រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ

រាជរដ្ឋាភិបាលឱ្យធ្វើជំរឿនមន្ត្រីរាជការ ខណៈអ្នកជំនាញរំពឹងអាចលុបបំបាត់ឈ្មោះខ្មោច និងភាពអសកម្មរបស់មន្ត្រី


រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីតាមក្រសួង ស្ថាប័ននានា ក្នុងគោលបំណងកំណត់មន្រ្តី ដែលកំពុងបម្រើការងារ និងឈានដល់ការកែលម្អ ការបើកប្រាក់បៀវត្សឱ្យបានប្រសើរដល់មន្រ្តីរាជការ។ អ្នកជំនាញបានចាត់ទុកការធ្វើបច្ចុប្បន្នភាពមន្រ្តីរាជការនេះថា នឹងរួមចំណែកជួយលើកកម្ពស់ប្រសិទ្ធភាពការងារនៅក្នុងស្ថាប័នរដ្ឋ ក៏ដូចជាជួយលុបបំបាត់ឈ្មោះខ្មោចនៅតាមក្រសួងស្ថាប័ន និងសន្សំថវិកាជាតិ។ តើជំរឿនមន្ត្រីរាជអាចជួយលើកកម្ពស់ប្រសិទ្ធភាពការងារ និងលុបបំបាត់ភាពមិនប្រក្រតីនៅតាមក្រសួងស្ថាប័នយ៉ាងណាដែរ?
រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ

លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជាយល់ឃើញថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីរាជការ គឺជាផ្នែកមួយនៃកំណែទម្រង់ស៊ីជម្រៅនៅក្នុងមុខងារសាធារណៈរបស់រាជរដ្ឋាភិបាលនីតីកាលទី៧ ក្នុងការគ្រប់គ្រងមន្រ្តីរាជការកុំឱ្យមានតួនាទីស្ទួន ឬអ្នកដែលទទួលប្រាក់បៀវត្សតែមិនមកបម្រើការងារជាដើម។ ការណ៍នេះ ត្រូវបានអ្នកជំនាញរូបនេះជឿជាក់ថា នឹងក្លាយជាផ្នែកមួយក្នុងការលុបបំបាត់ឈ្មោះមន្រ្តីខ្មោច និងជួយលើកកម្ពស់ដល់គុណភាពការងារស្ថាប័នរបស់រដ្ឋាភិបាល។ យ៉ាងណាមិញ ដើម្បីឱ្យការងារនេះមានប្រសិទ្ធភាពអ្នកជំនាញរូបនេះបានផ្តល់ជាគំនិតថា ថ្នាក់ដឹកនាំត្រូវតែមានឆន្ទៈពិតប្រាកដដោយមិនប្រកាន់បក្ខពួក និងត្រូវអនុវត្តឱ្យមានសមធម៌ បើពុំដូច្នោះទេ សារាចរនេះនឹងពុំមានន័យនោះឡើយ។ បើតាមលោកបណ្ឌិត យង់ ពៅ ការធ្វើបច្ចុប្បន្នភាពមន្រ្តីរាជការក៏នឹងរួមចំណែកដល់ការប្រើប្រាស់ថវិកាជាតិឱ្យមានប្រសិទ្ធភាពផងដែរ។

ជាមួយគ្នានេះលោក យង់ គិមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាពយល់ឃើញថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីរាជការ អាចនឹងរួមចំណែកដល់ការកាត់បន្ថយការចំណាយបានមួយចំនួន និងលុបបំបាត់ឈ្មោះខ្មោច ក៏ដូចជាឈានដល់ការលើកកម្ពស់គុណភាពការងារនៅក្នុងស្ថាប័នរបស់ជាតិ។ បើតាមអ្នកជំនាញរូបនេះ ដើម្បីដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព លុះណាតែថ្នាក់ដឹកនាំនៅតាមស្ថាប័នទាំងអស់ធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងដោយយកចិត្តទុកដាក់ខ្ពស់ចំពោះមន្រ្តីនៅក្នុងស្ថាប័នរបស់ខ្លួន។ សម្រាប់អ្នកជំនាញរូបនេះ វិធានការនេះនឹងក្លាយជាចំណែកមួយក្នុងការកាត់បន្ថយមន្រ្តីអសកម្ម ហើយរដ្ឋាភិបាលអាចនឹងប្រមូលបានថវិកាមួយចំនួនចូលក្នុងរដ្ឋវិញផងដែរ។

បើតាមសារាចររបស់រាជរដ្ឋាភិបាលកម្ពុជា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រ្តីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួង ស្ថាប័ន ចំណុះអង្គការនីតិប្រតិបត្តិ គឺក្នុងគោលបំណងកំណត់ឱ្យបានច្បាស់លាស់នូវរចនាសម្ព័ន្ធគ្រប់កម្រិត និងគ្រប់ប្រភេទរបស់ក្រសួង ស្ថាប័ន និងកំណត់ឱ្យបានច្បាស់លាស់នូវមន្ត្រី ដែលកំពុងបំពេញការងារជាក់ស្តែង និងធ្វើបច្ចុប្បន្នភាព និងអភិវឌ្ឍប្រព័ន្ធទិន្នន័យតាមព័ត៌មានវិទ្យាគ្រប់គ្រងដោយក្រសួងមុខងារសាធារណៈ ព្រមទាំងកែលម្អឱ្យកាន់តែប្រសើរនូវប្រព័ន្ធបើកផ្តល់បៀវត្សដល់មន្ត្រីដែលកំពុងបំពេញការងារជាក់ស្តែងផងដែរ។

សូមបញ្ជាក់ថា ចាប់តាំងពីនីតិកាលទី១ នៃរដ្ឋសភា រហូតមកដល់បច្ចុប្បន្ននេះ ក្នុងក្របខ័ណ្ឌនៃការអនុវត្តកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានជំរឿនមន្ត្រីរាជការស៊ីវិលចំនួន៣លើករួចមកហើយ លើកទី១នៅឆ្នាំ១៩៩៥ លើកទី២នៅឆ្នាំ១៩៩៩-២០០១ និងលើកទី៣នៅឆ្នាំ២០១០។ តាមរយៈលទ្ធផលនៃជំរឿនទាំងនេះ រាជរដ្ឋាភិបាល បានកសាងមូលដ្ឋានទិន្នន័យមន្ត្រីរាជការស៊ីវិលសម្រាប់ប្រើប្រាស់ក្នុងការពង្រឹង និងការគ្រប់គ្រង មន្ត្រីរាជការរហូតមកដល់បច្ចុប្បន្ន៕

អត្ថបទ៖ បូ ដូឡា,រូបភាព ឯកសារ




អត្ថបទបន្ទាប់


តើមានកត្តាអ្វីជំរុញឱ្យក្រុមហ៊ុន AI ទើបបង្កើតថ្មីរបស់អង់គ្លេសមួយដាក់ពាក្យសុំក្ស័យធន ស្របពេលវិស័យនេះកំពុងរីកចម្រើន?

ក្រុមហ៊ុនអង់គ្លេស Builder.ai ដែលជាអ្នកបង្កើតបញ្ញាសិប្បនិមិត្ត (AI) គាំទ្រដោយក្រុមហ៊ុន Microsoft និងអាជ្ញាធរវិនិយោគកាតា (QIA) ព្រមទាំងក្រ…

អតីតនាយករដ្ឋមន្ត្រីថៃលោកស្រី យីងឡាក់ ចាត់ទុកការផាកពិន័យរបស់តុលាការថៃលើខ្លួនចំនួន៣០៥លានដុល្លារជារឿងអយុត្តិធម៌ និងឈឺចាប់បំផុត

តុលាការថៃបានសម្រេចផាកពិន័យអតីតនាយករដ្ឋមន្ត្រីថៃ លោកស្រី យីងឡាក់ ស៊ីណាវ៉ាត្រា ដែលកំពុងនិរទេសខ្លួននៅបរទេសចំនួន៣០៥លានដុល្លារ ហើយនេះជាសញ្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ