ប្រេងឥន្ធនៈ

អាជ្ញាធររកឃើញស្ថានីយ និងដេប៉ូប្រេងឥន្ធនៈជាង២២០ លក់បន្លំគុណភាព និងបរិមាណ


យ៉ាងហោចណាស់មានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ជាង២២០កន្លែង ក្នុងចំណោមជិត២ពាន់ស្ថានីយ-ដេប៉ូ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) រកឃើញប្រកបអាជីវកម្មមិនសុចរិតតាមរយៈការលក់បន្លំគុណភាព និងបរិមាណនៅ៩ខែឆ្នាំនេះថយចុះ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ការថយចុះនេះត្រូវបានមន្រ្តីអះអាងថា គឺបន្ទាប់ពីមន្ត្រីជំនាញចុះត្រួតពិនិត្យ និងចាត់វិធានការច្បាប់ដូចភ្លៀងរលឹម។
1
ដោយ

ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានគូសបញ្ជាក់ប្រាប់ខេមមូណូមីសថា នៅក្នុងរយៈពេល៩ខែឆ្នាំនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប បានចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាពនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទូទាំងប្រទេសបានចំនួនជិត១ពាន់២រយកន្លែង។ ក្នុងចំ ​ណោមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនេះ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋាននេះរកឃើញមានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចំនួន២២២ បានប្រកបអាជីវកម្មមិនសុចរិតតាមរយៈការលក់បន្លំគុណភាព និងបរិមាណ មានការថយចុះ២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ការថយចុះបទល្មើសក្នុងវិស័យប្រេងឥន្ធនៈនេះ ត្រូវបានឯកឧត្តម ផាន អូន អះអាងថា គឺបន្ទាប់ពីមានការចុះអនុវត្តសកម្មភាពត្រួតពិនិត្យ និងចាត់វិធានការច្បាប់ដូចភ្លៀងរលឹម គួបផ្សំការចុះអប់រំ និងផ្សព្វ​ផ្សាយការយល់ដឹងអំពីច្បាប់ដល់ធុរជន ដែលធ្វើឱ្យការធ្វើធុរកិច្ចពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈ និងវិស័យផ្សេងទៀត មានការយល់ដឹងអំពីច្បាប់ និងចូលរួមអនុវត្តច្បាប់យ៉ាងផុលផុស។

ក្រោយរកឃើញភាពមិនអនុលោមនេះ ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈខាងលើ ត្រូវបានមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប ចាត់វិធានការពិន័យអន្តរកាល និងវិធានការច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់​។ នេះបើតាមការគូសបញ្ជាក់របស់ឯកឧត្តម ផាន អូន ដែលបានបន្ថែមថា ក្នុងករណីមិនរាងចាល ម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈទាំងនោះ អាចប្រឈមនឹងការព្យួរ ដកហូត ឬលុបចោលវិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្ម ឬអាជ្ញាបណ្ណអាជីវកម្ម។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ ការធ្វើអាជីវកម្មមិនសុចរិតពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈ វាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់ការចំណាយ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់គោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល និងការប្រកួតប្រជែងដោយស្មោះត្រង់ក្នុងការធ្វើពាណិជ្ជកម្មផងដែរ។

ស្របពេលតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជាបច្ចុប្បន្ននៅតែស្ថិតក្នុងកម្រិតខ្ពស់ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋាន ក.ប.ប បានជំរុញឲ្យមន្ត្រីរបស់ខ្លួនបង្កើនការចុះត្រួតពិនិត្យរង្វាស់រង្វាល់តាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈ ដើម្បីទប់ស្គាត់ការធ្វើអាជីវកម្មមិនអនុលោមតាមច្បាប់ក្នុងវិស័យប្រេងឥន្ធនៈ សំដៅជួយការពារសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ និងសេដ្ឋកិច្ចជាតិទាំងមូល។ ក្រៅពីចុះត្រួតពិនិត្យរង្វាស់រង្វាល់ និងគុណភាព ថ្នាក់ដឹកនាំរូបនេះ ក៏បានជំរុញឲ្យមន្ត្រីចុះឃ្លាំពិនិត្យមើលថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយ និងដេប៉ូប្រេងឥន្ធនៈផងដែរ។

ជាលទ្ធផលក្រោយការចុះឃ្លាំពិនិត្យមន្ត្រីជំនាញនៃអគ្គនាយកដ្ឋាន ក.ប.ប រកឃើញថា ពុំមានស្ថានីយ ឬដេប៉ូណាលក់លើសតម្លៃកំណត់នោះទេ ក្នុងនោះមានស្ថានីយ និងដេប៉ូប្រេងឥន្ធនៈចន្លោះពី៣០%ទៅ៤០% លក់ក្រោមតម្លៃទីផ្សារ ខណៈពី៦០%ទៅ៧០%លក់តាមតម្លៃកំណត់របស់ក្រសួង។

គួរបញ្ជាក់ថា កាលពីឆ្នាំ២០២២ មានដេប៉ូ និងស្ថានីយប្រេងឥន្ធនៈជិត១ពាន់កន្លែងត្រូវបានអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំរកឃើញលក់បន្លំគុណភាព និងបរិមាណក្នុងចំណោមស្ថានីយ និងដេប៉ូជាង៣ពាន់កន្លែង ដែលបានចុះត្រួតពិនិត្យ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អបអរសាទរអ្នកឈ្នះទឹកប្រាក់ ១០ម៉ឺនរៀលទាំង ៣០នាក់ ពីការចាប់រង្វាន់កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២៣

ព័ត៌មាន
អេ អឹម ខេ សូមចូលរួមអបអរសាទរដល់អតិថិជនទាំង ៣០នាក់ដែលបានឈ្នះរង្វាន់ទឹកប្រាក់ចំនួន ១០ម៉ឺនរៀល កាលពីថ្ងៃទី ២៥ ខែ តុលា ឆ្នាំ២០២៣ ពីការ…

សម្ដេច ហ៊ុន ម៉ាណែត៖ គម្រោងព្រែកជីកហ្វូណននឹងជួយធ្វើឱ្យសេដ្ឋកិច្ចខេត្តជាប់ដងទន្លេមានការរីកចម្រើនបន្ថែមទៀត

ព័ត៌មាន
គម្រោងផ្លូវនាវាចរណ៍«ព្រែកជីកហ្វូណនតេជោ»តភ្ជាប់ពីទន្លេបាសាក់ទៅសមុទ្រខេត្តកែប តម្លៃជាង១ពាន់៧រយលានដុល្លារ ដែលទើបចុះហត្ថលេខានៅទីក្រុងប៉េកាំង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ