ការចេញមុខមកបកស្រាយពីខ្មៅ ទៅ ស របស់យោធោថៃនេះ បានធ្វើឡើងនៅមុនពេលដែល កិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន គ្រោងធ្វើឡើងនៅថ្ងៃទី ២២ ខែធ្នូ ដែលគេរំពឹងថា ព្រឹត្តិការណ៍នេះ អន្តរជាតិនឹងមានការចង្អុលមុខថៃ ចំពោះទង្វើឈ្លានពានដ៏អាក្រក់យង់ឃ្នងមកលើប្រទេសកម្ពុជា ពិសេសបានធ្វើឱ្យជនស៊ីវិលស្លូតត្រង់ជាច្រើននាក់បាត់បង់ជីវិត រងរបួស និងត្រូវរត់ភៀសសឹកចោលផ្ទះសម្បែងរាប់សែននាក់ ដោយសារតែការបាញ់ប្រហារមិនរើសគោលដៅរបស់យោធាថៃ។
ដោយឡែក នាយសេនាធិការនៃកងទ័ពជើកគោកភូមិន្ទថៃ លោក ឆាយយ៉ាងព្រឿក ឌួងប្រាផាត់ (Chaiyapruek Duangpraphat) ក៏បានចេញមកថ្លែងទាំងងងើលដែរថា ការវាយប្រហាររបស់យោធាថៃ មកលើកម្ពុជា គឺគ្រាន់តែដើម្បីបន្សាបការគម្រាមកំហែងរបស់យោធាកម្ពុជា និងដើម្បីការពារប្រជាជនថៃតែប៉ុណ្ណោះ និងមិនមានផែនការកាន់កាប់ប្រទេសកម្ពុជានោះទេ។
ប៉ុន្ដែ អ្នកជំនាញការអន្តរជាតិធំៗសុទ្ធតែបានមើលឃើញពីទង្វើស្មោគគ្រោក និងគ្មានមនុស្សធម៌របស់យោធាថៃ និងបានបើកបង្ហាញពីកន្ទុយល្បិចកលដ៏អាក្រក់របស់យោធាថៃ ក្នុងការវាយឈ្លានពានចង់ដណ្ដើមយកទឹកដីប្រទេសកម្ពុជា។ ជាក់ស្ដែង លោក Casey Barnett ប្រធានសភាពាណិជ្ជកម្មអាម៉េរិក ប្រចាំកម្ពុជា បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក នៅថ្ងៃទី ១៨ ខែធ្នូ ទាក់ទងនឹងទង្វើឈ្លានពានរបស់ប្រទេសថៃ មកលើប្រទេសកម្ពុជានាពេលថ្មីនេះ ដោយលោកបានតោងជាឧទាហរណ៍ជាក់ស្ដែងមកបញ្ជាក់ថា យោធាថៃកំពុងប្រើប្រាស់វិធីសាស្ត្រចាស់ ដែលធ្លាប់ប្រើកាលពីសម័យឆ្នាំ ១៩៤១ គឺចោទកម្ពុជាបាញ់ចូលដីថៃមុន ដើម្បីធ្វើជាលេសឈ្លានពាន និងត្របាក់យកទឹកដីកម្ពុជាមកគ្រប់គ្រង។
ទំនងជាបារម្ភខ្លាចចាញ់ប្រៀបការទូតកម្ពុជា នៅក្នុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរអាស៊ាន ដែលគ្រោងធ្វើនៅដើមសប្ដាហ៍ក្រោយនេះ នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ថៃ លោក អនុទីន បានបន្ទន់ជំហរជាងមុន និងបាននិយាយទទូចច្រើនដងនៅថ្ងៃទី ១៧ និង ១៨ខែធ្នូនេះ ឱ្យភាគីកម្ពុជាវិលចូលតុចរចា ខណៈកន្លងមក លោកអនុទីន ធ្លាប់និយាយក្ដែងៗថារឹងម៉ឺងតែម្តង ថាគ្មានការចរចាបទឈប់បាញ់អ្វីទាំងអស់ និងមិនឱ្យភាគីណាមួយលូកដៃអន្តរាគមន៍ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បាននោះឡើយ។
សូមបញ្ជាក់ថា កិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលគ្រោងធ្វើឡើងនៅប្រទេសម៉ាឡេស៊ី ត្រូវបានគេរំពឹងថា នឹងមានការបើកបង្ហាញអំពីរបាយការណ៍ដែលថតដោយផ្កាយរណបរបស់អាម៉េរិក អំពីបញ្ហាជម្លោះព្រំដែនកម្ពុជា និងថៃ ដើម្បីវែកមុខ ថាតើនរណាជាអ្នកបង្កហេតុ និងរំលោភបទឈប់បាញ់មុន។
លោក ដូណាល់ ត្រាំ ក៏បាននិងកំពុងតាមដានជម្លោះព្រំដែនកម្ពុជា និងថៃ យ៉ាងយកចិត្តទុកដាក់ដែរ ហើយលោកត្រាំបានអះអាងថា លោកនឹងអាចបញ្ចប់ជម្លោះនេះបាន ទោះការដោះស្រាយនៅមានជួបបញ្ហាបន្ដិចបន្តួចក្ដី។
ហើយថ្មីៗនេះដែរ សហភាពអឺរ៉ុប ក៏បានចេញមកអន្តរាគមន៍ ចំពោះជម្លោះព្រំដែនកម្ពុជា និងថៃដែរ ដោយកាលពីថ្ងៃទី ១៧ ខែធ្នូ លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ និងជាអនុប្រធានគណៈកម្មការអឺរ៉ុប បានអះអាងថា សហភាពអឺរ៉ុប អាចផ្ដល់ជូននូវរូបភាពពីផ្កាយរណប សម្រាប់ការឃ្លាំមើលបទឈប់បាញ់នៃជម្លោះព្រំដែនកម្ពុជា-ថៃ ហើយលោកស្រី ក៏បានទទូចឱ្យមានការដោះស្រាយបញ្ចប់ជម្លោះនេះ ឱ្យបានឆាប់បំផុត៕