ប្រទេស G7 និងមេដឹកនាំអង្គការណាតូត្រៀមជួបគ្នា!

ក្រុមប្រទេស G7 និងអង្គការណាតូត្រៀមបង្កើនសម្ពាធលើរុស្ស៊ី ប៉ុន្ដែក៏មិនភ្លេចតាមមើលចិនដែរ


ទោះបីជាកំពុងជាប់ដៃរិះរកវិធីដាក់គំនាបលើរុស្ស៊ីក្ដី ប៉ុន្ដែ ក្រុមមេដឹកនាំប្រទេសរីកចម្រើនទាំង៧ ឬហៅថា G7 និងក្រុមមេដឹកនាំអង្គការណាតូ ក៏មិនភ្លេចខ្លួនក្នុងការតាមមើលសកម្មភាពរបស់មហាយក្សចិននោះដែរ។
ក្រុមប្រទេស G7 និងអង្គការណាតូត្រៀមបង្កើនសម្ពាធលើរុស្ស៊ី ប៉ុន្ដែក៏មិនភ្លេចតាមមើលចិនដែរ

ជាក់ស្ដែង មន្ត្រីជាន់ខ្ពស់អាមេរិកបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា មេដឹកនាំមកពីក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) និងសម្ព័ន្ធមិត្តណាតូនឹងជួបពិភាក្សាគ្នានៅសប្ដាហ៍ក្រោយនេះ ដើម្បីបង្កើនសម្ពាធលើប្រទេសរុស្ស៊ីបន្ថែមទៀតជុំវិញសង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែន ហើយអំឡុងពេលនោះ ពួកគេក៏នឹងលើកឡើងពីការព្រួយបារម្ភចំពោះសកម្មភាពរបស់ប្រទេសចិនផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) នឹងត្រៀមចាកចេញពីអាមេរិកនៅថ្ងៃសៅរ៍សប្តាហ៍នេះ ដើម្បីជួបប្រជុំជាមួយមេដឹកនាំ G7 ផ្សេងទៀត នៅភាគខាងត្បូងប្រទេសអាល្លឺម៉ង់ មុនពេលធ្វើដំណើរទៅកាន់ទីក្រុងម៉ាដ្រីដ (Madrid) សម្រាប់កិច្ចប្រជុំកំពូលមួយទៀត ស្របពេលដែលអង្គការណាតូត្រូវបានគេរំពឹងថា នឹងប្រកាសផែនការពង្រីកកងកម្លាំងយោធារបស់ខ្លួននៅអឺរ៉ុបខាងកើត ហើយទីក្រុងវ៉ាស៊ីនតោននឹងដាក់ចេញនូវវិធានការមួយចំនួនក្នុងការពង្រឹងសន្តិសុខអឺរ៉ុបផងដែរ។

មន្ត្រីអាមេរិកម្នាក់បាននិយាយថា មេដឹកនាំមកពីប្រទេសមិនមែនសមាជិកណាតូ ដូចជាប្រទេសអូស្ត្រាលី ជប៉ុន កូរ៉េខាងត្បូង និងនូវែលសេឡង់ នឹងត្រូវចូលរួមនៅក្នុងកិច្ចប្រជុំកំពូលរបស់អង្គការណាតូដែរ ដែលការណ៍នេះចង់សបញ្ជាក់ឲ្យឃើញថា សង្រ្គាមនៅអ៊ុយក្រែន មិនបានបង្អាក់ការព្រួយបារម្ភរបស់ប្រទេសលោកខាងលិចពីប្រទេសចិននោះទេ។

ជាការពិត មន្ត្រីអាមេរិកប្រាប់ទីភ្នាក់ងាររ៉យទ័រថា គំនិតផ្តួចផ្តើមយុទ្ធសាស្ត្រថ្មីនេះ ដែលត្រូវបានគាំទ្រដោយមេដឹកនាំណាតូពេលពួកគេជួបប្រជុំគ្នាក្នុងទីក្រុងម៉ាឌ្រីដចាប់ពីពីថ្ងៃទី ២៩ ដល់ ៣០ ចុងខែមិថុនានោះ នឹងដោះស្រាយការគំរាមកំហែង ដែលបង្កឡើងដោយរុស្ស៊ី និងក៏មានការពិភាក្សាជាលើកដំបូងពាក់ព័ន្ធនឹងការគំរាមកំហែងដែលបង្កឡើងដោយប្រទេសចិនផងដែរ។

លើសពីនេះ ប្រទេសអាល្លឺម៉ង់ ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំ G7 នៅឆ្នាំនេះ ក៏បានអញ្ជើញប្រទេសអាហ្សង់ទីន ឥណ្ឌា ឥណ្ឌូនេស៊ី សេណេហ្គាល់ និងអាហ្រ្វិកខាងត្បូង ឱ្យចូលរួមនៅក្នុងកិច្ចប្រជុំកំពូលនេះដែរ។

មន្ត្រីមួយវិញទៀត មន្រ្តីសេតវិមានអាមេរិកបានគូសបញ្ជាក់ថា មេដឹកនាំប្រទេស G7 នឹងចាប់ផ្តើមគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធថ្មីមួយ ក្នុងគោលបំណងជួយដល់ប្រទេសដែលមានចំណូលទាប និងមធ្យម ដោយបង្កើតជម្រើសវិនិយោគប្រកបដោយតម្លាភាព គុណភាពខ្ពស់ ដែលវាជាការប្រណាំងប្រជែងយ៉ាងច្បាស់ជាមួយគម្រោងខ្សែក្រវាត់ និងផ្លូវរបស់ប្រទេសចិន។

មិនតែប៉ុណ្ណោះ មន្រ្តីអាមេរិកសង្កត់ធ្ងន់ថា "មេដឹកនាំក្រុមអ្នកប្រទេសសេដ្ឋកិច្ចជឿនលឿនទាំងប្រាំពីរ (G7) ក៏នឹងជំរុញទស្សនៈវិស័យរបស់ពិភពលោក ដោយឈរលើមូលដ្ឋាននៃសេរីភាព និងភាពបើកចំហ ដោយមិនមានការបង្ខិតបង្ខំ ការឈ្លានពាន និងគ្មានការប្រជែងឥទ្ធិពលនោះទេ។ ហើយពួកគេនឹងពង្រឹងកិច្ចសហប្រតិបត្តិការលើបញ្ហាសេដ្ឋកិច្ច សន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត ដែលជាពិសេសបញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិនតែម្ដង។

យ៉ាងណាមិញ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកបាននិយាយថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy ក៏នឹងថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំG7 និងកិច្ចប្រជុំអង្គការណាតូនេះផងដែរ ដោយបង្ហាញផែនការប្រយុទ្ធរបស់គាត់ ដើម្បីទប់ទល់នឹងប្រទេសរុស្ស៊ី និងជំនួយសន្តិសុខដែលប្រទេសអ៊ុយក្រែនត្រូវការដើម្បីបន្តដង្ហើមប្រយុទ្ធតទៅមុខទៀត៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ធនាគារពិភពលោកអនុម័តថវិកា២០លានដុល្លារ ដល់សមាគមអាស៊ានលើការលុបបំបាត់ការបំពុលដោយប្លាស្ទិក

ព័ត៌មាន
ធនាគារពិភពលោក (World Bank) បានកត់សម្គាល់ថា អាស៊ីអាគ្នេយ៍ បានក្លាយជាចំណុចក្ដៅមួយនៃការបំពុលដោយកាកសំណល់ប្លាស្ទិក ដោយសារតែមានការរីកលូត…

មួយឆ្នាំហើយ! តើជោគវាសនាប្រេងឆៅកម្ពុជាជិត៣០ម៉ឺនបារ៉ែល ដែលគេចលួចដឹកចេញទៅ យ៉ាងណាហើយ?

ព័ត៌មាន
គិតមកទល់ពេលនេះ មានរយៈពេលមួយឆ្នាំហើយ ដែលប្រេងឆៅជិត៣០ម៉ឺនបារ៉ែល ត្រូវគេលួចដឹកចេញពីប្រទេសកម្ពុជា ហើយត្រូវបានខាងអាជ្ញាធរឥណ្ឌូនេស៊ីចាប់ឃា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ