
បន្ទាប់ពីការរញ្ជួយដីកម្រិតជិត៩រិច្ឆទ័រដ៏កំណាចបំផុតមិនធ្លាប់មានពីមុនមកបានវាយប្រហារតំបន់ ដែលមានប្រជាជនតិចតួចនៅចុងភាគបូព៌ានៃប្រទេសរុស្ស៊ី ប្រជាជាតិមួយចំនួនរាប់ចាប់ពីប្រទេសជប៉ុន រហូតដល់សហរដ្ឋអាម៉េរិក និងអេក្វាឌ័របានចេញការព្រមានដល់ពលរដ្ឋរបស់ពួកគេឱ្យស្ថិតនៅឆ្ងាយពីតំបន់ឆ្នេរសមុទ្រក្រែងលោមានរលកយក្សស៊ូណាមិ។ បើតាមការព្រមាននេះ គេបានព្យាករថា នឹងមានទឹករលកកម្ពស់រហូតដល់៤ម៉ែត្រវាយប្រហារផ្នែកខ្លះៗនៅជាប់មហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត៨,៨រិច្ឆទ័រ បានកើតឡើងនៅជ្រោយកាំឆាតកា (Kamchatka) របស់ប្រទេសរុស្ស៊ី កាលពីព្រឹកថ្ងៃពុធ។
រលកយក្សស៊ូណាមិ បានបង្កការរំខានយ៉ាងទូលំទូលាយ។ ប្រទេសប៉េរូ បានបិទកំពង់ផែចំនួន៦៥ក្នុងចំណោមកំពង់ផែប៉ាស៊ីហ្វិក ចំនួន១២១របស់ខ្លួន ហើយអាជ្ញាធរនៅលើកោះម៉ៅអ៊ី (Maui) រដ្ឋហាវ៉ៃសហរដ្ឋអាម៉េរិក បានលុបចោលជើងហោះហើរទៅមករវាងកោះមួយនេះ។
ប៉ុន្តែការភ័យខ្លាចចំពោះរលកយក្សស៊ូណាមិនេះ មិនបានកើតឡើងទេ ដោយប្រទេសទាំងប៉ុន្មានខាងលើនេះ បានប្រកាសដកការព្រមានពីរលកយក្សស៊ូណាមិនេះចេញវិញ ឬក៏ប្រកាសបន្ទាបកម្រិតនៃការព្រមាន និងប្រាប់អ្នករស់នៅតាមឆ្នេរសមុទ្រថា ពួកគេអាចត្រឡប់ទៅកាន់លំនៅឋានរបស់ពួកគេវិញបានហើយ។
នៅប្រទេសជប៉ុន មានពលរដ្ឋជិត២លាននាក់ ត្រូវបានបញ្ជាឱ្យជម្លៀសខ្លួនទៅរកទីទួលសុវត្ថិភាពនៅមុនពេលការព្រមានត្រូវបានបន្ធូរបន្ថយមកត្រឹមការក្រើនរំលឹកចំពោះតំបន់មួយចំនួននៅជាប់ឆ្នេរសមុទ្រប៉ាស៊ីហ្វិក ខណៈគេនៅតែសង្កេតឃើញទឹករលកមានកម្ពស់ជិត១ម៉ែត្រនៅឡើយនៅថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះ៕
ដោយ៖ សុខ មង្គល