វិស័យមូលបត្រ

អ្នកជំនាញក្នុងវិស័យមូលបត្រក្រើនរំលឹកឱ្យពលរដ្ឋពិនិត្យឱ្យបានច្បាស់លាស់មុនបោះទុនវិនិយោគ ដើម្បីកុំឱ្យចាញ់បោកគេ


មន្ត្រីនិងអ្នកជំនាញក្នុងវិស័យមូលបត្របន្តក្រើនរំលឹកដល់ពលរដ្ឋឱ្យបង្កើនការប្រុងប្រយ័ត្ន និងពិនិត្យឱ្យបានច្បាស់លាស់មុនសម្រេចចិត្តបោះទុនវិនិយោគជាមួយភ្នាក់ងារ ឬក្រុមហ៊ុនណាក្នុងវិស័យមូលបត្រ និងទីផ្សារជួញដូរឧបករណ៍និស្សន្ទ ដើម្បីបង្ការការខាតបង់ ឬចាញ់បោកក្នុងរូបភាពណាមួយ។
វិស័យមូលបត្រ
ដោយ

ការក្រើនរំលឹកបែបនេះធ្វើឡើងក្រោយអ្នកជំនាញសង្កេតឃើញថា ការឆបោកតាមប្រព័ន្ធអនឡាញបានកើតមានឡើងជាបន្តបន្ទាប់ ក្រោយប្រព័ន្ធបច្ចេកវិទ្យាមានការរីកចម្រើនខ្លាំងនៅមួយរយៈចុងក្រោយនេះ។ ការជួញដូរភាគហ៊ុន ជាពិសេសឧបករណ៍និស្សន្ទ​ហាក់បង្ហាញទំនោរធ្លាក់ចុះគួរឱ្យកត់សម្គាល់នៅមួយរយៈចុងក្រោយនេះ។ ជាក់ស្តែងទំហំជួញដូរក្នុងទីផ្សារឧបករណ៍និស្សន្ទ​ ឬការជួញដូរគម្លាតថ្លៃ សម្រេចបានប្រមាណ២០០លានដុល្លារប៉ុណ្ណោះកាលពីឆ្នាំ២០២៤។

ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា​ កត់សម្គាល់ឃើញថា ស្របពេលបច្ចេកវិទ្យាហិរញ្ញវត្ថុ និងបរិវត្តកម្មឌីជីថលមានការរីកចម្រើនការវិនិយោគលើឧបករណ៍ហិរញ្ញវត្ថុនៅក្នុងយុគសម័យបច្ចេកវិទ្យានេះ ក៏មានការប្រឈមផងដែរពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញក្នុងរូបភាពនៃការអូសទាញឱ្យដាក់ប្រាក់វិនិយោគ តាមមធ្យោបាយផ្សេងៗ ដូចជា ការបង្កើតគ្រុបតេឡេក្រាមដោយប្រើប្រាស់រូបភាពរបស់ថ្នាក់ដឹកនាំ ឬបុគ្គលល្បីៗ ដើម្បីកៀរគរសាច់ប្រាក់វិនិយោគ ដោយធានាផ្ដល់នូវផលចំណេញខ្ពស់។ ដើម្បីបង្ការការចាញ់បោកក្រោមរូបភាពនេះ ឯកឧត្តម លើកទឹកចិត្តឱ្យវិនិយោគិនទាំងអស់ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ មុននឹងដាក់សាច់ប្រាក់វិនិយោគជាមួយបុគ្គល ឬក្រុមហ៊ុនណាមួយ ត្រូវប្រាកដថាជាក្រុមហ៊ុន ដែលមានអាជ្ញាបណ្ណត្រឹមត្រូវ និងត្រូវស្រាវជ្រាវព័ត៌មាននៃការវិនិយោគឱ្យបានច្បាស់លាស់ ព្រមទាំងរាយការណ៍អំពីការឆបោកទៅអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។

​ជាមួយគ្នានេះ លោក ជា សុធា អភិបាលនៃក្រុមហ៊ុនមូលបត្រ ភីភី លីង បានចាត់ទុកការឆបោកតាមប្រព័ន្ធអនឡាញក្រោមរូបទាក់ទាញវិនិយោគិនឱ្យបោះទុនវិនិយោគជាមួយការផ្តល់ប្រាក់ចំណេញខ្ពស់ គឺជាបញ្ហាប្រឈមមួយសម្រាប់ទីផ្សារជួយដូរឧបករណ៍និស្សន្ទ​ ហើយវាក៏ជាផ្នែកមួយធ្វើឱ្យការជួញដូរឧបករណ៍និស្សន្ទ​មានការធ្លាក់ចុះផងដែរ។ ជាមួយគ្នានេះអ្នកជំនាញរូបនេះស្នើឱ្យពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគទាំងអស់ត្រូវចេះថ្លឹងថ្លែង និងសិក្សាឱ្យបានច្បាស់លាស់មុនសម្រេចចិត្តបោះទុនវិនិយោគជាមួយបុគ្គល ឬក្រុមហ៊ុនណាមួយ ដើម្បីកុំឱ្យខាតបង់ថវិកាដោយប្រការណាមួយ។

​បើតាមការគូសបញ្ជាក់របស់ឯកឧត្តម ស៊ូ សុជាតិ នៅក្នុងឆ្នាំ២០១៧ ទំហំនៃការជួញដូរឧបករណ៍និស្សន្ទ​មានត្រឹមតែជិត៤លានដុល្លារអាម៉េរិក តែប៉ុណ្ណោះ ដោយការជួញដូរនេះបានកើនឡើងជាបន្តបន្ទាប់ ហើយនៅក្នុងឆ្នាំ២០២៤ ទំហំជួញដូរឧបករណ៍និស្សន្ទ​មានប្រមាណ២០០លានដុល្លារអាម៉េរិក។ តែយ៉ាងណាឯកឧត្តម បានអះអាងថា ទំហំជួញដូរនៅក្នុងឆ្នាំ២០២៤ មានការធ្លាក់ចុះខ្លាំងបើធៀបនឹងទំហំជួញដូរនៅក្នុងឆ្នាំ២០២២ និង២០២៣ ដែលចន្លោះនោះទំហំជួយដូរមានទំហំចន្លោះពី៣០០លានដុល្លារ ទៅ៤០០លានដុល្លារអាម៉េរិក។

ជាមួយគ្នានេះ ដើម្បីជួយជំរុញទំហំជួយដូរក្នុងទីផ្សារឧបករណ៍និស្សន្ទ​នៅកម្ពុជា ឱ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀតនោះ ក្រុមហ៊ុនមូលបត្រ ភីភី លីង និងធនាគារ អេស៊ីលីដា បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការផ្ដល់ជូនវិនិយោគិនបរទេសនូវសេវាឥណទានវិនិយោគរួមគ្នា សំដៅទាក់ទាញការវិនិយោគពីបរទេសមកក្នុងទីផ្សារឧបករណ៍និស្សន្ទ​នៅកម្ពុជា៕




អត្ថបទបន្ទាប់


តើការបញ្ចេញឡានក្រុងដឹកជញ្ជូនដោយឥតគិតថ្លៃរបស់រដ្ឋាភិបាល បានជួយកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋយ៉ាងណាដែរ?

រដ្ឋាភិបាលនឹងបញ្ចេញរថយន្តក្រុងចំនួន៥៩៧គ្រឿងដឹកប្រជាពលរដ្ឋដោយឥតគិតថ្លៃរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៥ ពីរាជធានីភ្នំពេញទៅបណ្…

កម្ពុជា-ចិន សម្រេចបានទំហំពាណិជ្ជកម្មទ្វេភាគីជាង៤ពាន់លានដុល្លារនៅត្រីមាសទី១ឆ្នាំនេះ

ការដោះដូរពាណិជ្ជកម្មរបស់កម្ពុជា ជាមួយប្រទេសចិន នៅត្រីមាសទី១ ឆ្នាំ២០២៥ នេះសម្រេចបានទំហំជាង៤ពាន់លានដុល្លារ កើនឡើងជាង២៦% បើធៀបនឹងឆ្នាំ២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ