Advertisement
បច្ចុប្បន្នភាព EBA - កម្ពុជា

ប្រតិភូ​អឺរ៉ុប​ចាប់​ផ្តើម​ទស្សនកិច្ច​លើក​ទីពីរ​នៅ​កម្ពុជា លើ​បញ្ហា​ប្រព័ន្ធ​អនុគ្រោះពន្ធ EBA


គណៈប្រតិភូ​អឺរ៉ុប​បាន​ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច​​ជា​លើក​ទី​២ នៅ​ថ្ងៃ​ច័ន្ទ​នេះ ដើម្បី​បន្ត​ពិភាក្សា​ជាមួយ​ភាគី​កម្ពុជា ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ «មុខ​ទំនិញ​គ្រប់​យ៉ាង លើកលែង​តែ​អាវុធ» ឬ​ហៅ​កាត់​ថា EBA។
ប្រតិភូ​អឺរ៉ុប​មក​ទស្សនកិច្ច​នៅកម្ពុជា ពីថ្ងៃទី៣ ដល់ថ្ងៃទី១០ មិថុនា ២០១៩ ជាផ្នែក​មួយ​នៃ​នីតិវិធី​ពិនិត្យ​លើ​ការព្យួរ​ EBA បណ្ដោះអាសន្ន​ពីកម្ពុជា។
ដោយ
Advertisement

អ្នកនាំពាក្យ​ក្រសួង​ការបរទេស លោក កេត សោផាន់ បាន​និយាយ​ថា មន្ដ្រី​សហភាព​អឺរ៉ុប​ទាំងនោះ នឹង​ជួប​តំណាង​នៅ​តាម​ក្រសួង​នានា ដូចជា ក្រសួង​មហាផ្ទៃ ក្រសួង​ការបរទេស ក្រសួង​ដែនដី​នគរូបនីយកម្ម និង​ក្រសួង​ការងារ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ។

លោក កេត សោផាន់  បាន​និយាយ​តាម​សារ​តេឡេក្រាម ដូច្នេះ​ថា ៖ «ដូច​ដែល​ខ្ញុំ​បាន​ធ្វើការ​សង្ខេប​ជូន​បណ្តាញ​ព័ត៌មាន​ក្នុង​អំឡុង​ពេល​បេសកកម្ម​លើក​ដំបូង គឺ​ថា នឹង​មាន​បេសកកម្ម​មួយ​ទៀត​ ដែល​នឹង​កើត​ឡើង​នៅ​ក្នុង​ខែ​មិថុនា​នេះ។»

លោក កេត សោផាន់ បាន​បន្ត​ថា ៖ «ដូច្នេះ ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ដំណើរការ​ភ្ជាប់​ទំនាក់​ទំនង​ធម្មតា​រវាង​គណៈកម្មការ​អឺរ៉ុប និង​រាជ​រដ្ឋាភិបាល​ បន្ទាប់​ពី​ការ​ដាក់​ដំណើរការ​នីតិ​វិធី​បណ្តោះអាសន្ន EBA នៅ​ក្នុង​ខែកុម្ភៈ។»

បន្ទាប់​ពី​លើក​ឡើង​ពី​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធិប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា សហភាព​អឺរ៉ុប​បាន​ប្រកាស​កាល​ពី​ខែកុម្ភៈ ថា​ ខ្លួន​ចាប់​ផ្តើម​ដំណើរការ​នីតិ​វិធី​ផ្អាក​ជា​បណ្តោះ​អាសន្ន នូវ​កម្មវិធី​អនុគ្រោះ​ពន្ធ EBA។

EBA គឺ​ជា​គំនិត​ផ្តួចផ្តើម​របស់​សហគមន៍​អឺរ៉ុប​ដើម្បី​ជួយ​បណ្តា​ប្រទេស​ក្រីក្រ​ឲ្យ​នាំចូល​ទំនិញ​ទៅ​ទីផ្សារ​អឺរ៉ុប​ដោយ​មិន​បាច់​បង់​ពន្ធ ហើយ​កម្មវិធី​អនុគ្រោះ​ពន្ធ​នេះ អាច​ត្រូវ​បាន​ដក​ចេញ​វិញ ក្នុង​ករណី​មាន​ការ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ។ 

យោងតាម​តួលេខ​ផ្លូវការ ទំនិញ​ដល់​ទៅ ៤០​ភាគរយ​នៃ​ទំនិញ​ទាំងអស់ ដែល​នាំ​ចេញ​ពី​កម្ពុជា​ទៅ​ទីផ្សារ​អន្តរជាតិ គឺ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប។

បន្ទាប់​ពី​ទស្សនកិច្ច​នៅ​កម្ពុជា កាលពីថ្ងៃ​ទី​១៩ និង​ថ្ងៃទី​២០ ខែ​មីនា ឆ្នាំ​២០១៩ កន្លង​ទៅ អឺរ៉ុប​បាន​និយាយ​ថា ខ្លួន​សង្ឃឹម​ថា នឹង​មាន​ការ​រីក​ចម្រើន​ដោយ​និរន្តរភាព​និង​ការ​វិវត្តន៍​ដ៏​រឹងមាំ​ក្នុង​វិស័យ​ពាក់ព័ន្ធ​ដែល​ស្ថិត​ក្រោម EBA ហើយ​សង្ឃឹម​ថា កម្ពុជា​នឹង​ចាត់​វិធានការ​ចាំបាច់​ជា​បន្ទាន់​ដើម្បី​រក្សា​ការ​ទទួល​ផល​ប្រយោជន៍​ពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA នេះ។

នៅពេល​នោះ សហគមន៍​អឺរ៉ុប​ក៏​បាន​និយាយ​ផង​ដែរ​ថា ទស្សនកិច្ច​នៅ​កម្ពុជា​គឺ​ជា​ឱកាស​ដំបូង​សម្រាប់​កិច្ច​ពិភាក្សា​ក្នុង​អំឡុង​ពេល​តាមដាន​និង​វាយ​តម្លៃ​បន្ទាប់​ពី​អឺរ៉ុប​បាន​ប្រកាស​នូវ​នីតិ​វិធី​ដែល​អាច​នាំ​ឱ្យ​មាន​ការ​ដក EBA ជា​បណ្តោះ​អាសន្ន​ពី​កម្ពុជា៕

Advertisement
© 2019 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មេរដ្ឋាករទឹកភ្នំពេញសន្យាថា «នឹងផ្គត់ផ្គង់ទឹកស្អាតនៅភ្នំពេញឲ្យបាន ១០០ភាគរយ» ត្រឹមឆ្នាំ ២០២៥

ព័ត៌មាន
អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសន្យាថា នឹងដាក់ទិសដៅអាជីវកម្ម និង ឆន្ទៈរបស់ខ្លួន ក្នុងការអនុវត្តផែនការមេ ដំណាក់កាលទី ៣ ដើម្បីព...

មិនមែនតែចិនទេ! ពេលនេះ ឥណ្ឌា ក៏កំពុងរងទុក្ខ ដោយសារអាមេរិកដែរ!

ព័ត៌មាន
នៅមួយរយៈចុងក្រោយនេះ មិនមែនតែឆេះឆួលភ្លើងសង្គ្រាមកាន់តែសន្ធោសន្ធៅឡើងជាមួយចិននោះទេ ប៉ុន្ដែ អាមេរិកក៏បានកកូរកកាយពីរឿងដំឡើង​ពន្ធទំនិញជា...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ