ពេលនេះសូម្បីតែបក្សភឿថៃនៃត្រកូល ថាក់ស៊ីន ក៏ចេញមុខរិះគន់រដ្ឋាភិបាលរបស់លោក អានុទីន ដែរ ចំពោះការបរាជ័យក្នុងការគ្រប់គ្រងព្រឹត្តិការណ៍កីឡា SEA GAME។ នេះបើយោងតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានថៃនៅថ្ងៃសុក្រ ទី៥ ខែធ្នូ ឆ្នាំ២០២៥ នេះ។
ប្រទេសថៃរៀបចំព្រឹត្តិការណ៍ SEA GAME លើកនេះបានបង្កភាពចម្រូងចម្រាស និងបំបាក់មុខរដ្ឋាភិបាលថៃយ៉ាងខ្លាំង ក្រោយផ្ទុះការរិះគន់ពេញបណ្ដាញទំនាក់ទំនងសង្គម ដោយសារមានកំហុសធំៗច្រើនរាប់មិនអស់ រាប់ចាប់ពីការដាក់ទង់ជាតិមិនបានត្រឹមត្រូវ កាលវិភាគពិបាកអាន ពិបាកយល់ រហូតដល់ផ្ទាំងរូបភាពផ្សព្វផ្សាយសម្រាប់កីឡារត់ប្រណាំងដែលបង្កើតឡើងដោយប្រើបច្ចេកវិទ្យា AI ជាដើម។
ជាក់ស្ដែង ក្រុមហ៊ុនម៉ៅការភ្លើង LED សម្រាប់ព្រឹត្តិការណ៍ SEA GAME នៅ Chonburi បានលុបចោលការងារភ្លាមៗដោយឥតគ្រោងទុក បង្កចលាចលពេញទឹកពេញដី បន្ទាប់ពីក្រុមអ្នករៀបចំព្រឹត្តិការណ៍កីឡា SEA GAME មិនបានបង់លុយកក់។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតថៃ Khaosod កាលពីថ្ងៃទី៤ ខែវិច្ឆកា។
នេះគ្រាន់តែជាឧទាហរណ៍មួយប៉ុណ្ណោះ ដោយនៅមានភាពចម្រូងចម្រាសជាច្រើនទៀតពាក់ព័ន្ធនឹងការរៀបចំព្រឹត្តិការណ៍កីឡា SEA GAME នៅប្រទេសថៃ សម្រាប់ឆ្នាំ២០២៥ នេះ។
ដោយសារតែបែបនេះលោក ផាយូ នាងចាំណង (Payu Nueangjamnong) ដែលជាអ្នកនាំពាក្យគណបក្សភឿថៃ នៃត្រកូល ថាក់ស៊ីន ក៏បានចេញមុខរិះគន់រដ្ឋាភិបាលរបស់លោក
អានុទីន ឆានវីរៈគុល ចំពោះការបរាជ័យនៃការគ្រប់គ្រងព្រឹត្តិការណ៍កីឡា SEA GAME ដោយនិយាយថា ប្រទេសថៃបានក្លាយជាតួកំប្លែង ដែលគេនិយាយសើចចម្អកពេញតំបន់អាស៊ាន ដោយសារតែក្រុមអ្នករៀបចំព្រឹត្តិការណ៍នេះធ្វេសប្រហែស គ្មានវិជ្ជាជីវៈ និងខ្វះទំនួលខុសត្រូវ។
ដើម្បីលុបលាងភាពអាម៉ាសនេះ ទំព័រហ្វេសប៊ុកផ្លូវការ SEA GAMES Thailand 2025 បានចេញមុខសុំទោសតាមរយៈសេចក្ដីថ្លែងការណ៍របស់ខ្លួន៕
ដោយ: តែម សុខុម