រដ្ឋត្រៀមកញ្ចប់ថវិកាពិសេស៣៥លានដុល្លារ

រដ្ឋត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣៥លានដុល្លារ ដើម្បីជំរុញការអភិវឌ្ឍសហគមន៍កសិកម្មទំនើប


រាជរដ្ឋាភិបាលកម្ពុជាបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣៥លានដុល្លារ ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីអត្រាការប្រាក់ទាបដល់សហគគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំ ខណៈបច្ចុប្បន្នមានសហគមន៍កសិកម្មទំនើបចំនួន៦ទទួលបានទុនបង្វិលពីរាជរដ្ឋាភិបាលក្នុងទំហំទឹកប្រាក់ប្រមាណ១,៩លានដុល្លារ។ គិតមកទល់ពេលនេះមានសហគមន៍កសិកម្មទំនើបចំនួន១២ ត្រូវបានបង្កើត ខណៈរាជរដ្ឋាភិបាលគ្រោងបង្កើតចំនួន៥ បន្ថែមទៀតនៅត្រឹមដំណាច់ឆ្នាំ២០២៥ នេះ។
រដ្ឋត្រៀមកញ្ចប់ថវិកាពិសេស៣៥លានដុល្លារ

ថ្លែងក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភាលើកទី១នៅថ្ងៃទី៣ ខែមិថុនា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានត្រៀមកញ្ចប់ថវិកាពិសេសចំនួន៣៥លានដុល្លារបន្ថែមទៀត ដើម្បីគាំទ្រដល់ការផ្ដល់កម្ចីក្នុងអត្រាការប្រាក់ទាបដល់សហគគមន៍កសិកម្មទំនើបក្នុងរយៈពេល៣ឆ្នាំចាប់ពីឆ្នាំ២០២៥-២០២៧។ បើតាមការអះអាងរបស់សម្តេចធិបតី បច្ចុប្បន្នមានសហគមន៍កសិកម្មទំនើបចំនួន៦ទទួលបានប្រាក់កម្ចីពីរាជរដ្ឋាភិបាលក្នុងអត្រាការប្រាក់០,៧% ក្នុងមួយឆ្នាំសម្រាប់ធ្វើជាទុនបង្វិល ដោយមានទឹកប្រាក់សរុបប្រមាណ១,៩លានដុល្លារ។ ទន្ទឹមនេះ រាជរដ្ឋាភិបាលកំពុងពង្រីកការអភិវឌ្ឍសហគមន៍កសិកម្មទំនើបនៅតាមបណ្ដាខេត្តបន្ថែមទៀត ដែលគ្របដណ្ដប់លើដំណាំដែលមានសក្ដានុពលខ្ពស់ដូចជាស្វាយចន្ទី កៅស៊ូ និងទុរេនជាដើម។

បើតាមសម្តេចធិបតី គិតមកទល់ពេលនេះកម្ពុជាបង្កើតសហគមន៍កសិកម្មទំនើបបានចំនួន១២សហគមន៍ បន្ថែមលើសហគមន៍កសិកម្មដែលមានស្រាប់ចំនួន២,៦០១សហគមន៍ ហើយតាមផែនការណ៍សហគមន៍កសិកម្មទំនើបចំនួន៥បន្ថែមទៀត នឹងត្រូវបង្កើតឡើងនៅត្រឹមដំណាច់ឆ្នាំ២០២៥នេះ ដែលផ្ដោតលើដំណាំស្វាយចន្ទីចំនួន៣សហគមន៍ និងស្រូវចំនួន២សហគមន៍នៅក្នុងខេត្តសៀមរាប បន្ទាយមានជ័យ ឧត្ដរមានជ័យ និងបាត់ដំបង។ ជាមួយគ្នានេះ ដើម្បីរួមចំណែកជួយអភិវឌ្ឍន៍វិស័យកសិម្ម និងកសិឧស្សាហកម្មនៅកម្ពុជា រាជរដ្ឋាភិបាលគ្រោងបង្កើតសួនកសិឧស្សាហកម្មនៅក្នុងខេត្តចំនួន៣រួមមានខេត្តកំពង់ធំ បាត់ដំបង និងកំពង់ស្ពឺ សំដៅបង្កើតបរិយាកាសអំណោយផលដល់ការវិនិយោគកែច្នៃផលិតផលកសិកម្មបម្រើឱ្យការនាំចេញ។

គួរជម្រាបថា ការចូលរួមជាសមាជិកសហគមន៍កសិកម្មទំនើប ប្រជាកសិករនឹងទទួលបាននូវអត្ថប្រយោជន៍ជាច្រើនតាមរយៈការជួយការពារហានិភ័យ និងដោះស្រាយបញ្ហាប្រឈម បង្កើនសមត្ថភាពប្រកួតប្រជែងរបស់កសិករ កាត់បន្ថយថ្លៃធាតុចូល និងទទួលបានការគាំទ្រផ្នែកទីផ្សារ និងបច្ចេកទេស ពិសេសគឺការទទួលបានកម្ចីឥណទានក្នុងអត្រាការប្រាក់ទាបជាដើម៕

អត្ថបទ សោម ស្រីពេជ្រ និងរូបភាពឯកសារ




អត្ថបទបន្ទាប់


តើការលើកកម្ពស់ចំណេះដឹងលើជំនាញសម្រុះសម្រួលក្នុងសហគមន៍ រួមចំណែកសំខាន់អ្វីខ្លះក្នុងការដោះស្រាយបញ្ហាសង្គម?

ដោយមើលឃើញពីសារៈសំខាន់ នៃជំនាញសម្រុះសម្រួលក្នុងសហគមន៍ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (LOLC) បានរៀបចំវគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ង…

តើសមាជរដ្ឋសភា និងព្រឹទ្ធសភាអាចរួមចំណែកជួយដោះស្រាយបញ្ហាប្រឈម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា យ៉ាងណាដែរ?

សមាជរដ្ឋសភា និងព្រឹទ្ធសភា បានក្លាយជាវេទិកាប្រវត្តិសាស្ត្រមួយសម្រាប់កម្ពុជា ដោយបានផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ និងមន្ត្រីកំពូលៗមកពីព្រឹទ្ធសភា រដ្ឋស…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ