពាក់ព័ន្ធនឹងការលើកឡើងរបស់មេភូមិភាគទី២ថៃ ដែលផ្ដល់ធាតុចូលសំខាន់ពីរដល់រដ្ឋាភិបាលថៃ ក្នុងការដណ្ដើមយកប្រាសាទព្រះវិហារពីកម្ពុជា តាមរយៈប្រើកម្លាំងយោធា និងដាក់ពាក្យបណ្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិនេះ គឺមិនអាចទៅរួចនោះទេ ព្រោះករណីក្ដីក្ដាំងរឿងប្រាសាទព្រះវិហារនេះបានបិទបញ្ចប់នៅតុលាការបាត់ទៅហើយ ហើយក៏មិនអាចសើរើឡើងវិញបាននោះដែរ។

ដោយឡែកលោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ចំពោះករណីមេភូមិភាគទី២ថៃ លើកឡើងចង់បានប្រាសាទព្រះវិហារពីកម្ពុជា ទាំងកម្រោលនេះ គឺមិនអាចធ្វើទៅរួចនោះទេ។ សម្រាប់អ្នកជំនាញរូបនេះ បើថៃ ហ៊ានប្តឹងទៅ ICJ ជារឿងគួរឱ្យសាទរទៅវិញទេ ព្រោះវាបានបង្ហាញពីការទទួលស្គាល់យុត្តាធិការតុលាការយុត្តិធម៌អន្តរជាតិ ឡើងវិញរបស់ថៃ។ បើតាមអ្នកជំនាញរូបនេះ រដ្ឋភាគីជម្លោះមានសិទ្ធិអាចស្នើសុំប្តឹងទាស់ទៅ ICJ ក្នុងរយៈពេល១០ឆ្នាំប៉ុណ្ណោះបន្ទាប់ពី ICJ ចេញដីការ និងត្រូវស្ថិតក្នុងរយ:យ៉ាងយូរ៦ខែបន្ទាប់ពីរកឃើញភស្តុតាងថ្មី។ ហើយថៃ អាចមានករណីតែមួយគត់ ដែលអាចស្នើសុំពិនិត្យសាលដីការបស់ ICJ ឡើងវិញបានតាមរយៈរកឃើញភស្តុតាងថ្មីសំខាន់បំផុតទាំង ICJ និងរដ្ឋភាគីជម្លោះមិនបានដឹង។

បើតាមលោកបណ្ឌិត គិន ភា ប្រសិនថៃ ប្រើប្រាស់កម្លាំងយោធា ករណីនេះកាន់តែមិនអាចទៅរួច ព្រោះអាចរងការថ្កោលទោសពីសហគមន៍អន្តរជាតិ ហើយលោកបណ្ឌិតជឿជាក់ថា សហគមន៍អន្តរជាតិ ក៏មិនបិទភ្នែកឱ្យថៃ ប្រើប្រាស់កម្លាំងបាយ និងច្បាប់ព្រៃ ដើម្បីរំលោភយកទឹកដីខ្មែរតាមទំនើងចិត្តនោះដែរ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


រាជរដ្ឋាភិបាលសម្រេចផ្អាករៀបចំពិធីបុណ្យអុំទូកនៅភ្នំពេញឆ្នាំនេះ តែឱ្យខេត្តនានារៀបចំតាមលទ្ធភាព

រាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាករៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុកនៅរាជធានីភ្នំពេញឆ្នាំនេះ ប៉ុន្ដែអនុញ្ញាតឱ្យបណ្…

នាយករដ្ឋមន្ត្រីស្ដីទីថៃ ដាក់ញត្តិសុំរំលាយសភា ក្រោយគូប្រជែងទទួលបានការគាំទ្រពីគណបក្សប្រឆាំងដ៏ធំមួយ

នាយករដ្ឋមន្ត្រីស្តីទីថៃ លោក ភូមថាម វីឆាយ៉ាឆៃ (Phumtham Wechayachai) បានដាក់ញត្តិសុំរំលាយសភា បន្ទាប់ពីគណបក្សប្រជាជនថៃ ដែលជាគណបក្សប្រឆាំ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ