ទំហំសេដ្ឋកិច្ចឥណ្ឌា

ទំហំសេដ្ឋកិច្ចឥណ្ឌា ត្រូវបានព្យាករថា នឹងឈានដល់៧ទ្រីលានដុល្លារអាម៉េរិកនៅឆ្នាំ២០៣០


ឥណ្ឌា គឺជាប្រទេសមានសេដ្ឋកិច្ចធំបំផុតទី៥ របស់ពិភពលោកគិតមកទល់នឹងឆ្នាំ២០២៤ នេះ ហើយទំហំសេដ្ឋកិច្ច នៃប្រទេសប្រជាធិបតេយ្យ ដែលមានប្រជាជនច្រើនបំផុតរបស់ពិភពលោកមួយនេះនឹងឈានដល់៧ទ្រីលានដុល្លារអាម៉េរិក ក្រោយសម្រេចបានកំណើនមិនដែលក្រោម៧%ក្នុងពេល៣ឆ្នាំចុងក្រោយនេះ។ នេះបើយោងការចុះផ្សាយរបស់សារព័ត៌មាន Times of India។
ទំហំសេដ្ឋកិច្ចឥណ្ឌា
ដោយ

សេដ្ឋកិច្ចឥណ្ឌាត្រូវបានរំពឹងថា នឹងសម្រេចបានកំណើនខ្ពស់ក្នុងរង្វង់៧%ក្នុងឆ្នាំសារពើពន្ធ២០២៥ បន្ទាប់ពីសម្រេចបានកំណើនក្នុងរង្វង់លើស៧%ក្នុងឆ្នាំ២០២៣-២០២៤ ដែលជំរុញដោយតម្រូវការក្នុងស្រុក ទោះជាជួបបញ្ហាប្រឈមនានា និងស្ថានភាពមិនប្រាកដប្រជាក្នុងបរិយាកាសសេដ្ឋកិច្ចសកលយ៉ាងណាក្ដី។ នេះបើយោងតាមរបាយការណ៍ នៃកិច្ចប្រជុំពិនិត្យផ្ទៀងផ្ទាត់ស្ថានភាពសេដ្ឋកិច្ចមួយ ដែលធ្វើឡើងដោយឥណ្ឌា កាលពីពេលថ្មីៗនេះ។

របាយការណ៍នេះក៏បានលើកឡើងដែរថា ទំហំសេដ្ឋកិច្ចឥណ្ឌា អាចនឹងឈានដល់៧ទ្រីលានដុល្លារអាម៉េរិក នៅត្រឹមឆ្នាំ២០៣០ ហើយថា វានឹងក្លាយជាសមិទ្ធផលដ៏ធំធេងមួយក្នុងដំណើរឆ្ពោះទៅរកការផ្ដល់គុណភាពជីវិត និងស្តង់ដារនៃការរស់នៅ ដែលបំពេញបានតាមការរំពឹងទុក និងលើសការរំពឹងទុករបស់ពលរដ្ឋឥណ្ឌា។

លោក វី អាណាន់ថា ណាហ្គេស្វារ៉ាន់ (V Anantha Nageswaran) ប្រធានទីប្រឹក្សាសេដ្ឋកិច្ចនៅក្រសួងហិរញ្ញវត្ថុឥណ្ឌា បានលើកឡើងថា ប្រសិនបើឆ្នាំសារពើពន្ធ២០២៥ មានស្ថានភាពល្អប្រសើរដូចការរំពឹងទុក នោះវានឹងក្លាយជាឆ្នាំទី៤ ជាប់ៗគ្នាក្រោយវិបត្តិកូវីដ-១៩ ដែលសេដ្ឋកិច្ចឥណ្ឌាសម្រេចបានកំណើនក្នុងរង្វង់៧% ឬលើស៧% ហើយនោះនឹងក្លាយជាសមិទ្ធផលដ៏អស្ចារ្យមួយដែលឆ្លុះបញ្ចាំងពីភាពធន់ និងសក្ដានុពលនៃសេដ្ឋកិច្ចឥណ្ឌា។

ការិយាល័យជាតិស្ថិតិឥណ្ឌា ប៉ាន់ប្រមាណថា សេដ្ឋកិច្ចឥណ្ឌា នឹងសម្រេចបានកំណើន៧,៣%ក្នុងឆ្នាំ២០២៣-២០២៤ ខណៈធនាគារកណ្ដាលឥណ្ឌា បានព្យាករថា នឹងសម្រេចបានកំណើនក្នុងរង្វង់៧%។

របាយការណ៍ដដែលបង្ហាញថា ភាពរឹងមាំនៃតម្រូវការក្នុងស្រុកបានធ្វើឱ្យសេដ្ឋកិច្ចឥណ្ឌា សម្រេចបានកំណើនលើស៧% ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ។ កំណើនតម្រូវការក្នុងស្រុកដ៏រឹងមាំនេះ ជាពិសេសតម្រូវការប្រើប្រាស់ឯកជន និងការវិនិយោគនេះ គឺសម្រេចបានដោយសារតែការធ្វើកំណែទម្រង់ និងវិធានការនានាដែលរដ្ឋាភិបាលឥណ្ឌា បានអនុវត្តក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ។

របាយការណ៍ដដែលបង្ហាញថា ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទាំងរូបវ័ន្ត និងឌីជីថល និងវិធានការនានាដែលមានគោលដៅបង្កើនផលិតកម្ម បានរួមគ្នាផ្ដល់កម្លាំងជំរុញសកម្មភាពសេដ្ឋកិច្ចនៅក្នុងប្រទេសឥណ្ឌា៕

ដោយ: តែម សុខុម

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការទិញមាសទុករបស់ចិនកើនឡើង៣០% នៅឆ្នាំ២០២៣ ក្រោយព្រួយបារម្ភពីបញ្ហាសេដ្ឋកិច្ច

ព័ត៌មាន
របាយការណ៍និន្នាការតម្រូវការមាសឆ្នាំ២០២៣ របស់ក្រុមប្រឹក្សាមាសពិភពលោកបានបង្ហាញថា ការទិញមាសស្តុកទុករបស់ប្រទេសចិន ដែលជាមហាសេដ្ឋកិច្ចធំបំផុត…

ក្រុមហ៊ុនអាកាសចរណ៍ឡាវបង្កើនគោលដៅហោះហើរថ្មីនៅក្នុងតំបន់ រួមទាំងកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុនឡាវ អ៊ែឡាញ ដែលជាក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ឡាវ បានបង្កើនជើងហោះហើរថ្មីមកកាន់គោលដៅនៅក្នុងតំបន់រួមទាំងកម្ពុជា។ គោលដៅហោះហើរថ្មី…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ