
នាសិក្ខាសាលា ស្តីពីភាពជាដៃគូរវាងរដ្ឋ ឯកជន និងពលរដ្ឋ ដើម្បីកម្ពុជាប្រកបដោយជំនាញ នាថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្ដមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិអភិវឌ្ឍន៍ជំនាញ បានគូសបញ្ជាក់ថា ក្នុងគោលដៅប្រែក្លាយសេដ្ឋកិច្ចកម្ពុជា ពីអតិពលកម្មទៅជាសេដ្ឋកិច្ចផ្អែកលើជំនាញ ភាពជាដៃគូយុទ្ធសាស្ត្ររវាងស្ថាប័នរាជរដ្ឋាភិបាល និងវិស័យឯកជន គឺពិតជាមិនអាចខ្វះបាន ដើម្បីអភិវឌ្ឍមូលធនមនុស្សឱ្យមានចំណេះ និងជំនាញសមស្របនិន្នាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម។ បើតាមថ្នាក់ដឹកនាំរូបនេះ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) មានចក្ខុវិស័យក្លាយខ្លួនជាថ្នាលហិរញ្ញប្បទានប្រកបដោយទំនុកចិត្តបំផុត ក្នុងការអភិវឌ្ឍជំនាញឱ្យត្រូវនឹងតម្រូវការវិស័យឯកជន ប្រកបដោយប្រសិទ្ធភាព និងចីរភាព ដើម្បីចូលរួមសម្រេចបានចក្ខុវិស័យឆ្នាំ២០៥០ ខណៈ SDF បានដាក់ចេញនូវបេសកកម្មជំរុញភាពជាដៃគូពិតប្រាកដរវាងឧស្សាហកម្ម និងគ្រឹះស្ថានបណ្តុះបណ្តាល លើការអភិវឌ្ឍជំនាញដែលប្រកបដោយគុណភាព និងចីរភាព។
ជាមួយគ្នានេះ លោក គី សុខគីម នាយកប្រតិបត្តិមូលនិធិអភិវឌ្ឍន៍ជំនាញ បានគូសបញ្ជាក់ថា ការអភិវឌ្ឍមូលធនគឺជាការអភិវឌ្ឍរយៈពេលវែង ដែលទាមទារឱ្យមានការចូលរួមសហការគ្នាពីគ្រប់ភាគីពាក់ព័ន្ធទាំងរដ្ឋ ឯកជន និងពលរដ្ឋផ្ទាល់ ដ្បិតថា ការចូលរួមបង្កើតជំនាញដល់ពលរដ្ឋ គឺជាការបង្កើនភាពភាពប្រកួតប្រជែង និងភាពធន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការនបង្កើតចំណូលបុគ្គល ស្ថាប័ន និងសង្គមជាតិ។ បើតាមថ្នាក់ដឹកនាំរូបនេះ មូលនិធិអភិវឌ្ឍន៍ជំនាញបង្កើតឡើងក្នុងគោលបំណងដើម្បីអាចកៀគរធនធានបន្ថែម សម្រាប់ពង្រឹង និងពង្រីកការអភវឌ្ឍន៍ជំនាញដល់ពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាកង្វះកម្លាំងពលកម្មជំនាញទាំងបរិមាណ និងគុណភាព។
ដោយឡែក អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការសមាគមឧកញ៉ាកម្ពុជា បានចាត់ទុកការអភិវឌ្ឍន៍មូលធនមនុស្សប្រកបដោយចំណេះជំនាញនេះ គឺពិតជាមានសារសំខាន់ណាស់ក្នុងការលើកកម្ពស់ភាពប្រកួតប្រជែង និងការទាក់ទាញលំហូរវិនិយោគបន្ថែមចូលមកកម្ពុជា។ តែយ៉ាងណា អ្នកជំនាញរូបនេះ យល់ឃើញថា ការអភិវឌ្ឍន៍ជំនាញគួរតែគិតគូរឱ្យបានដល់គ្រប់វិស័យ ពិសេសក្នុងវិស័យកសិកម្មតែម្តង ដែលជាវិស័យនាំចេញដ៏សំខាន់របស់កម្ពុជា ប៉ុន្តែវិស័យនេះកំពុងប្រឈមនឹងបញ្ហាខ្វះខាតកម្លាំងពលកម្មជំនាញក្នុងការផលិត និងកែច្នៃសម្រាប់នាំចេញ ដ្បិតការនាំចេញកសិផលរបស់កម្ពុជា ភាគច្រើន សុទ្ធសឹងតែជាវត្ថុធាតុដើម។
បើតាម ឯកឧត្ដមបណ្ឌិត ផាន់ ផល្លា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB), ធនាគារពិភពលោក (World Bank) និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) គឺជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់កិច្ចសហការគាំទ្រទាំងផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុដល់មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) នៅកម្ពុជា សម្រាប់ពង្រឹងសមត្ថភាពរបស់អង្គភាពប្រតិបត្តិ SDF និងដៃគូ ព្រមទាំងពង្រីកវិសាលភាពនៃការជំរុញការអភិវឌ្ឍ មូលធនមនុស្សនៅកម្ពុជា ឱ្យកាន់តែទូលំទូលាយ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ។
គិតត្រឹមខែមិថុនា ឆ្នាំ២០២៥នេះ មូលនិធិអភិវឌ្ឍន៍ជំនាញ (SDF) បានផ្តល់ថវិកាបដិភាគដល់រោងចក្រ-សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល សមាគមធុរកិច្ច និងស្ថាប័ននានាសម្រាប់អនុវត្តគម្រោងបណ្តុះបណ្តាលជំនាញសរុបចំនួន១៩៣ ដែលមានថ្លៃបណ្តុះបណ្តាលសរុបប្រមាណជាង៣១លានដុល្លារ៕