ទីផ្សារផ្លែស្វាយ

តើតម្លៃផ្លែស្វាយដែលបានធ្លាក់ចុះកន្លងមក មកទល់ពេលនេះមានការប្រែប្រួលយ៉ាងណាហើយ?


ក្រុមកសិករដាំស្វាយនៅខេត្តបាត់ដំបង ត្អូញត្អែរពីធ្លាក់ចុះតម្លៃស្វាយនៅមួយរយៈចុងក្រោយនេះ ដែលអាចធ្វើឱ្យពួកគេប្រឈមនឹងការធ្លាក់ចុះប្រាក់ចំណូលក្នុងការទ្រទ្រង់ជីវភាព។ បើតាមការអះអាងរបស់ក្រុមអ្នកដាំស្វាយទាំងនោះ ផ្លែស្វាយធម្មតាមិនស្រោបបច្ចុប្បន្នអាចលក់បានចន្លោះពី៤០០រៀល ទៅ៥០០រៀល ក្នុងមួយគីឡូក្រាម ដែលជាតម្លៃមួយអាចផ្តល់ប្រាក់ចំណេញតិចតួចបំផុតដល់ពួកគេ ខណៈកាលពីអំឡុងខែកុម្ភៈ ផ្លែស្វាយអាចលក់បានជាង១ពាន់រៀល ក្នុង១គីឡូក្រាម។
ទីផ្សារផ្លែស្វាយ
ដោយ

លោកស្រី សយ ម៉ីស៊ីវ កសិករដាំស្វាយម្នាក់នៅខេត្តបាត់ដំបង បានប្រាប់សារព័ត៌មានខេមបូណូមីសថា បច្ចុប្បន្នតម្លៃផ្លែស្វាយធម្មតានៅតំបន់របស់លោកស្រី អាចលក់បានក្នុងតម្លៃចន្លោះពី៤៧០ ទៅ៤៨០រៀលក្នុង១គីឡូក្រាម តែបើលក់នៅចម្ការផ្ទាល់បានតម្លៃប្រមាណ៤០០រៀល ក្នុង១គីឡូក្រាម។ បើតាមការអះអាងរបស់កសិកររូបនេះ ការចេះធ្វើទីផ្សារដោយខ្លួនឯង អាចផ្ដល់ជម្រើសលក់បានទូលំទូលាយ ពោលគឺអាចរើសឈ្មួញលក់ក្នុងតម្លៃមួយ ដែលអាចទទួលយកបាន។

​ជាមួយគ្នានេះ លោកស្រី ទេព បុផ្ផា កសិករដាំស្វាយនៅខេត្តបាត់ដំបងម្នាក់ដែរនោះបានលើកឡើងថា បច្ចុប្បន្នផ្លែស្វាយនៅតំបន់របស់លោកស្រីអាចលក់បានតម្លៃ៥០០រៀល ក្នុងមួយគីឡូក្រាម ខណៈកាលពីខែកុម្ភៈ អាចលក់បានតម្លៃ១០០០រៀល ក្នុង១គីឡូក្រាម។ បើតាមកសិកររូបនេះ តម្លៃស្វាយបច្ចុប្បន្ន មិនអាចផ្ដល់ប្រាក់ចំណេញបាននោះទេ តែយ៉ាងណាលោកស្រី នៅតែរំពឹងថា តម្លៃស្វាយនឹងអាចឡើងបានចន្លោះពី១,២០០រៀល ទៅ១,៥០០រៀល ក្នុងមួយគីឡូក្រាម នាពេលខាងមុខនេះ។

​មិនខុសគ្នាពីកសិករទាំងពីររូបខាងលើនោះទេ កសិករដាំស្វាយមួយរូបទៀតនៅខេត្តបាត់ដំបង ដែលសុំមិនបញ្ចេញឈ្មោះបានលើកឡើងថា ក្នុងករណីស្វាយមានទំហំ៣ផ្លែបាន១គីឡូក្រាម អាចលក់បានក្នុងតម្លៃ៤០០រៀលក្នុង១គីឡូក្រាម ប៉ុន្តែសម្រាប់ទំហំស្វាយ៤ទៅ៥ផ្លែបានមួយគីឡូក្រាមវិញអាចលក់បានតម្លៃចន្លោះពី២៥០ ទៅ២៧០រៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។ បើតាមការអះអាងរបស់កសិកររូបនេះ ក្រោយឈ្មួញថៃ ផ្អាកចុះមកប្រមូលទិញ ឈ្មួញវៀតណាម បានក្រឡុកទីផ្សាយយ៉ាងខ្លាំង តែយ៉ាងណាលោកស្រីស្នើឱ្យរដ្ឋាភិបាលជួយធ្វើបច្ចុប្បន្នភាពពីតម្លៃស្វាយប្រចាំខេត្តនីមួយៗ។

​ដោយឡែក លោក ឃឹម ចាន់សុធារិទ្ធ ឈ្មួញប្រមូលទិញស្វាយមួយរូបនៅខេត្តបាត់ដំបង បានឱ្យដឹងថា នៅរដូវសម្បូរស្វាយនេះ លោកអាចទិញបានក្នុងតម្លៃ៤៥០រៀល ក្នុង១គីឡូក្រាម ជាប្រភេទស្វាយខៀវ ប៉ុន្តែប្រសិនស្វាយមានទំហំតូចជាងនេះ ទទួលបានតម្លៃ២០០រៀល ក្នុង១គីឡូក្រាមតែប៉ុណ្ណោះ។

បើតាមឈ្មួញកណ្ដាលរូបនេះ លោកមិនបានដឹងពីមូលហេតុនាំឱ្យតម្លៃស្វាយធ្លាក់ថ្លៃនោះទេ ដោយលោកគ្រាន់តែប្រមូលទិញទៅតាមការកំណត់ថ្លៃពីឈ្មួញធំនៅខាងប្រទេសថៃ តែប៉ុណ្ណោះ។ លោកបានបន្ថែមទៀតថា បើរាប់បញ្ចូលទាំងថ្លៃដឹកជញ្ជូន និងបង់ពន្ធគយ តម្លៃស្វាយដែលលោកបានទិញពីកសិករអាចផ្តល់ប្រាក់ចំណេញដល់លោកតិចតួចប៉ុណ្ណោះ។ តែយ៉ាងណា លោក ស្នើឱ្យកសិករចងក្រងដាំស្វាយជាសហគមន៍ ដើម្បីងាយស្រួលស្វែងរកទីផ្សារ។

​ពាក់ព័ន្ធបញ្ហាតម្លៃស្វាយធ្លាក់ចុះនេះដែរ ឯកឧត្តម យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យខេមបូណូមីសដឹងថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងចាប់ផ្តើមដាក់ពង្រាយមន្រ្តីកសិកម្មទៅជួយអន្តរាគមន៍លើកិច្ចការងារមួយនេះ។ បើតាមក្រុមកសិករដាំស្វាយ កត្តាដែលធ្វើឱ្យតម្លៃស្វាយនៅខេត្តបាត់ដំបង ធ្លាក់ចុះ គឺដោយសារការប្រមូលផលតំណាលពេលគ្នាធ្វើឱ្យផ្លែស្វាយចាល់ច្រើន ដែលធ្វើឱ្យឈ្មួញបន្ទាបតម្លៃ៕

អត្ថបទដោយ៖ ជា ម៉ារ៉ា




អត្ថបទបន្ទាប់


ឯកឧត្ដមបណ្ឌិត ស៊ា ម៉ៅ ធ្វើជាអធិបតីភាពប្រារព្ធទិវាអំណានជាតិ និងចែកឯកសណ្ឋានព្រមទាំងសម្ភារៈជូនប្រជាការពារ

(កំពង់ធំ)៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ស៊ា ម៉ៅ រដ្ឋលេខាធិការទីស្ដីការ គណៈរដ្ឋមន្ត្រី អនុប្រធាននិងជាអគ្គលេខាធ…

តើមានកត្តាអ្វីខ្លះ ធ្វើឱ្យការប្រើប្រាស់រថយន្តអគ្គិសនីនៅកម្ពុជា នៅមានកម្រិតទាប?

វិស័យយានយន្តអគ្គិសនី ត្រូវបានកំណត់ជាវិស័យមួយក្នុងចំណោមវិស័យដែលមានសក្តានុពលខ្ពស់ ក្នុងការចូលរួមជួយលើកកម្ពស់បរិស្ថាន និងធ្វើឱ្យប្រសើរឡើងនូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ