
ជាមួយគ្នានេះភាគីកម្ពុជា និងថៃ បានឯកភាពគ្នាលើកលែងការយកថ្លៃសេវាលើការអនុញ្ញាតចេញចូលតាមច្រកព្រំដែនកម្ពុជា-ថៃ ដល់ពលករខ្មែរ ចាប់ពីថ្ងៃទី១-១៥ ខែមេសា ក្រោមការជួយសម្របសម្រួលពីសមត្ថកិច្ច ដែលឈរជើងនៅតាមព្រំដែន។ យ៉ាងណាមិញអ្នកតាមដានបញ្ហាសង្គមយល់ឃើញថា ពលករខ្មែរមួយចំនួនអាចនឹងពិបាកសម្រេចចិត្តវិលមកកាន់ស្រុកកំណើតវិញបើទោះបីជានៅថៃ កើតមានគ្រោះរញ្ជួយដី ដោយសារខ្វះខាតថវិការ។
ឯកឧត្តម សុខ សុមនា អគ្គនាយករង នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ បានប្រាប់សារព័ត៌មានខេមបូណូមីសថា ក្រោយប្រទេសថៃ ដែលជាអ្នកក្បែរខាងកម្ពុជា បានជួបគ្រោះរញ្ជួយដីធ្ងន់ធ្ងរជាប្រវត្តិសាស្ត្រ មានពលករខ្មែរជាច្រើនបានធ្វើដំណើរចាកចេញពីប្រទេសថៃ មកកាន់ប្រទេសកម្ពុជា។ តែយ៉ាងណាឯកឧត្តម មិនបានបញ្ជាក់ពីចំនួនពលករខ្មែរ ដែលចាកចេញពីប្រទេសថៃ មកទល់ពេលនេះមានចំនួនប៉ុន្មាននាក់នោះទេ។ តែយ៉ាងណា មន្ត្រីជាន់ខ្ពស់រូបនេះបានអះអាងថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានរៀបចំមន្រ្តីតាមច្រកព្រំដែននានា ដើម្បីជួយសម្រួលការធ្វើដំណើរត្រលប់មកស្រុកកំណើតវិញរបស់ពលករខ្មែរនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ខាងមុខនេះ។
ស្រដៀងគ្នានេះដែរ ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា មន្រ្តីរបស់ក្រសួងការងារ ក៏ដូចជាសមត្ថកិច្ចពាក់ព័ន្ធកំពុងនៅតាមច្រកទ្វាព្រំដែនអន្តរជាតិនានា ដើម្បីជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរវិលត្រលប់មកស្រុកវិញនាឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។ ស្របពេលគ្រោះរញ្ជួយដីថៃ នៅតែបន្តកើតមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានក្រើនរំលឹកដល់ប្រជាពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក៏ដូចជាយកចិត្តទុកដាក់ស្តាប់តាមការណែនាំរបស់មន្រ្តីមានសមត្ថកិច្ច ក្នុងករណីមានគ្រោះរញ្ជួយដីកើតមានឡើង។
ជាមួយគ្នានេះ លោកបណ្ឌិត មាស នី អ្នកវិភាគបញ្ហាសង្គម កត់សម្គាល់ឃើញថា ទោះបីនៅក្នុងប្រទេសថៃ នៅតែកើតមានគ្រោះរញ្ជួយដីយ៉ាងណាក្ដី តែចរន្តនៃការធ្វើដំណើររបស់ពលរដ្ឋខ្មែរវិលត្រលប់មកកាន់ស្រុកកំណើតវិញហាក់មិនទាន់មានច្រើននោះទេ អាចដោយសារពួកគេខ្វះលទ្ធភាព។ អ្នកជំនាញរូបនេះបន្ថែមថា ដើម្បីអាចជួយសម្រួលដល់ពលករខ្មែរធ្វើដំណើរវិលមកកាន់ស្រុកកំណើតវិញបាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរតែមានឡានក្រុងដឹកជញ្ជូនពលករខ្មែរធ្វើដំណើរវិលមកស្រុកទាំងនោះ។
បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ភាគីថៃ បានឯកភាពលើកលែងការយកថ្លៃសេវាអនុញ្ញាតឱ្យចេញចូលប្រទេសថៃ ដល់ពលរដ្ឋខ្មែរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ចន្លោះពីថ្ងៃទី១-១៥ ខែមេសា ឆ្នាំ២០២៥៕