ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា កម្មវិធី CSX FUN RUN 2023 ដែលជាកម្មវិធីរត់ប្រណាំង ដើម្បីកុមារកម្ពុជា ត្រូវបានផ្តួចផ្តើមធ្វើឡើងដោយផ្សារមូលបត្រកម្ពុជា ហើយតាមរយៈការចូលរួមយ៉ាងច្រើនរបស់សាធារណៈក្នុងការរត់ ដើម្បីកុមារកម្ពុជានាពេលនេះ សបញ្ជាក់ឱ្យឃើញថា វិស័យមូលបត្រកម្ពុជាបច្ចុប្បន្នកាន់តែមានការរីកចម្រើន ពោលគឺមានសាធារណជន និងវិនិយោគិនកាន់តែច្រើនបានស្គាល់ផ្សារមូលបត្រកម្ពុជា។ សម្រាប់ថ្នាក់ដឹកនាំរូបនេះ កម្មវិធីនេះមិនមែនធ្វើឡើងសម្រាប់តែការអភិវឌ្ឍ ក៏ដូចជាទាក់ទាញសាធារណជនឱ្យស្គាល់ និងចូលរួមវិនិយោគក្នុងផ្សារហ៊ុននោះទេ តែផ្ទុយទៅវិញ គឺដើម្បីប្រមូលថវិកាជួយដល់កុមារកម្ពុជាផងដែរ។
ជាមួយគ្នានេះ ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជា បានគូសបញ្ជាក់ថា នេះជាលើកទី១ហើយសម្រាប់ផ្សារមូលបត្រកម្ពុជា ដែលបានបង្កើតកម្មវិធីនេះឡើង ដើម្បីលើកទឹកចិត្តឱ្យពលរដ្ឋកម្ពុជាចូលរួមក្នុងសកម្មភាពកីឡានិងលើកកម្ពស់សុខភាព ជាពិសេសដើម្បីកៀគរថវិកាសម្រាប់ចូលរួមជួយដល់មូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាបង្កើតវេទិកាជួបជុំសម្រាប់ពលរដ្ឋនិងអ្នកវិនិយោគភាគហ៊ុន។ ឯកឧត្តមរំពឹងថា តាមរយៈកម្មវិធីនេះ វានឹងជួយឱ្យអ្នកដែលមិនទាន់ស្គាល់ពីភាគហ៊ុនបានស្គាល់ពីផ្សារភាគហ៊ុនឱ្យកាន់តែច្បាស់ និងចូលរួមវិនិយោគក្នុងផ្សារភាគហ៊ុនផងដែរ។ មេផ្សារហ៊ុនរូបនេះបានប្រដូចការចូលរួមនៅក្នុងសកម្មភាពកីឡាដោយមានការបង់វិភាគទាន ប្រៀបបាននឹងការចូលរួមវិនិយោគលើភាគហ៊ុន និងការចូលរួមក្នុងសកម្មភាពជួយសង្គម។
ជាមួយគ្នានេះអ្នកចូលរួមរត់ក្នុងកម្មវិធីនេះ បានបង្ហាញអារម្មណ៍សប្បាយរីករាយយ៉ាងខ្លាំង និងបានចាត់ទុកព្រឹត្តិការណ៍រត់ប្រណាំង CSX Fun Run នេះ មិនត្រឹមតែជួយឱ្យពួកគេបានចូលរួមជួយដល់សង្គម និងកុមារកម្ពុជាប៉ុណ្ណោះទេ ថែមទាំងអាចជួយលើកកម្ពស់សុខភាពរបស់ពួកគេផងដែរ។
សូមជម្រាបថា នេះជាលើកទី១ហើយដែលផ្សារមូលបត្រកម្ពុជា បានបង្កើតកម្មវិធីរត់ ដើម្បីកុមារកម្ពុជា ចម្ងាយ៥គីឡូម៉ែត្រនេះឡើង ដែលមានអ្នកចូលរួមយ៉ាងច្រើនរហូតដល់ប្រមាណជាង៧០០នាក់ និង ប្រមូលថវិកាសរុបបានចំនួន៧,៧៧៧ដុល្លារផងដែរ សម្រាប់ប្រគល់ជូនដល់មូលនិធិគន្ធបុប្ផាកម្ពុជា៕