អត្ថបទពាណិជ្ជកម្ម

ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្តេជ្ញាបន្តផ្ដល់ការបណ្ដុះបណ្ដាលជំនាញជូនសហគ្រាសសាធារណៈ


នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានចូលរួមជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាល ស្ដីពី មូលដ្ឋានគ្រឹះគណនេយ្យសម្រាប់សហគ្រាសសាធារណៈ។
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្តេជ្ញាបន្តផ្ដល់ការបណ្ដុះបណ្ដាលជំនាញជូនសហគ្រាសសាធារណៈ
ដោយ

ពិធីបិទវគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពី​ថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, និយ័តករ​គណនេយ្យ និងសវនកម្ម, សិក្ខាកាមដែលជាមន្ត្រីត្រួតពិនិត្យរដ្ឋអមសហគ្រាសសាធារណៈ និងសិក្ខាកាមកំពុង​បម្រើការងារនៅតាមសហគ្រាសសាធារណៈទាំង ២៦ ដែលជាអគ្គនាយករង, ប្រធាន-អនុប្រធាននាយកដ្ឋាន, ប្រធាន-អនុប្រធានផ្នែក ឬប្រធាន-អនុប្រធាន​ការិយាល័យ និងមន្ត្រីជំនាញទទួលបន្ទុកការងារគណនេយ្យ និងហិរញ្ញវត្ថុ ដែលសរុបមានអ្នកចូលរួមប្រមាណ ១០០រូប។

សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះត្រូវបានរៀបចំឡើង ដោយមាន​ការសម្របសម្រួល​រវាងក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង និយ័តករគណនេយ្យ និងសវនកម្ម ព្រមទាំងមានការគាំទ្រថវិកាពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ វគ្គបណ្ដុះបណ្ដាលនេះបានប្រព្រឹត្ត​ទៅដោយជោគជ័យ ដោយសិក្ខាកាមសរុប ៩៣រូប បានទទួលការបណ្ដុះបណ្ដាលផ្ទាល់ពីគ្រូឧទ្ទេសនៃនិយ័តករគណនេយ្យ និងសវន​កម្ម រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ សម្រាប់សិក្ខាកាមក្រុមទី១ និងក្រុមទី២ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៥។ បន្ទាប់ពីបានចូលរួមការបណ្ដុះបណ្ដាលនេះ សិក្ខាកាមបានយល់ដឹងបន្ថែមអំពីទស្សនាទាន និងគោលការណ៍គ្រឹះនៃគណនេយ្យ និងសមាសធាតុសំខាន់ៗ នៃរបាយការណ៍ហិរញ្ញវត្ថុ ពិសេសប្រភេទឯកសារ និងលំហូរនៃការកត់ត្រាប្រតិបត្តិការគណនេយ្យ ព្រមទាំងការកត់ត្រាគណនីទ្វេភាគ, របៀបកត់ត្រាតាមគណនីសំខាន់ៗក្នុងសៀវភៅធំ និងតារាងតុល្យការ រួមមាន សន្និធិ, ទ្រព្យសកម្មរយៈពេលវែងរូបិយ, ការបង្គរ និងការបង់មុន, បំណុលពិបាកទារ និងការបង្គរទុក ព្រមទាំងការកត់ត្រាអាករលើតម្លៃបន្ថែម។

ទន្ទឹមនេះ សិក្ខាកាមក៏យល់ដឹងបន្ថែមអំពីគណនីត្រួតពិនិត្យ, ការផ្ទៀងផ្ទាត់របាយការណ៍ធនាគារ និងការកែតម្រូវកំហុសឆ្គង ក៏ដូចជាការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ទាំង ៣ រួមមាន របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ, របាយការណ៍ចំណេញ ឬខាត, របាយ-ការណ៍បម្រែបម្រួលមូលធន, និងការប្រើប្រាស់ប្រព័ន្ធរៀបចំរបាយការណ៍ហិរញ្ញវត្ថុឌីជីថល។ ជារួម វគ្គបណ្ដុះបណ្ដាលនេះបានរួមចំណែកដល់ការពង្រឹងនិងពង្រីកការយល់ដឹង ចំណេះដឹង និងចំណេះធ្វើ​ពាក់ព័ន្ធការងារគ្រប់គ្រងគណនេយ្យ និងហិរញ្ញវត្ថុ ដែលជាផ្នែកមួយសំខាន់ និងជាគន្លឹះសម្រាប់​ឈានដល់​ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុមួយគ្រប់ជ្រុងជ្រោយ បង្ហាញពីតម្លាភាព និងគណនេយ្យភាព​របស់សហគ្រាស​ទាំងអស់ដែលរដ្ឋជាម្ចាស់កម្មសិទ្ធិ។ ទន្ទឹមនេះ ចំណេះដឹងទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះនឹងក្លាយជាមូលដ្ឋានរឹងមាំ ដើម្បីឱ្យសហគ្រាសសាធារណៈទាំងអស់អាច​ឈានទៅអនុវត្តការកត់ត្រា និងការ​រៀបចំរបាយការណ៍​ហិរញ្ញវត្ថុស្របតាមស្ដងដាគណនេយ្យសាធារណៈនៅកម្ពុជា។

ក្នុងឱកាសពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមបណ្ឌិត អៀង ស៊ុនលី បានវាយតម្លៃខ្ពស់ចំពោះការចូលរួម និងលទ្ធផលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ដែលជាផ្នែកមួយនៃវិធានការកែទម្រង់ដោយផ្ដោតលើការពង្រឹងសមត្ថភាពក្នុងចំណោមថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ​នៃសហគ្រាសសាធារណៈ ស្របតាមទិសដៅនៃការកែទម្រង់ការគ្រប់គ្រង​សហគ្រាសសាធារណៈ​ដែលមានទិសដៅពង្រឹងអភិបាលកិច្ច គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាព​នៃការប្រកបអាជីវកម្មរបស់សហគ្រាសសាធារណៈ។ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការបានគូសបញ្ជាក់ថា តាមទិសដៅ​នៃ​ការកែទម្រង់សហគ្រាសសាធារណៈ រាជរដ្ឋាភិបាលនឹងប្រគល់​ជូនសហគ្រាស​សាធារណៈកាន់តែច្រើនឡើង និងច្បាស់លាស់​ជាងមុន លើស្វ័យភាពផ្នែកគ្រប់គ្រង, ស្វ័យភាពខាងហិរញ្ញវត្ថុ និងការគ្រប់គ្រងថវិកា ដើម្បីផ្ដល់លទ្ធភាពឱ្យបានគ្រប់គ្រាន់ជូនដល់សហគ្រាសសាធារណៈ ក្នុងការប្រកបអាជីវកម្ម ឬផ្ដល់សេវា ឱ្យសម្រេចបានតាមគោលបំណងចម្បងនៃការបង្កើតសហគ្រាសសាធារណៈ គឺ៖ (ទី១) អាចសម្រេចបានគោលដៅអាជីវកម្មដោយទទួលបានប្រាក់ចំណេញក្នុងទីផ្សារប្រកបដោយភាពប្រកួតប្រជែង និងមាននីរន្តរភាពអាជីវកម្ម, និង (ទី២) អាចអនុវត្តបានដោយជោគជ័យ និងប្រកបដោយប្រសិទ្ធភាពខ្ពស់នូវគោលនយោបាយនានាដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីផ្ដល់សេវា និងទំនិញផ្នែកសង្គម ដែលជាតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

សូមគូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០២៤ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំ​វគ្គបណ្ដុះបណ្ដាល​ជាបន្តបន្ទាប់​ក្នុងក្របខ័ណ្ឌ​នៃការកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈនៅកម្ពុជា រួមមាន៖ វគ្គបណ្ដុះបណ្ដាលស្ដីពី​លក្ខន្ដិកៈរបស់សហគ្រាសសាធារណៈ និងការគ្រប់គ្រងអាជីវកម្ម, វគ្គបណ្ដុះបណ្ដាល ស្ដីពីអភិបាលកិច្ច​សាជីវកម្មនៃសហគ្រាសសាធារណៈ, និងវគ្គបណ្ដុះបណ្ដាលជំនាញពន្ធដារ។​ រាជរដ្ឋាភិបាលចាត់ទុក​សហគ្រាស​សាធារណៈជាតួអង្គអភិវឌ្ឍន៍យ៉ាងសំខាន់ ក្នុងការអនុវត្តគោលនយោ​បាយរបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។ ក្នុងបរិបទថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន ដោយពិនិត្យឃើញអំពីតួនាទី​របស់សហគ្រាស​សាធារណៈកាន់តែមានសារសំខាន់និងមិនអាចខ្វះបាន ដើម្បីផ្ដល់សម្ទុះកំណើនសេដ្ឋកិច្ច និងការបង្កើនល្បឿននៃកិច្ចអភិវឌ្ឍសង្គម, រាជរដ្ឋាភិបាលបានកំណត់យកការពង្រឹងសហគ្រាសសាធារណៈ ជាវិធានការកែទម្រង់គន្លឹះមួយរបស់រាជរដ្ឋាភិបាល។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ រាជរដ្ឋាភិបាល ដោយមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជាសេនាធិការ បានដាក់ឱ្យអនុវត្តនូវ “យុទ្ធសាស្ត្រស្ដីពីការកែទម្រង់​ការគ្រប់គ្រងសហគ្រាសសាធារណៈ ២០២៥-២០៣០” ដែលជាឯកសារចង្អុល​បង្ហាញការកែទម្រង់ជាយុទ្ធសាស្ត្រ ដើម្បីឈានទៅពង្រឹងបន្ថែមទៀតនូវអភិបាលកិច្ចសាជីវកម្ម គណនេយ្យភាព តម្លាភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងអាជីវកម្មរបស់សហគ្រាសសាធារណៈ ឱ្យស្របតាមការវិវត្តនៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងឧត្ដមានុវត្តន៍ជាអន្តរជាតិ។




អត្ថបទបន្ទាប់


អ្នកចិញ្ចឹមបង្កងវៀតណាមយំលែងចេញ ខណៈម្នាក់ៗខាតប្រហែលជាង ១២ម៉ឺនដុល្លារ ដោយគ្រោះទឹកជំនន់ ធ្វើឱ្យបង្កងងាប់គ្មានសល់

អ្នកចិញ្ចឹមបង្កងនៅវៀតណាម កំពុងយំលែងចេញហើយ ក្រោយគ្រោះទឹកជំនន់នៅប៉ុន្មានថ្ងៃនេះ បានធ្វើបង្កងប្រហែល ២០លានក្បាល ដែលចិញ្ចឹមនៅក្នុងខេត្ត ដាក់ឡាក…

សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន ឯកភាពបង្រួមផែនការសន្តិភាព២៨ចំណុចមកនៅត្រឹម១៩ ចំណុច

សហរដ្ឋអាម៉េរិក និងអ៊ុយក្រែន បានឯកភាពគ្នាកាត់បន្ថយ ឬបង្រួមផែនការសន្តិភាពពី២៨ចំណុចមកត្រឹម១៩ចំណុចវិញ សំដៅបញ្ចប់សង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន។ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ