បើតាមគេហទំព័រជាភាសាចិន My Drivers បានឱ្យដឹងថា នាយកប្រតិបត្តិក្រុមហ៊ុន Huawei លោក រីឆាដ យូ (Richard Yu) បានបញ្ជាក់ថា ទូរសព្ទអេក្រង់៣ដំបូងគេក្នុងពិភពលោកនេះនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ខាងមុខនេះនៅក្នុងទីក្រុងសៀងហៃ ប្រទេសចិន។
កន្លងមក គេក៏បានឃើញលោក Yu ប្រើទូរសព្ទអេក្រង់៣នេះជាសាធារណៈផងដែរ ប៉ុន្តែគេនៅមិនទាន់ស្គាល់ច្បាស់ថា តើឧបករណ៍ថ្មីនេះមានឈ្មោះអ្វីនោះទេ។ ទោះយ៉ាងណាក៏ដោយ គេបានសន្មតហៅថាឧបករណ៍ថ្មីនេះថា ជាទូរសព្ទអេក្រង់៣ មានទំហំ១០អ៊ីង ដែលអាចបត់បានដូចកុំព្យូទ័រឡេបថបអីចឹងដែរ។
អ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ គឺឧបករណ៍ថ្មីរបស់លោក Yu នេះមានរូបរាងស្តើងស្អាត ហើយឮគេនិយាយថា វាមានទម្ងន់ស្រាលល្មមអាចយកតាមខ្លួនបាន។ នៅមួយរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនចិនមួយចំនួនដូចជាក្រុមហ៊ុន Huawei និងក្រុមហ៊ុន Vivo ជាដើម បានជោគជ័យយ៉ាងខ្លាំងក្នុងការផលិតទូរសព្ទ ដែលអាចបត់បានមានរូបរាងស្តើងគួរឲ្យភ្ញាក់ផ្អើល។
ឥឡូវនេះ មនុស្សជាច្រើនគិតថា ពួកគេប្រហែលជាមិនអាចមានលទ្ធភាព ដើម្បីទិញវាយកប្រើនោះទេនៅពេលទូរសព្ទចម្លែកនេះត្រូវបានដាក់លក់នៅលើទីផ្សារនៅខែក្រោយនេះ ព្រោះមានពាក្យចចាមអារ៉ាមថា តម្លៃរបស់ឧបករណ៍ថ្មីនេះ គឺចាប់ពីចន្លោះជិត៣ពាន់ដុល្លារដល់ជិត ៥ពាន់ដុល្លារឯណោះ។ ជាការពិតណាស់ តម្លៃរបស់វាអាចប្រែប្រួលទៅតាមតំបន់ទីផ្សារ ប៉ុន្តែចន្លោះតម្លៃនេះ គឺជាតម្លៃមួយដែលទូរសព្ទអេក្រង់បីនេះនឹងត្រូវដាក់លក់នៅលើទីផ្សារ៕
អត្ថបទ៖ សុខ មង្គល