រូបិយប័ណ្ណឌីជីថល

ជនអាថ៌កំបាំងដែលជាអ្នកបង្កើត Bitcoin ពេលនេះក្លាយជាកំពូលមហាសេដ្ឋីមានបំផុតទី១១ក្នុងពិភពលោក


ពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅពេលដែល Bitcoin បានលេចវត្តមាននៅអំឡុងឆ្នាំ២០០៨ និងត្រូវបានដាក់ឱ្យដំណើរការជួញដូរនៅឆ្នាំ២០០៩ ហើយពិភពលោកពិតជាចង់ដឹងយ៉ាងខ្លាំងថា តើនរណាជាអ្នកបង្កើតរូបិយប័ណ្ណឌីជីថល ឬគ្រីបតូដ៏ល្បីល្បាញរបស់ពិភពលោកមួយនេះ។
រូបិយប័ណ្ណឌីជីថល
ដោយ

ហើយពេលនេះ ពិភពលោកមានការភ្ញាក់ផ្អើលជាថ្មី ក្រោយធ្លាយដំណឹងថា ជនអាថ៌កំបាំងនៅពីក្រោយការបង្កើត Bitcoin នៅពេលនេះបានក្លាយជាកំពូលមហាសេដ្ឋីមានបំផុតទី១១ ក្នុងពិភពលោកជាមួយនឹងទ្រព្យសម្បត្តិដែលរក្សាទុកជា Bitcoin រហូតដល់ទៅ១២៩ពាន់លានដុល្លារអាម៉េរិក ធ្វើឱ្យផ្ទុះការជជែកដេញដោលយ៉ាងក្ដៅគគុកនៅក្នុងពិភពបច្ចេកវិទ្យា។

យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា ជនអាថ៌កំបាំង Satoshi Nakamoto ដែលជាអ្នកបង្កើត Bitcoin ដែលជារូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតដ៏ល្បីល្បាញរបស់ពិភពលោកនៅពេលនេះ បានក្លាយជាកំពូលមហាសេដ្ឋីមានបំផុតទី១១ ក្នុងពិភពលោកគួរឱ្យភ្ញាក់ផ្អើល។ ដំបូងពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែល Bitcoin បានលេចវត្តមានអំឡុងឆ្នាំ២០០៨ និងត្រូវបានដាក់ឱ្យដំណើរការជួញដូរ Bitcoin នៅឆ្នាំ២០០៩។ ហើយពេលនេះ ពិភពលោកមានការភ្ញាក់ផ្អើលជាថ្មីចំពោះទ្រព្យសម្បត្តិដ៏មហាសាលរបស់ Satoshi Nakamoto ខណៈដែលអត្តសញ្ញាណពិតប្រាករបស់គេនៅតែជាអាថ៌កំបាំងនៅឡើយ។

យោងតាមរបាយការណ៍របស់គេហទំព័រ Coin Telegraph ដែលបានដកស្រង់ទិន្នន័យពី Arkham ដែលជាក្រុមហ៊ុនវិភាគទិន្នន័យ Blockchain បានឱ្យដឹងថា Satoshi Nakamoto មាន Bitcoin នៅក្នុងដៃរហូតដល់ទៅប្រមាណ១,១លានកាក់ ហើយពេលនេះកាក់ទាំងនេះមានតម្លៃសរុបរហូតដល់ទៅ១២៩ពាន់លានដុល្លារ ក្រោយពីវាបានហក់ឡើងថ្លៃលើស១២ម៉ឺនដុល្លារអាម៉េរិក ក្នុងមួយកាក់ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយធ្វើឱ្យគេក្លាយជាកំពូលមហាសេដ្ឋីមានបំផុតទី១១ក្នុងពិភពលោក។

ហើយអ្វីដែលកាន់តែគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ គឺថា Satoshi Nakamoto មិនដែលបានប៉ះពាល់ ឬលក់ចេញ Bitcoin សូម្បីតែមួយកាក់ ទោះបីជាតម្លៃ Bitcoin បានហក់ឡើងកប់ពពកក៏ដោយ។

ក្រុមអ្នកជំនាញប៉ាន់ប្រមាណថា ប្រសិនបើ Bitcoin នៅតែបន្តហក់ឡើងថ្លៃ ជនអាថ៌កំបាំងរូបនេះអាចនឹងក្លាយជាអ្នកមានបំផុតទី២របស់ពិភពលោកនៅត្រឹមឆ្នាំ២០២៦ ដ៏ខ្លីខាងមុខនេះ៕

ដោយ:  តែម សុខុម




អត្ថបទបន្ទាប់


ក្រុមហ៊ុនផលិតបន្ទះសូឡានៅអាម៉េរិក ស្នើឱ្យរដ្ឋាភិបាល ដំឡើងពន្ធលើបន្ទះសូឡារបស់ឥណ្ឌូនេស៊ី ឡាវ និងឥណ្ឌា

សម្ពន្ធក្រុមហ៊ុនផលិតបន្ទះស្រូបពន្លឺព្រះអាទិត្យ ឬសូឡារបស់សហរដ្ឋអាម៉េរិក បានដាក់ញត្តិទៅរដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីស្នើសុំដំឡើងព…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ