តម្លៃមាសដុំបានហក់ឡើងថ្លៃ ០,២%ឈានដល់ប្រមាណ ២.៨០០ ដុល្លារអាម៉េរិក ក្នុងមួយអោន ស្មើនឹងជាង ៨ជីមាស ឬ ៣.៤១៤ដុល្លារអាម៉េរិក ក្នុងមួយតម្លឹងនៅថ្ងៃសុក្រ ទី៣១ ខែមករា នេះ ក្រោយពីបានហក់ឡើង ១,៣%កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ដោយបំបែកកំណត់ត្រាខ្ពស់បំផុតរបស់ខ្លួនកាលពីអំឡុងខែតុលា ឆ្នាំ២០២៤ គួរឱ្យភ្ញាក់ផ្អើល។
ហាងឆេងមាសបាននៅលើទីផ្សារអន្តរជាតិបានហក់ឡើងស្រឺតៗ បន្ទាប់ពីលោក ដូណាល់ ត្រាំ បានប្រកាសជាថ្មីថា លោកនឹងចាប់ផ្ដើមអនុវត្តការដំឡើងពន្ធគយ២៥%លើទំនិញនាំចូលពីប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក នៅថ្ងៃសៅរ៍ ទី០១ ខែកុម្ភៈ ស្អែកនេះ។ ទន្ទឹមនេះ លោកក៏បានគំរាមដំឡើងពន្ធគយលើទំនិញនាំចូលពីប្រទេសចិន ផងដែរ ប៉ុន្តែមិនបញ្ជាក់ថា ដំឡើងប៉ុន្មានភាគរយនោះឡើយ។
ហាងឆេងមាសបានបន្តហក់ឡើងថ្លៃ ៥សប្ដាហ៍ជាប់ៗគ្នាជាថ្មីម្ដងទៀត ដោយសារតម្រូវការមាសកើនឡើង ខណៈដែលលោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធ និងការព្រួយបារម្ភខ្លាចសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើង។ ទន្ទឹមនេះ ក៏មានក្ដីបារម្ភផងដែរថា ផែនការបញ្ចុះអត្រាពន្ធក្នុងស្រុក និងផែនការរឹតបន្តឹងអន្តោប្រវេសន៍ដ៏ចម្រូវចម្រាសរបស់លោក ដូណាល់ ត្រាំ អាចនឹងជះផលប៉ះពាល់ដល់ស្ថានភាពហិរញ្ញវត្ថុរបស់សហរដ្ឋអាម៉េរិក និងធ្វើឱ្យអតិផរណាហក់ឡើង។
ប្រធានធនាគារកណ្ដាលអាម៉េរិក លោក ជើរ៉ូម ផៅវែល (Jerome Powell) បានថ្លែងថា ធនាគារកណ្តាលអាម៉េរិក នឹងរង់ចាំមើលស្ថានការណ៍ជាក់ស្ដែងសិន មុននឹងឈានដល់ការសម្រេចបញ្ចុះអត្រាការជាថ្មី។ សូមបញ្ជាក់ថា ចាប់តាំងពីខែកញ្ញា ឆ្នាំ២០២៤ មកទល់ពេលនេះ ធនាគារកណ្តាលអាម៉េរិក បានរក្សាទុកអត្រាការប្រាក់ឱ្យនៅដដែលដោយគ្មានការផ្លាស់ប្តូរ ដោយសំអាងថា អតិផរណាបានថមថយ ក្រោយពីបានបញ្ចុះអត្រាការប្រាក់ចំនួន៣លើកនៅក្នុងឆ្នាំ២០២៤៕
ដោយ: តែម សុខុម