កោះតៃវ៉ាន់ - អាមេរិក

ស្ថានការកោះតៃវ៉ាន់នឹងកាន់តែក្ដៅ ខណៈប្រធានសភាអាមេរិកថ្មី គ្រោងជួបជាមួយមេដឹកនាំតៃវ៉ាន់នៅក្នុងទឹកដីអាមេរិក


ប្រភពច្បាស់ការចំនួនពីរបានប្រាប់សារព័ត៌មានរ៉យទ័រកាលពីថ្ងៃចន្ទ ទី ៦មីនា ថា ប្រធានសភាអាមេរិកលោក ខេវិន ម៉ាកខាស៊ី (Kevin McCarthy) គ្រោងនឹងជួបជាមួយមេដឹកនាំតៃវ៉ាន់ លោកស្រី Tsai Ing-wen នៅលើទឹកដីសហរដ្ឋអាមេរិកតែម្ដងក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ប្រធានសភាអាមេរិកចង់ជួបជាមួយប្រធានាធិបតីតៃវ៉ាន់ រូបភាព bloomberg

ដែលត្រូវបានគេមើលឃើញថា ជាជំហានដ៏រសើបមួយថ្មីទៀតរបស់អាមេរិក ដែលអាចបញ្ឆេះកំហឹងទីក្រុងប៉េកាំងកាន់តែខ្លាំងថែមទៀត ខណៈដែលស្ថានការណ៍នៅច្រកសមុទ្រតៃវ៉ាន់ ត្រូវបានគេមើលឃើញថាបានក្ដៅឆេះឆួលយ៉ាងខ្លាំង គិតតាំងពីដំណើរទស្សនកិច្ចរបស់អតីតប្រធានសភាអាមេរិក លោកស្រីណានស៊ី ផេឡូស៊ី កាលពីអំឡុងខែសីហាឆ្នាំមុនមក។

ប្រភពដែលសនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោកស្រីសៃ អ៊ីងវេន មេដឹកនាំកំពូលរបស់កោះតៃវ៉ាន់ ត្រូវបានគេអញ្ជើញឱ្យនិយាយនៅបណ្ណាល័យប្រធានាធិបតី Ronald Reagan ក្នុងអំឡុងពេលធ្វើដំណើរឆ្លងកាត់រដ្ឋកាលីហ្វ័រញ៉ាក្នុងដំណើរទស្សនកិច្ច ដែលបានគ្រោងទុកមកជាន់ដីសហរដ្ឋអាមេរិក ហើយក្នុងពេលជាមួយគ្នានោះ លោក McCarthy ប្រធានសភាអាមេរិកទំនងជានឹងជួបលោកស្រី នៅសហរដ្ឋអាមេរិកតែម្តង។

យ៉ាងណាមិញ ការិយាល័យរបស់លោក McCarthy មិនបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំការបញ្ជាក់របស់ អ្នកសារព័ត៌មានជុំវិញរឿងនេះទេ រួមទាំងសំណួរថា តើកិច្ចប្រជុំដែលបានគ្រោងទុកនេះអាចនឹងជៀសផុតពីការខឹងសម្បារសាជាថ្មីពីសំណាក់ចិនដែរ ឬយ៉ាងណា ដ្បិតកន្លងមកទីក្រុងប៉េកាំងធ្លាប់មានប្រតិកម្មយ៉ាងខ្លាំងក្លាចំពោះ វត្តមានរបស់អតីតប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ដែលបានធ្វើដំណើរទៅជួបមេដឹកនាំតៃវ៉ាន់កាលពីខែសីហាឆ្នាំមុន។

ក្នុងអំឡុងពេលសម្ភាសន៍ជាមួយសារព័ត៌មាន CNBC នៅព្រឹកថ្ងៃចន្ទទី៦មីនា លោក McCarthy បានបដិសេធមិនឆ្លើយសំណួរដែលបានចោទថា តើលោកនឹងធ្វើដំណើរទៅកាន់កោះតៃវ៉ាន់នោះដែរឬទេ? ដោយលោកគ្រាន់តែបង្ហើបប្រាប់ថា លោកនឹងប្រាប់ឱ្យដឹងនៅពេលព័ត៌មានពីផែនការនៃការធ្វើដំណើរនេះ នៅពេលដែលលោកទទួលបានវា។ ទន្ទឹមគ្នានេះ បណ្ណាល័យប្រធានាធិបតី Reagan និងស្ថានទូតចិនប្រចាំទីក្រុងវ៉ាស៊ីនតោន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដោយរ៉យទ័រដូចគ្នា។

បន្ថែមពីនោះ ប្រភពបួនផ្សេងទៀតដែលបានមកពីមន្ត្រីអាមេរិក និងមនស្សដែលដឹងអំពីបញ្ហានេះបាននិយាយថា ទាំងភាគីតៃវ៉ាន់ និងសហរដ្ឋអាមេរិកពិតជាមិនមានការសប្បាយចិត្តណាស់ណាទេ ចំពោះដំណើរទស្សនកិច្ចនាពេលខាងមុខរបស់លោក ម៉ាកខាធី ប្រធានសភាថ្មីអាមេរិក ដែលមកពីគណបក្សសាធារណៈរដ្ឋ។ មិនសប្បាយចិត្តព្រោះថា ទង្វើនោះ ប្រាកដជាបង្កើនភាពតានតឹងយ៉ាងធ្ងន់ធ្ងរនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ស្របពេលដែលកោះតៃវ៉ាន់ត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសមេដឹកនាំរបស់ខ្លួននៅដើមឆ្នាំក្រោយផងនោះ៕




អត្ថបទបន្ទាប់


ក្រុមប្រទេសក្រីក្រ អំពាវនាវឲ្យមានការធ្វើបដិវត្តបំណុល នៅឯកិច្ចប្រជុំកំពូល UN

ភាពយ៉ាប់យ៉ឺនដោយសារបំណុលកើនឡើង និងវិបត្តិសាកល ដែលកំពុងញ៉ាំញ៉ី បានជំរុញចិត្តឲ្យមេដឹកនាំមកពីប្រទេសក្រីក្របំផុតរបស់ពិភពលោក បានស្រែកអំពា…

ប្រធានក្រុមហ៊ុនហិរញ្ញវត្ថុយក្សរបស់អាមេរិក ព្រមានថាពិភពលោកកំពុងប្រឈមក្ដីកង្វល់ធំៗ២

លោក Jamie Dimon ប្រធានក្រុមហ៊ុន JPMorgan Chase & Co. ដែលជាក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុដ៏ធំមួយរបស់អាមេរិក មានទីស្នាក់ការកណ្តាលនៅទីក្រ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ