បញ្ហាថាមពល

៥ចំណុចដែលអ្នកគួរដឹងជុំវិញ បញ្ហាកង្វះថាមពលកំពុង​កើតឡើងនៅក្នុងប្រទេសចិន?


ការបង្អាក់ការប្រើប្រាស់ និងផ្គត់ផ្គង់ថាមពលអគ្គិសនី នៅទូទាំងប្រទេសចិនកំពុងឈានទៅរាំងខ្ទប់សកម្មភាពផលិតកម្មរបស់ក្រុមហ៊ុន រោងចក្រ និងសហគ្រាស ដែលបង្កជាបញ្ហាប្រឈមដល់ខ្សែចង្វាក់ផលិតកម្ម និងផ្គត់ផ្គង់ ក៏ដូចជាកំពុងតែបន្ថែមហានិភ័យដល់កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់រួចមកហើយ ដោយសារតែវិបត្តិរបស់ក្រុមហ៊ុនអចលនទ្រព្យដ៏ធំមួយ។
៥ចំណុចដែលអ្នកគួរដឹងជុំវិញ បញ្ហាកង្វះថាមពលនៅក្នុងប្រទេសចិន?
ដោយ

មានកត្តាជាច្រើនរួមបញ្ចូលគ្នា ដែលឈានទៅដល់ការផ្តាច់ និងបង្អាក់ការផ្គត់ផ្គង់ចរន្តអគ្គិសនី ប៉ុន្តែមូលហេតុមួយដែលចំបងជាងគេ គឺការប្តេជ្ញាចិត្តការពារផ្នែកបរិស្ថាន ដែលធ្វើឡើងដោយប្រធានាធិបតីចិន លោកស៊ី ជីនពីង។

តាមរយៈ​ការដកស្រង់​ពី​គេហទំព័រ Nikkei ខេមបូណូមីស សូមបង្ហាញជូនលោកអ្នកនូវ ៥ចំណុចសំខាន់ៗ ដែលលោកអ្នកគួរដឹងជុំវិញទៅនឹងបញ្ហា​ថាមពលដែលកំពុងកើតឡើងនៅក្នុងប្រទេសចិន​នាពេលបច្ចុប្បន្ននេះ។

ទី១-អ្វីជាមូលហេតុដែលធ្វើឲ្យមានការកាត់ផ្តាច់ចរន្តអគ្គិសនីនៅប្រទេសចិន?

ក្រុងប៉េកាំងក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីសម្រេចឲ្យបាននូវការកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិកឲ្យបានមុនឆ្នាំ២០៣០ និងសម្រេចឲ្យបាន កម្មវត្ថុអព្យាក្រឹតកាបូន ឬកាត់បន្ថយ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ ឲ្យដល់កម្រិត សូន្យនៅឆ្នាំ២០៦០។ ប្រការនេះបានសេចក្តីថា វានឹងក្លាយជាការផ្លាស់ប្តូរដ៏ធំមួយ ដល់វិស័យថាមពលនៅក្នុងប្រទេសចិន ដោយសារតែថាមពលជាងពាក់កណ្តាលដែលផ្គង់ផ្គង់ប្រទេសចិន ត្រូវបានផលិតចេញពីធ្យូងថ្ម។ ថាមពលផលិតចេញពីធ្យូងថ្មនេះដែរ ជាថាមពលដែលបំផ្លាញដល់បរិស្ថានធ្ងន់ធ្ងរ។ ថាមពលធ្យូងថ្មជាអ្នកបង្កើតឲ្យមានឧស្ម័នផ្ទះកញ្ចក់ ប្រមាណ៤០ភាគរយនៃឧស្ម័នផ្ទះកញ្ចក់សរុបលើផែនដី។

បើយោងតាមអង្គការតាមដានឧស្ម័នកាបូនិក ដែលមានទីស្នាក់ការនៅប្រទេសអង់គ្លេស ៨០%នៃរោងចក្រប្រើធ្យូងថ្មនៅបរទេសជាការវិនិយោគរបស់ក្រុមហ៊ុនចិន ហើយចិន ក៏ជាប្រទេសបញ្ចេញឧស្ម័នកាបូនិកច្រើនជាងគេក្នុងពិភពលោកផងដែរ ពោលគឺ ២៩%នៃឧស្ម័នកាបូនិកសរុបដែលបញ្ចេញទៅក្នុងបរិយាកាសផែនដី។ ប្រការនេះហើយទើបសហគមន៍អន្តរជាតិ កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះការសន្យា និង កិច្ចខិតខំប្រឹងប្រែងរបស់ចិន ក្នុងការកាត់បន្ថយការប្រើប្រាស់ធ្យូងថ្ម។

បន្ថែមពីលើការប្រើប្រាស់ថាមពលចេញពីធ្យូងថ្មដ៏ច្រើនសន្ធឹកសន្ធាប់ រោងចក្រឧស្សាហកម្មក្នុងប្រទេសចិនភាគច្រើន បានប្រើប្រាស់ថាមពលអគ្គិសនីខ្ជះខ្ជាយ។ ជាក់ស្តែង នៅខែសីហា អាជ្ញាធរក្នុងខេត្តឧស្សាហកម្មចំនួន៣រួមមាន ខេត្តជាំងស៊ូ ហ្គ័ងតុង និង ហឺប៉ី បានចេញលិខិតព្រមានទៅរោងចក្រឧស្សាហកម្ម ពីការប្រើប្រាស់ថាមពលលើសអត្រាកំណត់របស់អាជ្ញាធរ។

កត្តាម្យ៉ាងទៀតដែលធ្វើឲ្យមានការកាត់ផ្តាច់ថាមពលដែរនោះគឺ តម្លៃធ្យូងថ្មបានហក់ឡើងខ្លាំងនៅមួយរយៈចុងក្រោយនេះ។

ទី២-នរណាខ្លះរងផលប៉ះពាល់ពីការកាត់ផ្តាច់នេះ?

ការកាត់ផ្តាច់ និងការទប់ស្កាត់ការប្រើប្រាស់ចរន្តអគ្គិសនី ត្រូវបានរាយការណ៍នៅក្នុងខេត្តនិងតំបន់យ៉ាងតិចចំនួន២០ នៅទូទាំងប្រទេសចិន។ នៅខេត្តជាំងស៊ូ ដែលជាមជ្ឈមណ្ឌលឧស្សាហកម្ម និង បច្ចេកវិទ្យារបស់ប្រទេសចិន មានក្រុមហ៊ុនផលិតមួយចំនួនត្រូវបានគេបញ្ជាឱ្យកាត់បន្ថយការប្រើប្រាស់ថាមពលរបស់ពួកគេ សម្រាប់ខែកញ្ញាចំនួនពី១០% ទៅ ៣០% តិចជាងកំរិតធម្មតា។

នៅខេត្តខ្វាងទុងដែលជាមជ្ឈមណ្ឌលសម្រាប់ផលិតរថយន្តនិងគ្រឿងអេឡិចត្រូនិកយ៉ាងហោចណាស់មានក្រុមហ៊ុនចំនួន ១៨០ បានរងផលប៉ះពាល់ដោយសារការទប់ស្កាត់ការប្រើប្រាស់អគ្គិសនី។ ចាប់តាំងពីពាក់កណ្តាលខែកញ្ញាមក ក្រុមហ៊ុនជាច្រើនត្រូវបានគេបញ្ជាឱ្យបញ្ឈប់ ឬកាត់បន្ថយការប្រើប្រាស់អគ្គិសនីឱ្យបាន ៥ថ្ងៃក្នុងមួយសប្តាហ៍។

ទី៣-បញ្ហានេះអាចប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់សកលដែរទេ?

ចម្លើយគឺអាច! ក្រុមហ៊ុនដែលនឹងរងផលប៉ះពាល់រួមមាន រោងចក្រសំខាន់ៗដែលផ្គត់ផ្គង់ឲ្យក្រុមហ៊ុនលំដាប់ពិភពលោកដូចជា Apple, Tesla និង Microsoft ជាដើម។ 

៤-តើបញ្ហានេះនឹងបន្តដល់ពេលណា?

មិនទាន់មានចម្លើយសម្រាប់សំណួរនេះទេ អ្វីៗគឺអាស្រ័យលើរដ្ឋអំណាចក្រុងប៉េកាំង ជាអ្នកសម្រេច សម្របសម្រួល និងដាក់ចេញវិធានការណ៍ដោះស្រាយ។ ប៉ុន្តែយើងត្រូវដឹងថា ចិនមិនទាន់អាចយកថាមពលអ្វីផ្សេងដូចជា សូឡាព្រះអាទិត្យ ឬទំទប់វារីអគ្គិសនី មកជំនួសថាមពលធ្យូងថ្មបានឡើយ ព្រោះថាមពលទាំងនោះរួមចំណែកតិចណាស់ និង មិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់នោះទេ។

ទី៥- ប្រការនេះនឹងប៉ះពាល់ដល់សេដ្ឋកិច្ចចិនដែរទេ?

ស្របពេលដែលសេដ្ឋកិច្ចចិន កំពុងស្ថិតក្នុងភាពមិនច្បាស់លាស់ ក្រោយក្រុមហ៊ុនអចលនទ្រព្យ Evergrande កំពុងស្ថិតក្នុងវិបត្តិហិរញ្ញវត្ថុ បញ្ហាថាមពលនេះអាចជាបន្ទុកមួយទៀតសម្រាប់ក្រុងប៉េកាំង និងអាចដាក់សម្ពាធថ្មីមួយទៀតសម្រាប់សេដ្ឋកិច្ចរបស់មហាអំណាចសេដ្ឋកិច្ចទី២ លើលោកមួយនេះផងដែរ។

យ៉ាងណាមិញ កាលពីពេលថ្មីៗនេះ ធនាគារពិភពលោកក្នុងរបាយការណ៍ថ្មីមួយរបស់ខ្លួន បានបន្តរក្សាការព្យាករណ៍កំណើនសេដ្ឋកិច្ចចិនក្នុងរង្វង់ ៨,៥%ដដែល លើកលែងតែប្រទេសរួមតំបន់ប៉ុណ្ណោះដែល World Bank បានព្យាករណ៍ទម្លាក់៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ទំហំពាណិជ្ជកម្មកម្ពុជា សម្រេចបានជាង ៥ពាន់លានដុល្លារ កើន១១% នៅ៨ខែឆ្នាំ២០២១

ព័ត៌មាន
នៅរយៈពេល​៨ខែ​ដំបូង ឆ្នាំ២០២១ ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ថៃ សម្រេចបានជាង ៥ពាន់លានដុល្លារអាមេរិក កើនឡើងប្រមាណ …

វៀតណាមមានអត្រាអ្នកគ្មានការងារធ្វើហក់ឡើងខ្ពស់ខ្លាំងនៅ ៩ខែឆ្នាំ ២០២១

ព័ត៌មាន
វិបត្តិ កូវីដ-១៩ បានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរស់នៅ ការងារ និងការប្រកបអាជីវកម្មរបស់ប្រជាជនវៀតណាម ជាក់ស្ដែង នៅ៩ខែឆ្នាំ២០២១នេះ អត្រាគ្មាន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ