តម្លៃប្រេងឆៅនៅលើទីផ្សាអន្តរជាតិ បានហក់ឡើងថ្លៃយ៉ាងគំហុក ក្រោយអ៊ីស្រាអែលបើកប្រតិបត្តិការវាយប្រហារសងសឹកនៅលើអ៊ីរ៉ង់នៅព្រឹកថ្ងៃសុក្រ ទី១៩ ខែមេសានេះ។ ក្នុងតម្លៃប្រេងឆៅបានកើនឡើងរហូតដល់៣%ឯណោះ។ សន្ទស្សន៍តម្លៃប្រេង Brent បានជួញដូរកើនឡើង១,៧៣% ដល់ជាង ៨៨ដុល្លារក្នុងមួយធុងបារ៉ែល បន្ទាប់ពីបានឡើងដល់៩០ដុល្លារ នៅប៉ុន្មានម៉ោងមុននេះ ខណៈដែលសន្ទស្សន៍តម្លៃប្រេងអាម៉េរិក West Texas Intermediate បានកើនឡើង១,៧៥% ដល់ជាង៨៤ដុល្លារក្នុងមួយធុងបារ៉ែល។
ការប៉ះទង្គិចរវាងប្រទេសទាំងពីរនេះ ក៏បានជំរុញឱ្យតម្លៃមាសដែលជាទ្រព្យសម្បត្តិដ៏មានសុវត្ថិភាពបំផុតហក់ឡើងខ្ពស់ផងដែរ។ តម្លៃមាសបានកើនឡើងដល់កម្រិតខ្ពស់បំផុតជាងពេលណាៗទាំងអស់នៅថ្ងៃសុក្រនេះ ដោយមាស១អោន មានតម្លៃជាង២ពាន់៤រយដុល្លារ។ ជាមួយគ្នានេះប្រាក់យ៉េនរបស់ជប៉ុន បានឡើងថ្លៃ០.៤៥% ឡើងដល់ជាង១៥៣យ៉េន បើធៀបនឹងប្រាក់ដុល្លារអាម៉េរិក។
ការវាយបកសងសឹករបស់អ៊ីស្រាអែលនៅព្រឹកថ្ងៃសុក្រ បានកើតឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអ៊ីរ៉ង់បានវាយប្រហារដោយយន្តហោះដ្រូន និងមីស៊ីលរាប់រយគ្រាប់ដើម្បីសងសឹកអ៊ីស្រាអែលដែលបានវាយប្រហារស្ថានទូតអ៊ីរ៉ង់នៅប្រទេសស៊ីរី បណ្ដាលឱ្យពលរដ្ឋអ៊ីរ៉ង់មួយចំនួនស្លាប់រួមទាំងមេបញ្ជាការយោធាអ៊ីរ៉ង់២នាក់ងផដែរ។ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋនេះបានចុះផ្សាយថា ប្រទេសអ៊ីរ៉ង់បានផ្អាកជើងហោះហើរនៅទីក្រុងអ៊ីសហ្វាហាន ក្រុងស៊ីរ៉េស និងក្រុងតេអេរ៉ង់ ហើយជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍មួយចំនួនដែលកំពុងហោះហើរត្រង់ទៅអ៊ីរ៉ង់នៅព្រឹកថ្ងៃសុក្រនេះ បានផ្លាស់ប្តូរផ្លូវហោះហើរភ្លាមៗដើម្បីចៀសវាងគ្រោះថ្នាក់ណាមួយកើតឡើង៕
អត្ថបទ៖ សុខ មង្គល