
សំណើប្រែក្លាយកាស៊ីណូឲ្យទៅជារីសតស្របច្បាប់ត្រូវបានរដ្ឋាភិបាលលោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា គ្រោងដាក់ស្នើសុំការអនុម័តពីសភានៅខែកក្កដា ខាងមុខនេះ បើទោះបីមានរលកប្រឆាំងនឹងផែនការនេះពីមហាជនក៏ដោយ។ នេះបើតាមការគូសបញ្ជាក់របស់អនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោក ជូឡាផុន អាមនវីវ៉ាត់ (Julapun Amornvivat) ដែលបានបន្ថែមថា មកដល់ពេលនេះរលកនៃការប្រឆាំងនឹងសំណើនេះ បានកើតឡើងជាថ្មី បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈ។
អ្នកវិភាគបានលើកឡើងថា ដោយសារវិស័យពាណិជ្ជកម្មរងការប្រឈមខ្លាំង ជាពិសេសបញ្ហាពន្ធបដិការរបស់សហរដ្ឋអាម៉េរិក វិស័យទេសចរណ៍ជាមុខព្រួយសំខាន់ ដើម្បីរក្សាជំហររឹងមាំនៃសេដ្ឋកិច្ច ដូច្នេះហើយបានជារដ្ឋាភិបាលថៃ ហាក់មានការតាំងចិត្តខ្ពស់ជាងមុនក្នុងការប្រែក្លាយកាស៊ីណូទៅជារីសតស្របច្បាប់។
សាស្ត្រាចារ្យផ្នែកសេដ្ឋកិច្ចលោក ឈីតាវ៉ាន់ ឆាណាគុល (Chittawan Chanagul) នៅសាកលវិទ្យាល័យ កាសេតសាត (Kasetsart) បានលើកឡើងថា រដ្ឋាភិបាលគួរតែស្វែងរកប្រភពចំណូលសេដ្ឋកិច្ចផ្សេង ជាជាងចំណូលបានមកពីសេវាកម្ម ឬអាជីវកម្មពណ៌ប្រផេះដូចជាកាស៊ីណូ ព្រោះគម្រោងនេះអាចនាំថៃ ឲ្យប្រឡូកប្រឡាក់ និងប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃ។ ទន្ទឹមនឹងនេះអ្នកជំនាញរូបនេះជំរុញឱ្យរដ្ឋាភិបាល ផ្តោតលើអាជីវកម្មស្របច្បាប់ពេញលេញ ដើម្បីជៀសវាងហានិភ័យធ្វើឱ្យប៉ះពាល់កេរ្តិ៍ឈ្មោះរបស់ប្រទេស៕
ដោយៈ សរ សុជាតិ