ក្រោយផ្លូវនេះស្ថាបនារួចវានឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាជំរុញការអភិវឌ្ឍន៍នៅភ្នំបូក និងតំបន់ក្បែរៗនោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឬទ្ធី សម្រាប់ការស្ថាបនាផ្លូវនេះ អ្នកឧកញ៉ា បានឈូសឆាយដូងប្រេងជាង៣ពាន់ដើម ដើម្បីបើកផ្លូវ និងជួយសម្រួលដល់ដំណើរការសាងសង់។ ជាមួយគ្នានេះ អ្នកជំនាញក្នុងវិស័យទេសចរណ៍រំពឹងថា កំណើនភ្ញៀវទេសចរទៅកម្សាន្តនៅរមណីយដ្ឋានឋានសួគ៌បូកគោនឹងមានការកើនឡើង ក្រោយផ្លូវនេះដាក់ឲ្យដំណើរការ។
នាអំឡុងពេលចុះត្រួតពិនិត្យវឌ្ឍនភាពការសាងសង់ផ្លូវតភ្ជាប់ពីភ្នំបូកគោទៅកាន់ផ្លូវជាតិលេខ៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានគូសបញ្ជាក់ថា មកទល់ពេលនេះការស្ថាបនាផ្លូវតភ្ជាប់ពីភ្នំបូកគោទៅកាន់ផ្លូវជាតិលេខ៤បានបញ្ចប់ការឈូសឆាយតភ្ជាប់ជាស្ថាពរហើយ ក្រោមការវាយតម្លៃជារួមសម្រេចបានប្រមាណ៣០%។ បើទោះបីផ្លូវមិនទាន់មានស្ថានភាពរាបស្មើ តែបើតាមការវាយតម្លៃរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ផ្លូវនេះអាចអនុញ្ញាតឲ្យរថយន្តខ្ពស់ៗ និងម៉ូតូធ្វើចរាចរណ៍បានក្នុងល្បឿនចន្លោះពី១៥ ទៅ២០គីឡូម៉ែត្រក្នុងមួយម៉ោង។
ឯកឧត្តមបានចាត់ទុកផ្លូវមួយខ្សែនេះជាសមិទ្ធផលប្រវត្តិសាស្ត្រមួយទៀតសម្រាប់កម្ពុជា និងជាការសម្រេចតាមបំណងប្រាថ្នារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដែលចង់ឲ្យមានផ្លូវតភ្ជាប់ថ្មីពីផ្លូវជាតិលេខ៤ មកកាន់ឧទ្យានជាតិ មុនីវង្សបូកគោ។ តាមរយៈសមិទ្ធផលផ្លូវមួយខ្សែនេះ វានឹងជួយជំរុញការអភិវឌ្ឍន៍នៅតំបន់រមណីយដ្ឋានឋានសួគ៌បូកគោ និងតំបន់ក្បែរនោះឲ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីជឿជាក់ថា ផ្លូវមួយខ្សែនេះនឹងរឹតតែមានសក្តានុពល ប្រសិនបើមានការតភ្ជាប់រវាងផ្លូវល្បឿនលឿនជាមួយផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រ១៥៨-២៩១។
បើតាមការគូសបញ្ជាក់របស់អ្នកឧកញ៉ា ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ការស្ថាបនាផ្លូវមួយខ្សែនេះអ្នកឧកញ៉ាបានឈូសឆាយដើមដូងប្រេងអស់ជាង៣ពាន់ដើមក្នុងចម្ងាយ១៥គីឡូម៉ែត្រ ដើម្បីជាការបើកផ្លូវ ក៏ដូចជាជួយសម្រួលដល់ដំណើរការសងសង់។ ការលះបង់ក្នុងការស្ថាបនាផ្លូវជាប្រវត្តិសាស្ត្រនេះ ត្រូវបានអ្នកឧកញ៉ា ម៉ុង ឫទ្ធី អះអាងថា គឺដើម្បីទុកជាកេរ្ដិរ៍តំណែល និងចង់ឲ្យក្មេងជំនាន់ ក៏ដូចជាប្រជាពលរដ្ឋទូទៅនឹកឃើញដល់អ្នកឧកញ៉ា និងអ្នកឧកញ៉ា សុខ គង់ ពេលបានធ្វើដំណើរលើផ្លូវមួយខ្សែនេះ។ បន្ថែមលើនេះការស្ថាបនាផ្លូវមួយខ្សែនេះ ក៏ដើម្បីបំពេញបំណងប្រាថ្នារបស់សម្តេចតេជោ ហ៊ុន សែន ផងដែរ។
លោក ធួន ស៊ីណាន ប្រធានសមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជាជឿជាក់ថា ក្រោយផ្លូវនេះដាក់ឲ្យដំណើរការវានឹងជួយជំរុញកំណើនភ្ញៀវទេសចរទៅកម្សាន្តនៅរមណីយដ្ឋានឋានសួគ៌បូកគោឲ្យមានការកើនឡើងបន្ថែមទៀត។ លើសពីនេះផ្លូវមួយខ្សែនេះនឹងផ្តល់ជម្រើសបន្ថែមសម្រាប់ភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋទូទៅក្នុងការធ្វើដំណើរពីខេត្តកំពតទៅកាន់ផ្លូវជាតិលេខ។
បើតាមការគូសបញ្ជាក់របស់លោក ស្វាយ វុឌ្ឍី តំណាងក្រុមហ៊ុន សុខា អូតែល ដែលជាក្រុមហ៊ុនទទួលបន្ទុកលើការចំណាយសាងសង់ ផ្លូវនេះមានប្រវែង៦១គីឡូម៉ែត្រដោយតភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រ១៥៨-២៩១ ក្នុងឃុំកំពង់សិលា ស្រុកព្រៃនប់មកកាន់ផ្លូវវាលស្រែ៥០០នៅលើកំពូលភ្នំបូកគោ។ តាមគម្រោងផ្លូវដែលមានទទឹង២០ម៉ែត្រមួយនេះនឹងសាងសង់ជាប្រភេទផ្លូវក្រាលកៅស៊ូ AC ដែលមានពីរគន្លងទៅមកសម្រាប់រថយន្តនិងម៉ូតូ៕