វិស័យ​​​ហិរញ្ញវត្ថុ

តើពលរដ្ឋគួរខ្ចីប្រាក់បន្ថែម ឬមានការថ្លឹងថ្លែងបែបណាក្នុងការប្រើប្រាស់ឥណទានក្នុងស្ថានភាពសេដ្ឋកិច្ចកំពុងស្ថិតក្នុងភាពមិនប្រាកដប្រជា?


ជាការពិតណាស់ ឥណទាន គឺជាឧបករណ៍ហិរញ្ញវត្ថុដ៏សំខាន់មួយសម្រាប់គាំទ្រដល់តម្រូវការហិរញ្ញវត្ថុរបស់ពលរដ្ឋ ក្នុងការកែលម្អជីវភាពរស់នៅ និងជំរុញការរីកចម្រើនអាជីវកម្ម ប្រសិន​បើការប្រើប្រាស់ឥណទាននោះធ្វើឡើងដោយការយល់ដឹង ចំគោលដៅ និងការទទួលខុសត្រូវ​។ គិតត្រឹមឆ្នាំ២០២៥ ពលរដ្ឋកម្ពុជា ប្រមាណ៥លាននាក់ កំពុងប្រើប្រាស់ឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងទំហំទឹកប្រាក់សរុបរហូតដល់ជាង៦២ពាន់លានដុល្លារអាម៉េរិក។
វិស័យ​​​ហិរញ្ញវត្ថុ
ដោយ

លោកបណ្ឌិត ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា បានចាត់ទុកភាពមិនប្រាកដប្រជាខ្ពស់ នៃសេដ្ឋកិច្ចសកលនាពេលនេះ គឺជាពេលវេលាដ៏លំបាកមួយសម្រាប់ពលរដ្ឋដែលកំពុងជាប់បំណុលជាមួយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។ ស្ថិតក្នុងស្ថានភាពនេះ អ្នកជំនាញរូបនេះ ណែនាំឱ្យពលរដ្ឋគួរមានការប្រុងប្រយ័ត្នខ្ពស់ និងគិតគូរឱ្យបានដិតដល់លើប្រាក់ចំណូល និងចំណាយប្រចាំខែរបស់ខ្លួន និងចៀសវាងការពង្រីកឥណទានបន្ថែម ដែលលើសពីសមត្ថភាពសង ដ្បិតបញ្ហាប្រឈមសកលបានបន្តកើតមានឡើងជាហូរហែរ ជាពិសេសឥទ្ធិពល នៃសង្រ្គាមនៅមជ្ឈិមបូព៌ា ដែលកំពុងបន្តអូសបន្លាយ និងគំរាមកំហែងដល់កំណើនអតិផរណាសកល។

ជាមួយគ្នានេះ លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិ នៃក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ ខេមបូឌា (CBC) យល់ឃើញថា នៅក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជាខ្ពស់នៃសេដ្ឋកិច្ចសកលនេះ ការបង្កើនឥណទានបន្ថែមសម្រាប់ប្រើប្រាស់ទៅលើគោលដៅដែលមិនផ្តល់ផលចំណេញហិរញ្ញវត្ថុត្រឡប់មកវិញ ពលរដ្ឋគួរតែពិចារណាឱ្យបានខ្ពស់ជាមុនសិន។ តែយ៉ាងណាលោកជឿជាក់ថា មុននឹងបង្កើនឥណទានបន្ថែម ពលរដ្ឋ ឬម្ចាស់អាជីវកម្មតែងតែគិតគូរថ្លឹងថ្លែងយ៉ាងច្បាស់លាស់ ដើម្បីចៀសវាងហានិភ័យ។

ដោយឡែក លោក សុខ វឿន ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមានការប្រែប្រួលក្តី តែឥណទាននៅតែជាឧបករណ៍ហិរញ្ញវត្ថុសំខាន់មួយសម្រាប់គាំទ្រដល់តម្រូវការរបស់អតិថិជន ក្នុងការកែលម្អជីវភាពរស់នៅ និងជំរុញការរីកចម្រើនអាជីវកម្ម ប្រសិនបើការប្រើប្រាស់ឥណទានធ្វើឡើងដោយការយល់ដឹង និងការទទួលខុសត្រូវ។ អ្នកជំនាញរូបនេះបានផ្តល់ជាគំនិតថា មុនខ្ចីឥណទានពលរដ្ឋគួរតែពិនិត្យវាយតម្លៃស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងគោលបំណង នៃការខ្ចីឱ្យបានច្បាស់លាស់ ដូចជាការវិនិយោគក្នុងអាជីវកម្ម ការខ្ចីដើម្បីបង្កើនផលិតភាព ឬការកែលម្អជីវភាពរស់នៅ ដែលអាចជួយបង្កើតតម្លៃ និងស្ថិរភាពហិរញ្ញវត្ថុក្នុងរយៈពេលវែង និងចៀសវាងការខ្ចីឥណទានដោយគ្មានគោលដៅ ឬសម្រាប់ការចំណាយដែលមិនចាំបាច់ និងលើសសមត្ថភាពសង។

ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រូបនេះ បានគូសបញ្ជាក់ថា ក្នុងករណីអតិថិជនមានការលំបាកណាមួយក្នុងការបង់សង សូមកុំស្ទាក់ស្ទើរទាក់ទងទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលខ្លួនបានខ្ចីប្រាក់ ដើម្បីពិភាក្សារកដំណោះស្រាយសមស្របទៅតាមលទ្ធភាពជាក់ស្តែង។ លោកសុខ វឿន បានសង្កត់ធ្ងន់ថា ពលរដ្ឋគួរចៀសវាងការខ្ចីប្រាក់ពីម្ចាស់កម្ចីមួយទៅបង់សងម្ចាស់កម្ចីផ្សេងទៀត ឬការខ្ចីប្រាក់ពីម្ចាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ខ្លាំង ដែលអាចបង្កហានិភ័យដល់ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន។ សរុបមកក្នុងកាលៈទេសៈសេដ្ឋកិច្ចមិនច្បាស់លាស់ ការបង្កើនឥណទានថ្មីមិនមែនជារឿងហាមឃាត់ឡើយ ប៉ុន្តែវាទាមទារនូវការគណនាឱ្យបានល្អិតល្អន់ជាងពេលណាៗទាំងអស់៕




អត្ថបទបន្ទាប់


តើកម្ពុជា អាចប្រឈមនឹងវិបត្តិសន្តិសុខស្បៀងដែរឬទេ ខណៈវិបត្តិតម្លៃប្រេងឥន្ធនៈសកលហក់ឡើងថ្លៃខ្ពស់?

​​ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានអះអាងថា ការហក់ឡើងខ្ពស់ នៃតម្លៃប្រេងឥន្ធនៈនាពេលបច្ចុប្បន្ន កំពុងដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរលើថ្លៃដើមផលិតកម្ម កសិកម្ម …

វិបត្តិប្រេងឡើងថ្លៃ! តើកម្ពុជា គួររៀបចំយុទ្ធសាស្ត្របែបណា ដើម្បីទប់ទល់នឹងការឡើងថ្លៃសំបុត្រយន្តហោះ?

ឥទ្ធិពល នៃភាពតានតឹងនៅតំបន់មជ្ឈិមបូព៌ាបានរុញច្រានឱ្យតម្លៃប្រេងហក់ឡើងខ្ពស់ ដែលជាហេតុធ្វើឱ្យក្រុមហ៊ុនអាកាសចរណ៍ចំនួន១៨ ក្នុងចំណោម៣៦ ដែលមានប្…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ